ស្ថិតិ​ថ្មីនៅ​អាស៊ីអាគ្នេយ៍​៖ 5ប្រទេស​ដែល​មាន​អ្នកជំងឺ​COVID-19 ច្រើន​ជាង​1,000​នាក់​

ស្ថិតិ​ថ្មីនៅ​អាស៊ីអាគ្នេយ៍​៖ 5ប្រទេស​ដែល​មាន​អ្នកជំងឺ​COVID-19 ច្រើន​ជាង​1,000​នាក់​

ឥណ្ឌូនេស៊ី បាន​លោត​រំលង​ម៉ាឡេស៊ី​ និង​ក្លាយ​ជា​សម្បុក​មេរោគ​COVID-19 ធំជាង​គេ​លំដាប់​ទី​2​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​នេះ បន្ទាប់​ពី​ហ្វីលីពីន​ ដែល​ជា​ប្រទេស​មាន​អ្នកជំងឺ​ថ្មី​ជាង​1,000​នាក់​។

ប្រទេស​ឥណ្ឌូនេស៊ី​ថ្ងៃ​នេះ​បាន​រាយ​ការណ៍​ថា បាន​រក​ឃើញ​អ្នក​ជំងឺ​ថ្មី​380​នាក់ និង​អ្នក​ស្លាប់​ថ្មី​29​នាក់​ដោយ​សារ​វីរុស​COVID-19 នាំ​ឱ្យ​ចំនួន​អ្នក​ជំងឺ​សរុប​នៅ​ប្រទេស​នេះ​ កើន​ដល់​5,516​នាក់ និង​អ្នក​ស្លាប់​សរុប​ឡើង​ដល់​498​នាក់​។

​តួលេខនៃ​​អ្នក​ជំងឺ​COVID-19 របស់​ឥណ្ឌូនេស៊ី ក៏បាន​កើន​លើស​ម៉ាឡេស៊ី​ ហើយក្លាយ​ជា​​សម្បុក​មេរោគ​កូរ៉ូណា​ធំជាង​គេ​លំដាប់​ទី​2​នៅ​អាស៊ីអាគ្នេយ៍​។ ប្រទេស​នេះ​បាន​ប្រកាស​អាសន្ន​ចាប់​ពី​ចុង​ខែ​មីនា​ដើម្បី​ទប់​ទល់​នឹង​វីរុស​នេះ​។ រដ្ឋាភិបាល​ក៏បាន​ប្រកាស​ផ្ដល់​ជំនួយ​ដល់​ពលរដ្ឋ​ដែល​មាន​ចំណូល​ទាប​ផងដែរ​។

ឥណ្ឌូនេស៊ី​បាន​ធ្វើ​តេស្ត​រក​មេរោគ​ជូន​ប្រជាជន​ជិត​40,000​នាក់​ ខណៈ​ដែល​អ្នក​ជំងឺ​បាន​កើន​ឡើង​ដល់​ជាង​11,800​នាក់​។ ក្រុម​មន្ត្រី​រដ្ឋា​ភិបាល​ឥណ្ឌូនេស៊ី បាន​ឱ្យ​ដឹង​ថា​​ តួលេខ​នៃ​ករណី​ឆ្លង​វីរុស​នៅក្នុង​ប្រទេស​នេះ​អាច​​ឡើង​ដល់​ចំណុច​កំពូល​នៅ​ដើម​ខែ​ឧសភា​ខាង​មុខ​។

ចំណែក​ហ្វីលីពីន​វិញ នៅ​តែ​បន្ត​ជា​សម្បុក​មេរោគ​ធំជាង​គេ​បង្អស់​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ខណៈ​បាន​រកឃើញ​អ្នក​ជំងឺ​ថ្មី​207​នាក់​ និង​អ្នក​ស្លាប់​ថ្មី​13​នាក់​បន្ថែម​ទៀត​ នាំ​ឱ្យ​អ្នក​ជំងឺ​សរុប​ឡើង​ដល់​5,660​នាក់ និង​អ្នក​ស្លាប់​សរុប​362​នាក់​។ អ្នក​ជំងឺ​បាន​ជា​សះ​ស្បើយ​ក្នុង​ប្រទេស​នេះ​ក៏បាន​កើន​ដល់​435​នាក់​។

ម៉ាឡេស៊ីបាន​រកឃើញ​ករណី​ឆ្លង​ថ្មី​110​នាក់​បន្ថែម​ទៀត​ ធ្វើ​ឱ្យ​អ្នកជំងឺ​សរុប​កើន​ដល់​5,182​នាក់​ ខណៈ​អ្នក​ស្លាប់​បាន​ឡើង​ដល់​84​នាក់​ ដោយ​មាន​ករណី​ស្លាប់​ថ្មី​1​នាក់ក្នុង​ថ្ងៃ​នេះ​។

ម៉ាឡេស៊ី​បាន​ចេញ​បញ្ជា​ដាក់​បម្រាម​គោចរ​ទូទាំង​ប្រទេស​​ចាប់​ពី​ថ្ងៃទី​18​មីនា​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​វីរុស​COVID-19។ ក្រៅ​ពី​បិទ​ព្រំដែន​ ប្រទេស​នេះ​ក៏​បាន​បិទសាលា​រៀន​ក្នុង​រយៈ​ពេល​2សប្ដាហ៍ និង​ហាម​ប្រារព្ធ​ពិធី​ជួប​ជុំ​ផ្សេងៗ​ផងដែរ​។ វិហារ​សាសនា និង​ហាង​លក់​ដូរ​ផ្សេង​ៗ លើក​លែង​តែ​ផ្សារ​ទំនើប​ និង​ធនាគារ ក៏ត្រូវ​បាន​ផ្អាក​ដំណើ​ការ​។

សិង្ហបុរី​ ថ្ងៃនេះ​ក៏បាន​រកឃើញ​អ្នកជំងឺ​ថ្មី​447​នាក់ ធ្វើ​ឱ្យ​អ្នកជំងឺ​សរុប​ឡើង​ដល់​3,699​នាក់​ ក្នុង​នោះ​មាន​10​នាក់​បាន​បាត់​បង់​ជីវិត​។

នៅ​ក្នុង​ករណី​ឆ្លង​មេរោគ​ថ្មី មាន​404​ករណី​ជាប់ទាក់​ទិន​នឹង​តំបន់​ស្នាក់​នៅ​របស់​​ពលករ​បរទេស​ 5ករណី​គឺជា​ពលករ​ក្រៅ​ស្រុក​រស់នៅ​តំបន់​ផ្សេង និង​38​ករណី​គឺ​ឆ្លង​ពី​សហគមន៍។

ខាងក្រោម​នេះ​គឺជា​តារាង​ស្ថិតិ​ថ្មី​នៃ​ករណី​ឆ្លង​ និង​ស្លាប់​ដោយ​សារ​វីរុស​COVID-19 នៅ​អាស៊ីអាគ្នេយ៍៖

ស្ថិតិ​ថ្មីនៅ​អាស៊ីអាគ្នេយ៍​៖ 5ប្រទេស​ដែល​មាន​អ្នកជំងឺ​COVID-19 ច្រើន​ជាង​1,000​នាក់​ប្រភព៖ សារ​ព័ត៌មានបរទេស

Advertisement