COVID-19! សិង្ហបុរី​ក្លាយ​ជា​សម្បុក​មេរោគ​ធំបំផុត​នៅ​អាស៊ីអាគ្នេយ៍

COVID-19! សិង្ហបុរី​ក្លាយ​ជា​សម្បុក​មេរោគ​ធំបំផុត​នៅ​អាស៊ីអាគ្នេយ៍

សិង្ហបុរី​បាន​រក​ឃើញ​អ្នកផ្ទុក​វីរុស​COVID-19ថ្មី​ជិត​600​នាក់​បន្ថែម​ទៀត​ ធ្វើ​ឱ្យ​ប្រទេស​នេះ​​ក្លាយ​ជា​សម្បុក​មេរោគ​ធំជាង​គេ​បង្អស់​នៅ​អាស៊ីអាគ្នេយ៍​ ខណៈ​តំបន់​នេះ​ក៏​បាន​រកឃើញ​អ្នក​ជំងឺ​ថ្មី​ជាង​1,200​នាក់​នៅ​ថ្ងៃ​នេះ។

ថ្ងៃ​នេះ​ សិង្ហបុរី​​បាន​ប្រកាសថា បាន​រកឃើញ​ករណី​ផ្ទុក​មេរោគ​កូរ៉ូណា​​596​នាក់​បន្ថែម​ទៀត នាំ​ឱ្យ​តួលេខ​នៃ​អ្នកជំងឺ​សរុប​កើន​ដល់​6,588​នាក់​ ខណៈ​តួលេខ​នៃ​អ្នក​ស្លាប់នៅ​ដដែល​ ពោល​គឺ​11​នាក់​។ ដូច្នេះ ប្រទេស​នេះ​បាន​ក្លាយ​ជា​សម្បុក​មេរោគ​ធំជាង​គេ​នៅ​អាស៊ីអាគ្នេយ៍​។ ភាគ​ច្រើន​នៃ​អ្នក​ជំងឺ​ថ្មី​នៅ​សិង្ហបុរី​គឺជា​ពលករ​បរទស​។

សាស្ត្រាចារ្យ​រង​ Alex Cook អនុ​ប្រធាន​ផ្នែកស្រាវ​ជ្រាវ​នៅ​សាលា​សុខាភិបាល​សាធារណៈ​ Saw Swee Hock នៃ​សាកល​វិទ្យា​ល័យ​ជាតិ​សិង្ហបុរី​ បាន​ឱ្យ​ដឹង​ថា អ្នក​ជំងឺ​ថ្មី​ដែល​ជា​ពលករ​បរទេស​ ស្នាក់​នៅ​ក្នុង​លំនៅ​ឋាន​សម្រាប់​ពលករ​បរទេស​កាល​ពី​សប្ដាហ៍​កន្លង​ អាច​ជា​សញ្ញា​បង្ហាញ​ថា ពលករ​បរទេស​យ៉ាង​តិច​10,000-20,000​នាក់​អាច​ឆ្លង​វីរុស​COVID-19 នៅ​ចុង​ខែ​មេសា​នេះ​។

ឥណ្ឌូនេស៊ី ជា​សម្បុក​មេរោគ​ធំជាង​គេ​លំដាប់​ទី​2​ក្នុង​តំបន់​ បាន​រាយ​ការណ៍​ថា បាន​រកឃើញ​អ្នកជំងឺ​ថ្មី​327​នាក់ និង​អ្នក​ស្លាប់​ថ្មី​47​នាក់​ ធ្វើ​ឱ្យ​អ្នក​ជំងឺ​សរុប​កើន​ដល់​ 6,575​នាក់ និង​អ្នក​ស្លាប់​សរុប​មាន​ចំនួន​582​នាក់​។

វេជ្ជ​បណ្ឌិត​20​នាក់​បាន​បាត់​បង់​ជីវិត​ចាប់​តាំង​ពី​វីរុស​នេះ​បាន​ចាប់​ផ្ដើម​បង្ហាញ​វត្តមាន​នៅ​ឥណ្ឌូនេស៊ី។ ក្រុម​អ្នក​រិះ​គន់​បាន​ព្រមាន​ថា តួលេខ​នៃ​​អ្នក​ស្លាប់​ដែល​ត្រូវ​បាន​ប្រកាស​គឺ​មាន​ចំនួន​ទាប​ខ្លាំង​ណាស់​បើ​ធៀប​នឹង​​ស្ថាន​ភាព​ជាក់ស្ដែង​នៅ​ក្នុង​ប្រទេស​មួយ​ដែល​មាន​ការ​ធ្វើ​តេស្ត​COVID-19 កម្រិត​ទាប​បំផុត​ក្នុង​ពិភពលោក​។

ហ្វីលីពីន​ រកឃើញ​អ្នក​ជំងឺ​ថ្មី​172​នាក់​ និង​អ្នក​ស្លាប់​ថ្មី​12​នាក់​បន្ថែម​ទៀត​ នាំ​ឱ្យ​អ្នកជំងឺ​​COVID-19 សរុប​កើន​ដល់​6,259​នាក់ និង​អ្នក​ស្លាប់​កើន​ឡើង​ដល់​409​នាក់​។

ម៉ាឡេស៊ី​ រកឃើញ​អ្នក​ជំងឺ​ថ្មី​84​នាក់​ នាំ​ឱ្យ​តួលេខ​នៃ​អ្នកជំងឺ​សរុប​ឡើង​ដល់​5,389​នាក់​ ខណៈ​ដែល​តួលេខ​នៃ​អ្នក​ស្លាប់​សរុប​គឺ​89​នាក់ បន្ទាប់​ពី​មាន​អ្នក​ស្លាប់​ថ្មី​1​ករណី​បន្ថែម​ទៀត​។ រាជ​រដ្ឋាភិបាល​ម៉ាឡេស៊ី​ បាន​ដាក់​បម្រាម​គោចរ​ទូទាំង​ប្រទេស​ចាប់​ពី​ថ្ងៃទី​18​មីនា ដើម្បី​ទប់​ស្កាត់​វីរុស​COVID-19។

ប្រទេស​ថៃ៖ អ្នក​ជំងឺ​ថ្មី​32​នាក់ និង​អ្នកជំងឺ​សរុប​2,765​នាក់​។ ចំនួន​អ្នក​ស្លាប់ដោយ​សារ​វីរុស​កូរ៉ូណា​នៅ​ប្រទេស​នេះមាន​47​នាក់​ដដែល​។

កម្ពុជា​ វៀត​ណាម ឡាវ និង​ទីម័រ​ខាង​កើត​​គឺជា​ប្រទេស​​នៅ​អាស៊ីអាគ្នេយ៍​ដែល​មិន​ទាន់​មាន​អ្នក​ស្លាប់​ដោយ​សារ​វីរុស​COVID-19 នៅ​ឡើយ​។ ទីម័រ​ខាង​កើត​គឺជា​ប្រទេស​ដែល​មាន​ករណី​ឆ្លង​វីរុស​កូរ៉ូណា​ទាប​ជាង​គេ​បង្អស់​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

Advertisement