COVID-19! សហរដ្ឋ​អាមេរិក​ស្នើ​ចិន​អនុញ្ញាត​ឱ្យ​អ្នក​ត្រួត​ពិនិត្យ​អន្តរ​ជាតិ​ ចូល​មើល​បន្ទប់​ពិសោធន៍​

COVID-19! សហរដ្ឋ​អាមេរិក​ស្នើ​ចិន​អនុញ្ញាត​ឱ្យ​អ្នក​ត្រួត​ពិនិត្យ​អន្តរ​ជាតិ​ ចូល​មើល​បន្ទប់​ពិសោធន៍​
រដ្ឋ​មន្ត្រី​ការបរទេសសហ​រដ្ឋ​អាមេរិក​ លោក​​ Mike Pompeo

រដ្ឋ​មន្ត្រី​ការ​​បរទេស​អាមេរិកាំង​ លោក Pompeo កាល​ពីថ្ងៃទី​22​មេសា​ បាន​ជំរុញ​ឱ្យ​ប្រទេស​ចិន​ អនុញ្ញាត​ឱ្យ​​ក្រុម​អ្នក​ត្រួត​ពិនិត្យ​ចូល​ទៅ​កាន់​បន្ទប់​ពិសោធន៍​សម្ងាត់​​របស់​ប្រទេស​នេះ​ ដោយ​លោក​បាន​សម្ដែង​​ការ​ព្រួយ​បារម្ភ​អំពី​កម្រិត​សុវត្ថិ​ភាព​របស់​បន្ទប់​ពិសោធន៍​ទាំង​នោះ​ នៅ​​ក្នុង​ករណី​ COVID-19។

“​បណ្ដា​បន្ទប់​ពិសោធន៍​បែប​នេះ នៅ​តែ​បន្ត​បើក​ដំណើរ​ការ​នៅ​ប្រទេស​ចិន​ ហើយ​ពួក​វា​អាច​មាន​មេរោគ​ដ៏ស្មុគ​ស្មាញ​កំពុង​ត្រូវ​បាន​ពិសោធ។ មិន​មែន​មាន​តែ​វិទ្យា​ស្ថាន​វីរុស​សាស្ត្រ​មួយ​នៅ​អ៊ូហាន​នោះ​ទេ​។ ប្រការ​ដែល​សំខាន់​គឺ​ថា សម្ភារ​ទាំង​នោះ​​ត្រូវ​តែ​មាន​សុវត្ថិ​ភាព​ និង​ធានា​ឱ្យ​បាន​ត្រឹម​ត្រូវ​ ដើម្បី​កុំឱ្យ​កើត​មាន​បញ្ហា​សាយ​ភាយ​មេរោគ​ដោយ​សារ​គ្រោះ​ថ្នាក់​ផ្សេង​ៗ​” នេះ​បើ​តាម​រដ្ឋ​មន្ត្រី​ការបរទេស​ Mike Pompeo ថ្លែង​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​កាលពី​ថ្ងៃទី​22​មេសា​ នៅក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​។

លោក​ Pompeo បាន​លើក​ឧទាហរណ៍​អំពី​សកម្ម​ភាព​ត្រួត​ពិនិត្យ​​ទៅលើ​មជ្ឈ​មណ្ឌល​នុយក្លេអែរ​នានា​នៅ​លើ​ពិភពលោក​ ដើម្បី​ធានា​សុវត្ថិភាព​។​ រដ្ឋ​មន្ត្រី​រូប​នេះ​ក៏បាន​ថ្លែង​ថា មិន​រំលង​ចោល​លទ្ធ​ភាព​ដែលថា​​ COVID-19 រួច​​ចេញ​​ពី​បន្ទប់​ពិសោធន៍​នៅ​ទីក្រុង​អ៊ូហាន​ ជា​សម្មតិ​កម្ម​មួយ​ដែល​ធ្លាប់​ត្រូវ​បាន​ប្រទេស​ចិន​បដិសេធ​រួច​ហើយ​។

លោក​ Pompeo និយាយ​ថា “យើង​នៅ​តែ​មិន​ទាន់​ទទួល​បាន​សំណាក​វីរុស​ ហើយ​ពិភពលោក​ក៏​មិន​មាន​សិទ្ធិ​ចូល​ទៅ​កាន់​មជ្ឈ​មណ្ឌល​ ឬ​បន្ទប់​ពិសោធន៍​​ផ្សេង​ៗ​ ​ជា​កន្លែង​ដែល​​វីរុសអាច​​រួច​ចេញ​នៅ​ទីក្រុង​អ៊ូហាន​”។

អ្នក​ជំនាញ​មួយ​ចំនួន​របស់​ប្រទេស​ចិន​បាន​និយាយ​ថា COVID-19 ​អាច​ចាប់​ផ្ដើម​ឆ្លង​រាល​ដាល​ចេញ​ពី​ផ្សារ​លក់​សត្វ​រស់​មួយ​កន្លែង​នៅ​ទីក្រុង​អ៊ូហាន​កាល​ពីខែ​ធ្នូ ឆ្នាំ​2019។ ប៉ុន្តែ បន្ទប់​ពិសោធន៍ដ៏សម្ងាត់​មួយ​​ស្ថិត​នៅ​ក្បែរ​តំបន់​ផ្សារ​ខាង​លើ​ បាន​ធ្វើ​ឱ្យ​មាន​សំណួរ​ជា​ច្រើន​ទាក់​ទិន​នឹង​ប្រភព​របស់​វីរុស​នេះ​។ ទន្ទឹម​នឹង​នេះ ក្រុម​មន្ត្រីជាន់​ខ្ពស់​របស់​​សហ​រដ្ឋ​អាមេរិក​​ជា​ច្រើន​ ​បាន​លើក​ឡើង​អំពី​សម្មតិ​កម្ម​មួយ​ដែល​​ថា​វីរុស​នេះ​អាច​រួច​ចេញ​ពី​បន្ទប់​ពិសោធន៍​មួយ​នេះ​។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ មាន​មតិ​​រិះគន់​ជា​ច្រើន​សំដៅ​លើ​ប្រធានាធិបតី​ Donald Trump ដោយ​ចោទ​ថា​ លោក​កំពុង​តែ​បង្វែរ​ការ​ទម្លាក់​កំហុស​ទៅ​លើ​វិធី​ដែល​លោក​យក​មកដោះ​ស្រាយ​បញ្ហា​ COVID-19 ដែល​មក​ដល់​បច្ចុប្បន្ន វីរុស​នេះ​បាន​សម្លាប់​មនុស្ស​ជាង​46,000​នាក់​នៅ​សហរដ្ឋ​អាមេរិក​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស​

Advertisement