នាវិកជិត​700​នាក់​របស់​ក្រុម​នាវា​ផ្ទុក​យន្តហោះ​បារាំង បាន​ឆ្លង​COVID-19

នាវិកជិត​700​នាក់​របស់​ក្រុម​នាវា​ផ្ទុក​យន្តហោះ​បារាំង បាន​ឆ្លង​COVID-19

ក្រសួង​ការ​ពារ​ជាតិ​បារាំង​បាន​បញ្ជាក់​ថា នាវិក​ចំនួន​688​នាក់​នៅ​លើ​នាវា​ផ្ទុក​យន្តហោះ​ Charles de Gaulle និង​នាវា​ចម្បាំង​អមដំណើរ​1គ្រឿង​ទៀត បាន​ឆ្លង​វីរុស​COVID-19។

“សមាជិក​ក្រុម​នាវិក​ទាំង​អស់​ដែល​បាន​ឆ្លង​វីរុស​នេះ គឺ​ស្មើ​នឹង​1/3​ នៃ​កងកម្លាំងសរុប​​ក្នុង​ក្រុម​ប្រយុទ្ធ​នៃ​នាវា​ផ្ទុក​យន្ត​ហោះ​ Charles de Gaulle។ នាវិក​31​នាក់​ ក្នុង​ចំណោម​នាវិក​ដែល​បាន​ឆ្លង​មេរោគ​នេះ ត្រូវ​បាន​បញ្ជូន​ចូល​មន្ទីរពេទ្យ​ ក្នុង​នោះ​ដែរ​ក៏មាន​ម្នាក់​កំពុង​ទទួល​ការ​ព្យាបាល​សកម្ម” នេះ​បើ​តាម​ក្រសួង​ការ​ពារ​ជាតិ​បារាំង​​។ អ្នកជំងឺ​ទាំង​នេះ​ត្រូវ​បាន​រកឃើញ​នៅ​ក្នុង​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ Charles de Gaulle និង​នាវា​ចម្បាំង​1ក្នុង​ចំណោម​​នាវា​ចម្បាំង​2គ្រឿង​ដែល​អម​ការ​ពារ​នាវា​ផ្ទុក​យន្តហោះ​ Charles de Gaulle។

ក្រសួង​ការ​ពារ​ជាតិ​បារាំង​ឱ្យ​ដឹង​ថា នាវិក​ចំនួន​1,767​នាក់​ ក្នុង​ចំណោម​នាវិក​ជាង​2,000​នាក់​ដែល​ស្ថិត​ក្នុង​​ក្រុម​ប្រយុទ្ធ​របស់​នាវា​ផ្ទុក​យន្ត​ហោះ Charles de Gaulle​ ត្រូវ​បាន​ធ្វើតេស្ត​រក​មេរោគ​រួចហើយ​។ នាវិក​530​នាក់ កំពុង​រង់​ចាំ​លទ្ធផល​នៃ​ការ​ធ្វើតេស្ត​។

Charles de Gaulle​ រួម​នឹង​នាវា​ចម្បាំង​2គ្រឿង​ទៀត ត្រូវ​បាន​បញ្ជា​ឱ្យ​ត្រឡប់​មក​កាន់​កំពង់ផែ​ឆាប់​ជាង​ផែន​ការ​ដែល​បាន​កំណត់​ចំនួន​10​ថ្ងៃ​ បន្ទាប់​ពី​មាន​នាវិក​ម្នាក់​មាន​រោគ​សញ្ញា​នៃ​​វីរុស​COVID-19។ កង​ទ័ព​ជើង​ទឹក​បារាំង​ បាន​ចាប់​ផ្ដើម​ធ្វើ​តេស្ត​រក​មេរោគ​ជូន​នាវិក​ទាំង​អស់​របស់​ក្រុម​នាវា​ខាងលើចាប់​ពី​ថ្ងៃទី​8មេសា​ ហើយ​បាន​រកឃើញ​​40​ករណី​ឆ្លង​មេរោគ​។ មក​ដល់​ថ្ងៃទី​12​មេសា​ តួលេខ​នេះ​បាន​កើន​ឡើង​ដល់​50​ករណី​ ក្នុង​ចំណោម​នាវិក​66​នាក់​ដែល​ត្រូវ​បាន​ពិនិត្យ​សុខ​ភាព​។

នាវិកជិត​700​នាក់​របស់​ក្រុម​នាវា​ផ្ទុក​យន្តហោះ​បារាំង បាន​ឆ្លង​COVID-19នាវិក​ និង​អ្នក​បើក​បរ​យន្តហោះ​ទាំង​អស់​នៃ​ក្រុម​ប្រយុទ្ធ​របស់​នាវា​ផ្ទុក​យន្តហោះ​ Charles de Gaulle កំពុង​បង្ខាំង​ខ្លួន​ក្នុង​រយៈ​ពេល​14​ថ្ងៃ​។ ប្រភព​ចម្លង​នៃ​ករណី​នេះ​មិន​ទាន់​ត្រូវ​បាន​រក​ឃើញ​នៅ​ឡើយ​ ប៉ុន្តែ​ក្រុម​នាវា​ចម្បាំង​ខាង​លើ​នេះ​​កំពុង​ត្រូវ​បាន​បាញ់​ថ្នាំ​សម្លាប់​មេរោគ​។

កង​ទ័ព​ជង​ទឹក​សហ​រដ្ឋ​អាមេរិកបាន​ឱ្យ​ដឹង​ថា នាវិក​2រូប​ក្នុង​ចំណោម​4រូប​នៃ​ប្រទេស​នេះ ដែល​ធ្លាប់​បាន​ធ្វើ​ការ​នៅ​លើ​នាវា​ Charles de Gaulle ក៏បាន​ឆ្លង​វីរុស។ ក្រុម​នាវិក​4រូប​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​ធ្វើ​ការ​លើ​នាវា​ Charles de Gaulle ទៅតាម​គម្រោង​ផ្លាស់​ប្ដូរ​ធនធាន​មនុស្ស​ រវាង​សហរដ្ឋ​អាមេរិក និង​បារាំង​។

Charles de Gaulle គឺជា​នាវា​បញ្ជា​ការ​​របស់​កង​ទ័ព​ជើង​ទឹក​បារាំង​ និង​ជា​នាវា​ផ្ទុក​យន្តហោះ​ដើរ​ដោយ​ថាម​ពល​នុយក្លេអែរ​តែ​មួយ​គត់​នៅ​លើ​ពិភពលោក​ ដែល​មិន​មែនជា​កម្មសិទ្ធិ​របស់​សហរដ្ឋអាមេរិក​។ នាវា​នេះត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​នៅ​លើ​មហា​សមុទ្រ​អាត្លង់ទិក​ ក្នុង​ក្របខណ្ឌ​សម​យុទ្ធ​របស់​ NATO បន្ទាប់​ពី​បាន​ចូល​រួម​ក្នុង​យុទ្ធ​នាការ​ Chammal ដែល​​ស្វែង​រក​​​ក្រុម​សំណល់​​នៃ​​អង្គ​ការ​​រដ្ឋ​ឥស្លាម (ISIS) នៅ​អ៊ីរ៉ាក់ និង​ស៊ីរី៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement