បណ្ដា​ប្រទេស​ដែល​មាន​អ្នក​ស្លាប់​​ដោយ​សារ​​វីរុស​ COVID-19 ចាប់​ពី​​10,000​​នាក់​ឡើង​ទៅ​ ខណៈ​ពិភព​លោក​ទាំង​មូល​មាន​អ្នក​ជំងឺ​សរុប​ជិត​2.6​លាន​នាក់​

បណ្ដា​ប្រទេស​ដែល​មាន​អ្នក​ស្លាប់​​ដោយ​សារ​ COVID-19 ចាប់​ពី​10,000​នាក់​ឡើង​ទៅ​

ពិភពលោក​ទាំង​មូល​ មាន​អ្នក​ជំងឺ​សរុប​ជិត​2.6​លាន​នាក់​ ក្នុង​នោះ​មាន​ជិត​177,000​នាក់​បាន​ស្លាប់​ដោយ​សារ​វីរុស​ COVID-19។ មេរោគ​រាត​ត្បាតនេះ ហាក់​បាន​ថម​ថយ​ខ្លះ​ ​នៅ​ប្រទេស​មួយ​ចំនួន ប៉ុន្តែ​ក្នុង​នោះ​មាន​​ប្រទេស​ជា​ច្រើន​ ​អ្នក​ស្លាប់​សរុប​ដោយ​សារ​វីរុស​នេះ​ បាន​កើន​លើស​ពី​10,000​នាក់​។

ស្ថិតិ​របស់​​សាកល​វិទ្យា​ល័យ​ Johns Hopkins បាន​ឱ្យ​ដឹង​ថា ប្រទេស​ និង​ដែន​ដី​ចំនួន​210 បាន​រក​ឃើញ​​អ្នកជំងឺ​COVID-19 សរុប​ 2,560,504​នាក់​ ក្នុង​នោះ​មាន​អ្នក​ស្លាប់​ចំនួន​176,926​នាក់។ អ្នក​ជំងឺ​ថ្មី​មាន​ចំនួន​90,094​នាក់ និង​អ្នក​ស្លាប់ថ្មី​​កើន​7,331​នាក់​ បើ​ធៀប​នឹង​មុន​នេះ​មួយ​ថ្ងៃ​។

សហរដ្ឋ​អាមេរិក​គឺជា​សម្បុក​មេរោគ​ធំជាង​គេ​ក្នុង​ពិភពលោក​ ជាមួយ​នឹង​អ្នក​ជំងឺ​សរុប​823,257​នាក់ និង​អ្នក​ស្លាប់សរុប​​44,805​នាក់​ ក្នុង​នោះ​មាន​អ្នក​ជំងឺ​ថ្មី​41,098​នាក់ និង​អ្នក​ស្លាប់​ថ្មី​4,344​នាក់​។ លោក​ Trump ថ្លែង​ថា មនុស្ស​ប្រមាណ​ពី​50,000-60,000​នាក់​ អាច​នឹង​ស្លាប់​ក្នុង​មហា​អាសន្ន​រោគ​ COVID-19 នៅ​សហរដ្ឋ​អាមេរិក។

អាស្ប៉ាញ​គឺជា​សម្បុក​មេរោគ​ COVID-19 ធំជាង​គេ​លំដាប់​ទី​2​នៅ​ក្នុង​ពិភពលោក​។ បច្ចុប្បន្ន ប្រទេស​នេះ​មាន​អ្នកជំងឺ​សរុប​204,178​នាក់​ អ្នក​ស្លាប់​សរុប​21,282​នាក់​។ អ្នក​ជំងឺ​ថ្មី​មាន​3,986​នាក់​ និង​អ្នក​ស្លាប់​ថ្មី​មាន​430​នាក់​។ ករណី​បុគ្គលិក​សុខាភិបាល​ឆ្លង​វីរុស​នៅ​ប្រទេស​នេះ គឺពិត​ជា​គួរ​ឱ្យ​ព្រួយបារម្ភ ដោយ​បច្ចុប្បន្ន មាន​បុគ្គលិក​ពេទ្យ​31,788​នាក់​ហើយ​ដែល​បាន​ឆ្លង​វីរុស​នេះ​។

អ៊ីតាលីមាន​អ្នក​ជំងឺ​ថ្មី​ 2,729​នាក់ អ្នក​ស្លាប់ថ្មី​534​នាក់​ នាំ​ឱ្យ​តួលេខ​អ្នកជំងឺសរុប​ឡើង​ដល់​183,957​នាក់​ និង​អ្នក​ស្លាប់​សរុប​ឡើង​ដល់​24,648​នាក់​

បារាំង​៖ អ្នក​ជំងឺ​ថ្មី​2,667​នាក់ និង​អ្នក​ស្លាប់ថ្មី​531​នាក់។ អ្នក​ជំងឺ​សរុប​158,050​នាក់ និង​អ្នក​ស្លាប់​សរុប​20,796​នាក់​។

អង់គ្លេស​គឺជា​សម្បុក​មេរោគ​ធំជាង​គេ​ទី​5​នៅ​អឺរ៉ុប ដោយ​មាន​អ្នកជំងឺ​សរុប​129,044​នាក់ និង​អ្នក​ស្លាប់​សរុប​17,337​នាក់​។ អ្នក​ជំងឺ​ថ្មី​មាន​ចំនួន​ 4,301​នាក់ និង​អ្នក​ស្លាប់​ថ្មី​មាន​ចំនួន​ 828​នាក់​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement