ទិដ្ឋភាពគួរឱ្យភ្ញាក់ផ្អើល!! រថយន្តសង្គ្រោះចតបន្តកន្ទុយគ្នារាប់គីឡូម៉ែត្រ ព្រោះមេរោគកូវីដ-19 ធ្វើឱ្យមន្ទីរពេទ្យនៅរុស្ស៊ី ទទួលអ្នកជំងឺលែងទាន់… (មានឃ្លីប)

ទិដ្ឋភាពគួរឱ្យភ្ញាក់ផ្អើល!! រថយន្តសង្គ្រោះចតបន្តកន្ទុយគ្នារាប់គីឡូម៉ែត្រ ព្រោះមេរោគកូវីដ-19 ធ្វើឱ្យមន្ទីរពេទ្យនៅរុស្ស៊ី ទទួលអ្នកជំងឺលែងទាន់... (មានឃ្លីប)

ក្នុងខណៈដែលបញ្ហាការចរាចរណែនណាន់តាន់តាប់នៅលើទ្រូងផ្លូវផ្សេងៗនៅក្នុងទីក្រុងមូស្គូលែងក្លាយជាបញ្ហាក្ដៅតទៅទៀត ដោយសារតែវិធានការបិទទីក្រុង ដើម្បីទប់ស្កាត់ការឆ្លងរាលដាលរបស់មេរោគវីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19 ហើយនោះ អង្គភាពពេទ្យសង្គ្រោះបន្ទាន់របស់ទីក្រុងមួយនេះ ត្រូវជួបនឹងបញ្ហាមួយយ៉ាងមិននឹកស្មានដល់ នោះគឺ រថយន្តសង្គ្រោះបន្ទាន់ជាច្រើន ត្រូវចតបន្តកន្ទុយគ្នាជាជួរយ៉ាងវែងរាប់គីឡូម៉ែត្រ នៅខាងក្រៅមន្ទីរពេទ្យនានាដើម្បីដឹកជញ្ជូនអ្នកជំងឺ និងបុគ្គលដែលត្រូវសង្ស័យថា ឆ្លងមេរោគ។ នេះបើតាមសារព័ត៌មាន រុស្ស៊ី ធូដេយ៍ របស់ប្រទេសរុស្ស៊ី។

ទិដ្ឋភាពគួរឱ្យភ្ញាក់ផ្អើល!! រថយន្តសង្គ្រោះចតបន្តកន្ទុយគ្នារាប់គីឡូម៉ែត្រ ព្រោះមេរោគកូវីដ-19 ធ្វើឱ្យមន្ទីរពេទ្យនៅរុស្ស៊ី ទទួលអ្នកជំងឺលែងទាន់... (មានឃ្លីប)ទិដ្ឋភាពរថយន្តសង្គ្រោះបន្ទាន់ ចតបន្តកន្ទុយគ្នាជាជួរយ៉ាងវែង ត្រូវគេថតបាននៅបរិវេណខាងក្រៅរបស់មន្ទីរពេទ្យអតីតយុទ្ធជន ដែលស្ថិតនៅប៉ែកខាងជើងទីក្រុងមូស្គូកាលពីថ្ងៃសុក្រសប្ដាហ៍មុន ដោយនៅក្នុងខ្សែវីដេអូ ដែលបានផ្សព្វផ្សាយដោយអ្នកសារព័ត៌មានរុស្ស៊ីនោះ នៅបានបង្ហាញឱ្យឃើញថា មានរថយន្តដែលមានសញ្ញាកាកបាតទាំងនោះ មិនមែនគ្រាន់តែដណ្ដើមយកតែផ្លូវដែលតម្រង់ឆ្ពោះទៅមន្ទីរពេទ្យប៉ុណ្ណោះទេ តែនៅមានរថយន្តសង្គ្រោះចំនួនដ៏ច្រើនទៀត បានចតនៅលើផ្លូវខាងៗក្បែរនោះទៀតផង ខណៈដែលមន្ទីរពេទ្យមួយនេះ ត្រូវបានកែច្នៃទៅជាមណ្ឌលព្យាបាលថែទាំអ្នកជំងឺកូវីដ-19 កាលពីពេលថ្មីៗនេះ។

របាយការណ៍បានបញ្ជាក់ថា អ្នកជំងឺ និងអ្នកត្រូវសង្ស័យថា ឆ្លងមេរោគកូវីដ-19 ត្រូវរង់ចាំដល់ទៅ 15ម៉ោង ទម្រាំនឹងទៅដល់ដៃគ្រូពេទ្យ។

ស្ថានការណ៍នៅក្នុងមន្ទីរពេទ្យអតីតយុទ្ធជន មានមែនជាហេតុការណ៍តែមួយដែលបានកើតឡើងនោះទេ ដោយនៅក្នុងឃ្លីបវីដេអូ 1ទៀត គេបានឃើញរថយន្តសង្គ្រោះបន្ទាន់ជាច្រើនសិបគ្រឿងទៀត កំពុងចតបន្តកន្ទុយគ្នាយ៉ាងវែងរាប់គីឡូម៉ែត្រ នៅលើផ្លូវដែលតម្រង់ឆ្ពោះទៅមន្ទីរពេទ្យមួយ នៅក្នុងក្រុងឃីមគី ជិតព្រលានយន្តហោះសេរេមេតៀវ៉ូ ដែលនៅក្នុងរថយន្តនីមួយៗ សុទ្ធតែផ្ទុកអ្នកត្រូវសង្ស័យថា បានឆ្លងមេរោគកូវីដ-19 ហើយអ្នកត្រូវសង្ស័យទាំងនោះ ត្រូវរង់ចាំជាច្រើនម៉ោង ទម្រាំនឹងបានចូលទៅពិនិត្យរោគនៅក្នុងមន្ទីរពេទ្យ។

មន្ត្រីនៃមជ្ឈមណ្ឌលទប់ទល់វិបត្តិវេជ្ជសាស្ត្រ ដែលទទួលខុសត្រូវក្នុងការតស៊ូប្រឆាំងនឹងមេរោគវីរុសកូរ៉ូណាប្រភេទថ្មីនៅក្នុងប្រទេសរុស្ស៊ី បានបង្ហើបប្រាប់ទីភ្នាក់ងារព័ត៌មាន RT news របស់សារព័ត៌មាន រុស្ស៊ី ធូដេយ៍ ថា ជួររថយន្តសង្គ្រោះដែលតគ្នាវែងអន្លាយនៅខាងក្រៅមន្ទីរពេទ្យនានានោះ គឺបណ្ដាលមកពីស្ថានការណ៍រោគរាតត្បាតនាពេលបច្ចុប្បន្ន ដែលគេប្រទះឃើញ មានអ្នកជំងឺដ៏ច្រើននាំគ្នាសម្រុកចូលមកមន្ទីរពេទ្យ ក្នុងអំឡុងពេលប៉ុន្មានថ្ងៃកន្លងមកនេះ។

រឿងបែបនេះ ប្រហែលជារឿងដែលទទួលយកមិនបាននោះទេ បើសិនមណ្ឌលព្យាបាលទាំងឡាយធ្វើការក្រោមករណីប្រក្រតី តែយ៉ាងណាក៏ដោយ ក្រុមគ្រូពេទ្យបានប្រាប់ថា ពួកគេកំពុងស្ថិតក្រោមសម្ពាធដែលកើនឡើងក្នុងពេលបច្ចុប្បន្ន និងបានសូមទោសអ្នកជំងឺ សម្រាប់ភាពមិនងាយស្រួលដែលកើតឡើងទាំងប៉ុន្មាន។

រហូតមកដល់ថ្ងៃព្រហស្បតិ៍(ទី16 មេសា)ម្សិលមិញ ប្រទេសរុស្ស៊ី មានអ្នកឆ្លងមេរោគកូវីដ-19 សរុប 27,938នាក់ តែនៅក្នុងនោះ ស្លាប់ត្រឹមតែ 232នាក់ប៉ុណ្ណោះ ដែលចំនួននេះអាចរាប់បានថា តិចតួចខ្លាំងណាស់ បើធៀបនឹងប្រទេសផ្សេងៗទៀតនៅក្នុងទ្វីបអឺរ៉ុបដូចគ្នា៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement