WHO ដាស់តឿនពិភពលោក៖ កុំប្រហែស! ព្រោះ កូវីដ-19 នៅជាមួយយើងយូរតទៅទៀត…

WHO ដាស់តឿនពិភពលោក៖ កុំប្រហែស! ព្រោះ កូវីដ-19 នៅជាមួយយើងយូរតទៅទៀត...

ខណៈដែលប្រទេសជាច្រើនកំពុងស្ថិតក្នុងអំឡុងពេលបន្ធូរបន្ថយវិធានការបិទប្រទេស ដើម្បីកាត់បន្ថយផលប៉ះពាល់ខាងសេដ្ឋកិច្ច ដែលបណ្ដាលមកពីការឆ្លងរាលដាលរបស់វីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19 នោះ លោក ថេដ្រូស អាត់ហាណូម គីប្រ៊ីយេស៊ុស ប្រធានអង្គការសុខភាពពិភពលោក ឬ WHO បានចេញមកដាស់តឿនប្រទេសនានាថា ចូរកុំធ្វើអ្វីខុសឆ្គងឱ្យសោះ ព្រោះនៅមានដំណើរផ្លូវវែងឆ្ងាយតទៅទៀត ដែលត្រូវដើរ ហើយវីរុសកូវីដ-19 នឹងនៅជាមួយយើងយូរតទៅទៀត។

លោក គីប្រ៊ីយេស៊ុស ថ្លែងថា “ប្រទេសភាគច្រើន នៅតែកំពុងស្ថិតក្នុងដំណាក់កាលដំបូងនៃការឆ្លងរាលដាលប៉ុណ្ណោះ ខណៈដែលប្រទេស ដែលមានការឆ្លងរាលដាលតាំងពីដំបូងៗនោះ ខណៈនេះ ក៏កំពុងរកឃើញការឆ្លងរាលដាលថ្មីៗកើតឡើងដូចគ្នា..”

លោកប្រធានអង្គការ WHO បានសម្ដែងក្ដីកង្វល់ពាក់ព័ន្ធនឹងសញ្ញានៃការកើនឡើងក្នុងការឆ្លងរាលដាលដ៏ធំមួយនៅក្នុងផ្លែកខ្លះរបស់ទ្វីបអាហ្វ្រិក ខណៈដែលការឆ្លងរាលដាលនៅក្នុងអឺរ៉ុបខាងលិច មើលទៅហាក់ដូចជាកំពុងស្ថិតក្នុងសភាវស្មើ និងថយចុះជាបណ្ដើរៗហើយ។

លោក គីប្រ៊ីយេស៊ុស បានដាស់តឿនថា នៅតែមានចន្លោះប្រហោងជាច្រើនទៀត ក្នុងការដាក់វិធានការដើម្បីការពារការឆ្លងរាលដាលរបស់មេរោគវីរុសកូវីដ-19 ទូទាំងពិភពលោក និងគ្មានប្រទេសណាមួយក្នុងពិភពលោក មានភាពត្រៀមខ្លួនរួចជាស្រេចគ្រប់យ៉ាងឡើយ។ ប្រទេសនានាចាំបាច់ត្រូវចំណាយប្រាក់ពាក់ព័ន្ធនឹងការត្រៀមខ្លួនឱ្យរួចជាស្រេច ព្រោះក្នុងខណៈពេលនេះ មានត្រឹមតែ 76% ប៉ុណ្ណោះ ដែលមានប្រព័ន្ធតាមដានដែលអាចត្រួតពិនិត្យរកអ្នកឆ្លងមេរោគបាន។

ស្ថិតក្រោមពាក្យរិះគន់ថា WHO ឆ្លើយតបនឹងការឆ្លងរាលដាលរបស់មេរោគកូវីដ-19 មិនបានល្អគ្រប់គ្រាន់នោះ លោកគីប្រ៊ីយេស៊ុស នៅតែអះអាងថា ការប្រកាសសភាវអាសន្នកម្រិតពិភពលោក ដែលជាការប្រកាសកម្រិតខ្ពស់បំផុតរបស់អង្គការមួយនេះកាលពីថ្ងៃទី30 មករាកន្លងទៅ គឺជាពេលវេលាដែលសមរម្យហើយ និងស្ថិតក្នុងអំឡុងពេលដែលពិភពលោកមានពេលវេលាល្មមគ្រប់គ្រាន់ សម្រាប់ទប់ទល់នឹងស្ថានការណ៍ទាំងនោះ ដោយខណៈនោះ មានអ្នកឆ្លងមេរោគកូវីដ-19 នៅក្រៅប្រទេសចិន មានត្រឹមតែ 82នាក់ប៉ុណ្ណោះ។

ចំណែកលោក ម៉ៃក៏ រ៉ៃអាន់ អ្នកជំនាញការរបស់អង្គការ WHO បានដាស់តឿនថា ការបើកដំណើរការទេសចរណ៍លឿនជ្រុលពេក ត្រូវមានការគ្រប់គ្រងចាត់ការភាពប្រថុយប្រថានយ៉ាងប្រុងប្រយ័ត្ន ព្រោះខណៈពេលនេះ ក្នុងតំបន់ខ្លះរបស់ទ្វីបអាហ្វ្រិក ដូចជា សូម៉ាលី ជាដើម បានរកឃើញការកើនឡើងនៃអ្នកឆ្លងមេរោគដល់ទៅជិត 300% ក្នុងអំឡុងសប្ដាហ៍កន្លងទៅ ដែលការណ៍នេះបានបង្ហាញឱ្យឃើញថា ស្ថានការណ៍ការឆ្លងរាលដាលធំនៅក្នុងទ្វីបអាហ្វ្រិក ទើបតែចាប់ផ្ដើមប៉ុណ្ណោះ៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement