ខឹងខ្លាំងណាស់! លោកត្រាំ ប្រកាសផ្អាកលុយគាំទ្រWHO កណ្ដាលស្ថានការណ៍វិបត្តិកូវីដ-19

ខឹងខ្លាំងណាស់! លោកត្រាំ ប្រកាសផ្អាកលុយគាំទ្រWHO កណ្ដាលស្ថានការណ៍វិបត្តិកូវីដ-19

លោកប្រធានាធិបតីនៃសហរដ្ឋអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ(ទី14 មេសា)ម្សិលមិញ បានប្រកាសផ្អាកលុយឧបត្ថម្ភរបស់សហរដ្ឋអាមេរិក ដែលបានផ្ដល់ទៅឱ្យអង្គការសុខភាពពិភពលោក(WHO) ដោយបានឱ្យហេតុផលថា អង្គការមួយនេះ បានលាក់បាំងភាពធ្ងន់ធ្ងរក្នុងការឆ្លងរាលដាលរបស់មេរោគកូវីដ-19 នៅក្នុងប្រទេសចិន មុនពេលវាឆ្លងសាយភាយពាសពេញពិភពលោក។

លោក ត្រាំ បានថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍ថា លោកបានបញ្ជាឱ្យគណៈគ្រប់គ្រងរបស់លោក ធ្វើការផ្អាកលុយគាំទ្រអង្គការនោះ ខណៈពេលជាមួយគ្នា ក៏នឹងមានពិនិត្យវាយតម្លៃពីតួនាទីរបស់អង្គការសុខភាពពិភពលោក លើផ្នែកគ្រប់គ្រងចាត់ការ ដែលខុសឆ្គងយ៉ាងធ្ងន់ធ្ងរ និងលាក់បាំងការឆ្លងរាលដាលរបស់វីរុសកូរ៉ូណាប្រភេទថ្មី។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់លោកត្រាំ បានបញ្ជាក់ថា អង្គការសុខភាពពិភពលោក បានរារាំងភាពច្បាស់លាស់របស់ព័ត៌មាន នៃការឆ្លងរាលដាល ហើយសហរដ្ឋអាមេរិក ដែលអ្នកឧបត្ថម្ភធំជាងគេរបស់អង្គភាពផ្នែកសុខាភិបាល របស់អង្គការសហប្រជាជាតិមួយនេះ ដោយចំនួនទឹកប្រាក់ 400លានដុល្លារអាមេរិកកាលពីឆ្នាំកន្លងទៅ ពេលនេះនឹងពិចារណាថា តើនឹងត្រូវធ្វើយ៉ាងណាតទៅទៀត ជាមួយប្រាក់ទាំងអស់ដែលបានប្រគល់ទៅឱ្យអង្គការសុខភាពពិភពលោក។

លោកត្រាំថ្លែងថា “ដោយការឆ្លងរាលដាលរបស់ជំងឺឆ្លងដ៏ធំកូវីដ-19 យើងមានក្ដីកង្វល់យ៉ាងធំសម្បើមថា ភាពអនុគ្រោះរបស់សហរដ្ឋអាមេរិក ត្រូវបានប្រើប្រាស់យ៉ាងល្អបំផុត តាមដែលអាចទៅរួចហើយ ឬទេ?”។

កាលពីសប្ដាហ៍មុន លោកត្រាំ បានគំរាមកាត់ប្រាក់ឧបត្ថម្ភគាំទ្រអង្គការសុខភាពពិភពលោក ពីបទលម្អៀង ដោយបានផ្ដល់ភាពសំខាន់ទៅលើប្រទេសចិនខ្លាំងជ្រុលពេក និងថែមទាំងផ្ដល់ការណែនាំដែលគ្មានប្រសិទ្ធភាព រហូតធ្វើឱ្យមេរោគកូរ៉ូណាប្រភេទថ្មី ឆ្លងរាលដាលទូទាំងពិភពលោក។

“ពួកគេចេញសេចក្ដីប្រកាសដាស់តឿនខុសឆ្គង” លោកត្រាំ បានបញ្ជាក់ដោយបានចោទថា WHO សម្រេចចិត្តយឺតយ៉ាវ ទម្រាំតែចេញការប្រកាសដាស់តឿនឱ្យប្រយ័ត្នលើការធ្វើដំណើរទៅប្រទេសចិន។ លោកថា “ពួកគេគួរតែប្រកាស តាំងតែពីចុងខែមុននោះ”

តមកទៀត លោក ថេដ្រូស អ៊ែដហាណូម កេប្រេយេស៊ុស ប្រធានអង្គការសុខភាពពិភពលោក បានអំពាវនាវឱ្យបណ្ដាមេដឹកនាំទូទាំងពិភពលោក បញ្ឈប់ការលេងល្បែងនយោបាយកណ្ដាលវិបត្តិជំងឺរាតត្បាតដ៏ធំ នៃវីរុសកូរ៉ូណាប្រភេទថ្មី(កូវីដ-19) ក្រោយពីអង្គការមួយនេះត្រូវរងការរិះគន់យ៉ាងខ្លាំងក្លាពីលោកប្រធាធិបតី ដូណាល់ ត្រាំ។

តែយ៉ាងណាក៏ដោយ សង្គ្រាមពាក្យសម្ដីរវាងទាំង 2ខាងនេះ មិនបញ្ចប់ត្រឹមតែប៉ុនហ្នឹងទេ ព្រោះកាលពី 1ថ្ងៃបន្ទាប់ពីនោះមក សហរដ្ឋអាមេរិក បានចេញសេចក្ដីប្រកាសចោទថា ជារឿងរបស់អង្គការសុខភាពពិភពលោកទៀត ដែលផ្ដល់ភាពសំខាន់ទៅលើប្រធានបទខាងនយោបាយមុនគេបង្អស់ ដោយធ្វើព្រងើយកន្តើយចំពោះការព្រមានរបស់ប្រទេសតៃវ៉ាន់ ពាក់ព័ន្ធនឹងការឆ្លងរាលដាលរបស់មេរោគវីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19 នៅក្នុងប្រទេសចិន រហូតដល់ស្ថានការណ៍រាលដាលទូទាំងពិភពលោក។

ការចោទប្រកាន់ទាំងនោះ បានជំរុញឱ្យអង្គការសុខភាពពិភពលោក ប្រញាប់ឆ្លើយតប 1ដងទៀត ដោយបានបដិសេធការចោទប្រកាន់របស់សហរដ្ឋអាមេរិក និងបានអះអាងថា ព័ត៌មានដែលបានទទួលតាមរយៈអ៊ីមែលពីតៃវ៉ាន់នៅថ្ងៃនោះ មិនធ្លាប់យោងទៅលើករណីការឆ្លងពីមនុស្សទៅមនុស្សនោះឡើយ ដែលការឆ្លើយតបនេះហើយ ជាប្រភពនៃការគំរាមកាត់ប្រាក់ឧបត្ថម្ភគាំទ្ររបស់លោកត្រាំ៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement