Trump ផ្ដល់​អនុសាសន៍​​៖ ​ចាក់​ពន្លឺ​ ឬ​ថ្នាំ​សម្អាត​មេរោគ​ទៅ​ក្នុង​រាង​កាយ​ ដើម្បី​ព្យាបាល​COVID-19

Trump ផ្ដល់​អនុសាសន៍​​៖ ​ចាក់​ពន្លឺ​ ឬ​ថ្នាំ​សម្អាត​មេរោគ​ដើម្បី​ព្យាបាល​COVID-19

ការ​ចាក់ថ្នាំ​សម្អាត​​មេរោគ​ទៅ​ក្នុង​រាងកាយ​អ្នក​ជំងឺ​ អាច​សម្លាប់​COVID-19បាន ប៉ុន្តែ​ក្រុមអ្នក​ជំនាញ​ផ្នែក​សុខាភិបាល​​យល់​ថា គំនិត​នេះ​ “គ្រោះ​ថ្នាក់​​ណាស់​”។

“ខ្ញុំ​ឃើញ​ថា សារធាតុ​​រម្ងាប់​​មេរោគ អាច​សម្លាប់​វីរុស​ដោយ​ប្រើ​ពេល​ត្រឹម​តែ​1នាទី​ គឺ​1​នាទី​តែ​ប៉ុណ្ណោះ​។ ហើយ​ថា​ តើ​មាន​វិធី​ណា​ដែល​យើង​អាច​ធ្វើ​បែប​នេះ​បាន​ ដោយ​ការ​ចាក់​បញ្ចូល​វា​ទៅ​ក្នុង​រាង​កាយ​ ឬ​ក៏​មាន​វិធីណា​មួយ​ដែល​អាច​សម្លាប់​វា​បាន​ដែរ​ទេ?” ប្រធានាធិបតី​ Donald Trump ថ្លែង​បែប​នេះ​នៅ​ក្នុង​សន្និ​សីទ​សារ​ព័ត៌មាន​មួយ​នៅ​សេត​វិមាន​កាលពី​ថ្ងៃទី​23​មេសា​។ ប៉ុន្តែ លោក Trump មិន​បាន​លើក​ឡើង​អំពី​ឈ្មោះ​ថ្នាំ​ណាមួយ​នោះ​ទេ​។

លោក Trump យល់​ថា COVID-19 វាយ​លុក​ចូលទៅ​ក្នុង​សួត​ដោយ​ចំនួន​ដ៏ច្រើន​ ដូច្នេះ​លោក​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​គំនិត​មួយ​ នោះ​គឺ​ ការ​ប្រើ​ប្រាស់​សារ​ធាតុ​សម្អាត​មេរោគ​។ លោក Trump ថ្លែង​ថា “យើង​ទាំង​អស់​គ្នា​នឹង​ត្រូវ​ពឹង​លើ​ក្រុម​គ្រូពេទ្យ​ ប៉ុន្តែ​ប្រការ​នេះ​ចំពោះ​ខ្ញុំ​ គឺ​ពិត​ជា​គួរ​ឱ្យ​ចាប់​អារម្មណ៍​”។

មន្ត្រី​សុខាភិបាល​ជាន់​ខ្ពស់​ម្នាក់​បាន​ឱ្យ​ដឹង​បន្ទាប់​ពី​ប្រសាសន៍​របស់​លោក​ Trump ថា បន្ទប់​ពិសោធន៍​​នានា​របស់​សហរដ្ឋ​អាមេរិក កំពុង​តែ​ពិនិត្យ​ និង​អភិវឌ្ឍ​វិធី​សាស្ត្រ​ព្យាបាល​ COVID-19 ដោយ​ប្រើ​សារ​ធាតុ​សម្អាត​​មេរោគ​នេះ​។

យោបល់​របស់​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​នេះ ត្រូវ​បាន​លើក​ឡើង​បន្ទាប់​ពី Bill Bryan ដែល​ជា​មន្ត្រី​ក្រសួង​សន្តិ​សុខ​ផ្ទៃ​ក្នុង​ បាន​រាយ​ការណ៍​អំពី​ការ​ពិសោធ​ដែល​ក្រុម​នេះ​បាន​ធ្វើ​ឡើង​ ដែល​លទ្ធ​ផល​បង្ហាញ​ថា COVID-19 មិន​អាច​រស់​បាន​យូរ​នៅក្នង​បរិយាកាស​ក្ដៅនិង​​សើមនោះ​ឡើយ។ ការ​ដែល​លោក Bryan ​ថ្លែង​ថា “មេរោគ​នេះ​ងាប់​យ៉ាង​លឿន​នៅ​ក្រោម​ពន្លឺ​ថ្ងៃ​” ធ្វើ​ឱ្យ​លោក​ Trump សួរ​ខ្លួន​​ឯង​ថា តើ​គេ​អាច​នាំ​យក​ពន្លឺ​​​ “ចាក់​បញ្ចូល​​​ទៅក្នុង​រាង​កាយ​” ដើម្បី​សម្លាប់​វីរុស​នេះ​ដែរ​​ ឬ​អត់​?

ឆ្លើយ​តប​បន្ថែម​ទៅ​នឹង​សំណួរ​របស់​អ្នកយក​ព័ត៌មាន លោក Bryan និយាយ​ថា បើ​មាន​តែ​កម្ដៅ និង​សំណើម​ នោះ​នឹង​មិន​អាច​សម្លាប់​ COVID-19 បាន​ទេ បើ​សិនជា​​អ្នក​រាល់​គ្នា​មិន​បន្ត​គោរព​វិធាន​ការ​បម្រាម​គោចរ​ និង​វិធាន​ការ​ផ្សេង​ៗ​។

ក្រុម​អ្នកជំនាញ​ខាង​សុខាភិបាល​នៅ​សហរដ្ឋ​អាមេរិក​ ក្នុង​នោះ​មាន​ Vin Gupta ដែលជា​វេជ្ជ​បណ្ឌិត​ឯក​ទេស​ខាងជំងឺ​​សួត​ អ្នក​ជំនាញ​ផ្នែកខាង​​គោល​នយោបាយ​សុខាភិបាល​សកល បាន​ច្រាន​ចោល​ “អនុសាសន៍​មិន​សម​ស្រប​” របស់​ប្រធានាធិបតី​អាមេរិកាំង​។ Gupta បាន​ថ្លែង​ថា “គំនិត​ស្ដី​អំពី​ការ​ចាក់​បញ្ចូល​ ឬ​លេប​ផលិត​ផល​អ្វី​មួយ​ទៅ​ក្នុង​រាងកាយ​ដើម្បី​សម្អាត​មេរោគ​ គឺជារឿង​ដែល​មិន​អាច​ទៅ​រួច​ និងប្រកប​ដោយ​គ្រោះ​ថ្នាក់​។ នោះ​គឺជា​វិធី​ដែល​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ច្រើន​ នៅ​ពេល​ពួក​គេ​ចង់សម្លាប់​ខ្លួន​”។

លោក​ Trump កន្លង​មក​ធ្លាប់​បាន​សរសើរ​ចំពោះ​វិធី​ព្យាបាល​អ្នក​ជំងឺ​COVID-19 ដែល​មិន​ទាន់​ត្រូវ​បាន​ត្រួត​ពិនិត្យ​ នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មានស្ដី​អំពី​ COVID-19។ លោក​ធ្លាប់​គាំទ្រ​ឱ្យ​ប្រើ​ថ្នាំ​ព្យាបាល​ជំងឺ​គ្រុន​ចាញ់​ hydroxychloroquine ដើម្បី​ព្យាបាល​ COVID-19 ហើយ​លោក​ Trump ថែម​ទាំង​បាន​សរសើរ​ថា​ នេះ​អាចជា​ “​អំណោយ​របស់​ព្រះ​” ទៀត​ផង​។ ក៏ប៉ុន្តែ ក្រុម​មន្ត្រី​សុខាភិបាល​បាន​ព្រមាន​អំពី​ការ​ប្រើ​ប្រាស់​ថ្នាំ​នេះ​​សម្រាប់​​ព្យាបាល​​COVID-19។

បុរស​ម្នាក់​រស់នៅ​ក្នុង​រដ្ឋ Arizona នៃ​សហរដ្ឋ​អាមេរិក​ កាល​ពី​ខែ​មីនា​បាន​បាត់​បង់ជីវិត​ បន្ទាប់​​ពី​លេប​ថ្នាំ​ chloroquine phosphate ព្រោះ​តែ​ជឿ​ថា វា​ជួយឱ្យ​គាត់ទប់​ស្កាត់​ COVID-19។ ប្រពន្ធ​របស់​បុរស​ដែល​បាន​ស្លាប់​ខាង​លើ​នេះ​ បាន​ប្រាប់​ NBC News ថា អ្នក​ស្រី​ធ្លាប់​បាន​មើល​កម្មវិធី​ទូរទស្សន៍​មួយ​ ក្នុង​នោះ​មាន​ប្រធានាធិបតី​ Donald Trump បាន​និយាយ​អំពី​អត្ថ​ប្រយោជន៍​​នានា​របស់​ថ្នាំ chloroquine​នេះ​។

ពិភពលោក​ទាំង​មូល បច្ចុប្បន្ន​មាន​ប្រទេស​ និង​ដែន​ដី​ចំនួន​210​ហើយ​ ដែល​មាន​វត្តមាន​របស់​COVID-19។ វីរុស​នេះ​ បាន​បណ្ដាល​ឱ្យ​មនុស្ស ​2,725,920​នាក់​កើត​រោគ​ ក្នុង​នោះ​មាន​191,061​នាក់​បាន​ស្លាប់​។ ចំណែក​នៅ​សហរដ្ឋ​អាមេរិកវិញ មាន​អ្នកជំងឺ​សរុប​​ 886,709​នាក់ ក្នុងនោះ​មាន​អ្នក​ស្លាប់​ 50,243​នាក់​ ខណៈ​អ្នក​ដែល​បាន​ជា​សះស្បើយ​ មាន​ចំនួន​ 85,922​នាក់​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement