កូរ៉េខាង​ត្បូង​អះអាង​ថា​ អ្នក​វិជ្ជ​មាន​ឡើង​វិញ​ជាមួយ​COVID-19 នឹង​មិន​អាច​ចម្លង​ទៅ​អ្នក​ផ្សេង​បាន​ឡើយ

កូរ៉េខាង​ត្បូង​អះអាង​ថា​ អ្នក​វិជ្ជ​មាន​ឡើង​វិញ​ជាមួយ​COVID-19 នឹង​មិន​អាច​ចម្លង​ទៅ​អ្នក​ផ្សេង​បាន​ឡើយ

ក្រុម​អ្នកជំនាញ​ផ្នែក​សុខាភិបាល​កូរ៉េខាង​ត្បូង​បាន​បញ្ជាក់ថា​ អ្នក​ជំងឺ​កូរ៉ូណា​មួយ​ចំនួន​នៅ​កូរ៉េខាង​ត្បូង​ ​វិជ្ជ​មាន​ជាមួយ​វីរុស​COVID-19នេះ​ឡើង​វិញ ប៉ុន្តែ​មិន​មាន​លទ្ធ​ភាព​ចម្លង​ទៅ​​អ្នក​ដទៃ​នោះ​ទេ។

ប្រធាន​មជ្ឈមណ្ឌល​គ្រប់​គ្រង​ និង​ទប់ស្កាត់​ជំងឺ​​ឆ្លង​របស់​កូរ៉េខាង​ត្បូង​ KCDC (Korea Centers for Disease Control and Prevention) បណ្ឌិត​ Jung Eun-kyeong បានថ្លែង​​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​កាល​ពីថ្ងៃទី​22​មេសា​ ​ឱ្យ​ដឹង​ថា អ្នក​ជំងឺ​COVID-19មួយ​ចំនួនដែល​បាន​ជា​សះ​ស្បើយ​​របស់​ប្រទេស​នេះ បាន​កើត​ជំងឺ​នេះ​ជា​ថ្មី​ ប៉ុន្តែ មិន​មាន​លទ្ធ​ភាព​ក្នុងការ​ចម្លង​មេរោគ​ទៅ​អ្នក​ដទៃ​នោះ​ឡើយ​។

KCDC បាន​ធ្វើ​ការ​វិភាគ​ទៅ​លើ​អ្នក​ជំងឺ​25​នាក់​ដែល​បាន​ជាពី​ជំងឺ​ដើម្បី​ស្វែង​យល់​ថា​តើ​ពួក​គេ​នៅ​មានផ្ទុក​​វីរុស​COVID-19នេះ​ដែរ​ ឬ​អត់​។ អ្នក​ទាំង​នេះ សុទ្ធ​តែ​មាន​អង្គ​បដិប្រាណ​​ទប់​ទល់​នឹង​ COVID-19 ក៏ប៉ុន្តែ 12​នាក់​ក្នុង​ចំណោម​25​នាក់​ខាង​លើ បាន​បង្ហាញ​លទ្ធ​ផល​វិជ្ជមាន​ជាមួយ​នឹង​វីរុស​នេះ​ម្ដង​ទៀត​។

“បញ្ហា​នេះ​អាស្រ័យ​ទៅ​លើ​អ្នក​ជំងឺ​ម្នាក់​ៗ ដែល​អាច​ធ្វើ​ឱ្យ​វីរុស​នេះ​​ស្ថិត​នៅ​ក្នុង​រាងកាយ​បាន​យូរ​ដោយ​មិន​អាច​បណ្ដេញ​ពី​រាង​កាយ​ឱ្យ​អស់​ សូម្បី​តែ​នៅ​ពេល​រាង​កាយ​បាន​​បង្កើត​​អង្គ​បដិប្រាណរួច​ហើយ​។ ការ​សិក្សា​ស្រាវ​ជ្រាវ​​បន្ថែម​កំពុង​ត្រូវ​បាន​ធ្វើ​ឡើង​”។ នេះ​បើ​តាម​សម្ដី​របស់​លោក​Jung Eun-kyeong​។

កូរ៉េខាង​ត្បូង​ ព្រឹក​នេះ​បាន​រាយការណ៍​ថា មាន​អ្នកជំងឺ​ថ្មី​8​នាក់​បន្ថែម​ទៀត​ ធ្វើ​ឱ្យ​អ្នក​ជំងឺ​សរុប​នៅ​ប្រទេស​នេះ​កើន​ដល់​10,702​នាក់​។ ក្នុងចំណោម​អ្នកជំងឺ​ថ្មី ក៏មាន​4​នាក់​ជា​អ្នក​ជំងឺ​នាំ​ចូល​ ដែល​មក​ទល់​នឹង​ពេល​នេះ​ កូរ៉េខាង​ត្បូង​មាន​អ្នកជំងឺ​នាំ​ចូល​សរុប​1,021​នាក់​។ ប្រទេស​នេះ​មាន​អ្នក​ស្លាប់​ដោយ​សារ​វីរុស​កូរ៉ូណា​ចំនួន​240​នាក់​ ខណៈ​អ្នក​ជំងឺ​បាន​ជាសះ​ស្បើយ​មាន​ចំនួន​8,411​នាក់​ ក្នុង​នោះ​មាន​134​នាក់​ទើប​តែ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចេញ​ពី​មន្ទីរ​ពេទ្យ​។

គិត​មក​ដល់​បច្ចុប្បន្ន ពិភពលោក​ទាំង​មូល​មាន​ប្រទេស​ និង​ដែន​ដី​ចំនួន​210​ហើយ​ ដែល​មាន​វត្តមាន​របស់​វីរុស​COVID-19 បណ្ដាល​ឱ្យ​មនុស្ស​ជាង​2.6​លាន​នាក់​បាន​ឆ្លង​មេរោគ និង​ជាង​184,000​នាក់​បាន​បាត់​បង់​ជីវិត​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement