សហរដ្ឋ​អាមេរិក​មាន​អ្នក​ស្លាប់​ជាង​​40,400​នាក់​​​ដោយ​សារ​COVID-19

សហរដ្ឋ​អាមេរិក​មាន​អ្នក​ស្លាប់​ជាង​​40,400​នាក់​​​ដោយ​សារ​COVID-19

សហរដ្ឋ​អាមេរិក​គឺជា​សម្បុក​មេរោគ​ធំជាង​គេ​បង្អស់​នៅ​ក្នុង​ពិភពលោក​ ដោយ​មាន​អ្នកជំងឺ​សរុប​755,533​នាក់​ អ្នក​ស្លាប់សរុប​​40,461​នាក់ និង​អ្នក​ជំងឺ​ជា​សះស្បើយ​មាន​67,172​នាក់​។

ប្រទេស​នេះ បាន​ធ្វើ​តេស្ត​រក​វីរុស​សរុប​ចំនួន​ជាង3,865,864​នាក់​ ក្នុង​នោះ​មាន​617,555​នាក់​ត្រូវ​បាន​ធ្វើ​តេស្ត​នៅ​ New York។ រដ្ឋ​ New York គឺជា “វាល​ពិឃាត” របស់​មេរោគ​COVID-19 ធំជាង​គេ​នៅសហរដ្ឋ​អាមេរិក ដោយ​មាន​អ្នក​ស្លាប់​ដល់ទៅ14,451​នាក់​។

ពលរដ្ឋ​មួយ​ចំនួន​នៅ​រដ្ឋ Minnesota, Michigan, Ohio, Carolina ខាង​ជើង, Virginia និង​រដ្ឋ​មួយ​ចំនួន​ផ្សេង​ទៀត​ បាន​ធ្វើបាតុ​កម្ម​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​ដើម្បី​ជំទាស់​ទៅ​នឹង​បម្រាម​គោចរ​ដែល​អូស​បន្លាយ​ពេល​យូរ​។ លោក​ Trump ក៏បាន​គាំទ្រ​បាតុ​កម្ម​នេះ​ដែរ ដោយ​យល់ថា គួរ​តែ​បើក​ដំណើរ​ការ​សេដ្ឋកិច្ច​ឡើង​វិញ​​សម្រាប់​រដ្ឋ​ណា​ដែល​មាន​អ្នកជំងឺ​កូរ៉ូណា​តិច​ និង​ស្ថាន​ភាព​មិន​អាក្រក់​ខ្លាំង​។

លោក​ Trump កាល​ពី​ថ្ងៃទី​17មេសា​ ក៏បាន​ណែនាំ​ឱ្យ​បើក​ដំណើរ​ការ​សេដ្ឋ​កិច្ច​ឡើង​វិញ​ ក្រោយ​COVID-19 ដោយ​គូស​វាស​​ការ​បើក​ដំណើរ​ការ​សេដ្ឋ​កិច្ច​សហរដ្ឋ​អាមេរិក​ជា​3​ដំណាក់​កាល​។ ការ​ណែ​នាំ​នេះ​មិន​បាន​លើក​ឡើងលម្អិត​​អំពី​កាល​បរិច្ឆេទ​ជាក់​លាក់​នោះ​ទេ ប៉ុន្តែ គម្រោង​នេះ​បាន​លើក​ទឹក​​ចិត្ត​ឱ្យ​បណ្ដា​រដ្ឋ​ សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​ ដោយ​យោង​ទៅ​លើ​ស្ថាន​ភាព​ជាក់​ស្ដែង​នៃ​រដ្ឋ​នីមួយ​ៗ។

ពិភពលោក​ទាំង​មូល​បាន​រកឃើញ​អ្នក​ផ្ទុក​មេរោគ​COVID-19 ជិត​2.4​លាន​នាក់ ក្នុង​នោះ​មាន​អ្នក​ជំងឺ​ជិត​165,000​នាក់​បាន​បាត់​បង់​ជីវិត​ ដែលភាគ​ច្រើន​នៅ​សហ​រដ្ឋ​អាមេរិក​​ និង​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement