ប្រធាន​ WHO ត្រូវ​បាន​ចោទ​ថា លាក់​អាសន្ន​រោគ​3លើក​ នៅ​ក្នុង​ឆ្នាំ​2017

ប្រធាន​ WHO ត្រូវ​បាន​ចោទ​ថា លាក់​អាសន្ន​រោគ​3លើក​ នៅ​ក្នុង​ឆ្នាំ​2017

ប្រធាន​អង្គ​ការ​សុខ​ភាព​ពិភពលោក​WHO លោក​ Tedro ត្រូវ​បាន​ចោទ​ប្រកាន់​ចំនួន​3លើក​ ទាក់​ទិន​នឹង​ការ​លាក់បាំង​​អាសន្ន​រោគ​ cholerae ដែល​បាន​ផ្ទុះ​ឆ្លង​រាល​ដាល​នៅ​ឯស្រុក​កំណើត​របស់​លោក ដែល​កាល​ណោះ​លោក​កំពុង​​កាន់​តំណែង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​ប្រទេស​​អេត្យូពី​ (Ethiopia)។

វេជ្ជ​បណ្ឌិត​ Tedros Adhanom Ghebreyesus បានជាប់​​ឆ្នោត​ជា​​ប្រធាន​អង្គ​ការ​សុខ​ភាព​ពិភពលោក​(WHO) នៅ​ថ្ងៃទី​1កក្កដា​ឆ្នាំ​2017 ដោយ​មាន​អាណត្តិ​កាល​5ឆ្នាំ​ ក្លាយ​ជា​មន្ត្រី​សុខាភិបាល​ដែល​មាន​អំណាច​ជាង​គេ​បង្អស់​ក្នុង​ពិភពលោក​។

ប៉ុន្តែ កាល​ពី​ខែ​ឧសភា​ ឆ្នាំ​2017 មុន​ពេល​លោក​បាន​ឡើង​កាន់​កាប់​តំណែង​នេះ មាន​សំណួរ​ជា​ច្រើន​ត្រូវ​បាន​លើក​ឡើង​អំពី​ភាព​សម​ហេតុ​ផល​របស់​លោក​ជាមួយ​នឹង​តំណែង​ជា​អ្នកជំនាញ​ខាង​សុខ​ភាព​ទូទាំង​ពិភព​លោក​។ នៅ​ក្នុង​កិច្ចសម្ភាស​មួយ​ជាមួយ​នឹង​ NYTimes កាល​ណោះ សាស្ត្រា​ចារ្យ​ Larry Gostin ដែល​ជា​អ្នក​ជំនាញ​ផ្នែក​សុខាភិបាល​សកល​ បាន​ចោទ​ប្រកាន់​វេជ្ជ​បណ្ឌិត​ Tedros ថា មិន​បា​ន​ទទួល​ស្គាល់​អាសន្ន​រោគ​​ cholerae ចំនួន​3​លើក​ ដែល​បាន​ឆ្លង​រាលដាល​នៅ​ប្រទេស​អេត្យូពី​ ដែល​កាល​ណោះ​ លោក​ Tedros គឺជា​រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​ប្រទេស​នេះ​។

សាស្ត្រា​ចារ្យ​ Gostin យល់​ថា លោក​ Tedros បាន​លាក់​បាំង​អាសន្ន​រោគ​ cholerae នៅ​ប្រទេស​អេត្យូពី​ ដល់​ទៅ​3លើក​ផ្សេង​ៗ​គ្នា​ រួម​មាន​ ក្នុង​ឆ្នាំ​2006 2009 និង​2011​។ លោក Tedros គឺជា​រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​​ប្រទេស​អេត្យូពី​ចាប់​ពី​ឆ្នាំ2005​ដល់​ឆ្នាំ2012 មុន​ពេល​លោក​បាន​ក្លាយ​ជា​រដ្ឋ​មន្ត្រី​ការ​បរទេស​4​ឆ្នាំ​ ពោល​គឺ​រហូត​ដល់​ឆ្នាំ​2016។

“វេជ្ជ​បណ្ឌិត​ Tedros គឺជា​មន្ត្រី​សុខាភិបាល​​សាធារណៈ​ដែល​មាន​ទឹក​ចិត្ត​ប្រកប​ដោយ​មេត្តា​ធម៌ និង​មាន​ថាម​ពល​ល្អ​។ ប៉ុន្តែ​ គាត់​នៅ​មាន​​ភារ​កិច្ច​និយាយ​អំពី​ការ​ពិត​ និង​ស្មោះ​ត្រង់ក្នុង​ការ​រាយ​ការណ៍​អំពី​ការ​ផ្ទុះ​ឆ្លង​អាសន្ន​រោគ​cholerae ដែល​ត្រូវ​បាន​ផ្ទៀង​ផ្ទាត់​ក្នុង​មួយ​រយៈ​ពេល​វែង​” លោក​ Gostin ដែល​បច្ចុប្បន្ន​ជា​ប្រធាន​មជ្ឈមណ្ឌល​សហការ​ផ្នែក​ច្បាប់​សុខ​ភាព​សាធារណៈ​ និង​សិទ្ធិ​មនុស្ស​របស់ WHO បាន​ថ្លែង​​ប្រាប់​ទីភ្នាក់​ងារ​សារ​ព័ត៌មាន NYTimes បែប​នេះ​កាល​ពី​3​ឆ្នាំ​មុន​។

សាស្ត្រា​ចារ្យ​ Gostin ក៏ធ្លាប់​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ខ្លាច​ក្រែង WHO “អាច​បាត់​បង់​ភាព​ស្រប​ច្បាប់​” បើ​សិន​ត្រូវ​បាន​ដឹក​នាំ​ដោយ​តំណាង​ប្រទេស​មួយ​រូប​ដែល​ធ្លាប់​លាក់​បាំង​អាសន្ន​រោគ​។

លោក Tedros ជាប់​ឆ្នោត​ក្លាយ​ជា​ប្រធាន​ WHO កាល​ពី​ឆ្នាំ​2017 ប៉ុន្តែ មិន​យូរប៉ុន្មាន លោក​ក៏ទទួល​រង​ការ​រិះ​គន់​​នៅ​ពេល​លោក​មិន​បាន​កត់​ត្រា​អាសន្ន​រោគ​ cholerae នៅ​ស៊ូដង់ ដែល​ជា​ប្រទេស​ជិត​ខាង​របស់​អេត្យូពី។

ខែ​កញ្ញា​ឆ្នាំ​2017 វេជ្ជ​បណ្ឌិត​មួយ​ក្រុម​របស់​សហរដ្ឋ​អាមេរិក​ ដែល​មាន​ជំនាញ​ខាង​​ជំងឺ​ឆ្លង បាន​សរសេរ​សំបុត្រ​រិះ​គន់​លោក Tedros ដោយបាន​ចោទ​ថា លោក​និង​ WHO បាន​បដិសេធ​មិនទទួល​ស្គាល់​សម្បុក​អាសន្ន​រោគ​cholerae នៅ​ប្រទេស​ស៊ូដង់។ សកម្ម​ភាព​នេះ​របស់​ WHO គឺ​ដើម្បីការពារ​កេរ្តិ៍​​ឈ្មោះ​របស់​អង្គ​ការ​នេះ​នៅ​លើ​ឆាក​អន្តរជាតិ​។

ប្រធាន​ WHO ត្រូវ​បាន​ចោទ​ថា លាក់​អាសន្ន​រោគ​3លើក​ នៅ​ក្នុង​ឆ្នាំ​2017
សាស្ត្រា​ចារ្យ​ Larry Gostin (រូប​កណ្ដាល)

កាល​ណោះ នៅ​ក្នុង​សំបុត្រ​របស់​ក្រុម​វេជ្ជ​បណ្ឌិត​សហរដ្ឋ​អាមេរិក​ មាន​ឃ្លា​សរសេរ​ថា “ការ​ស្ងៀម​ស្ងាត់​របស់​លោក​ (Tedros) នៅ​ចំពោះ​មុខ​អាសន្ន​រោគ​នៅ​ស៊ូដង់ កាន់​តែ​គួរ​ឱ្យ​បន្ទោស​។ ការ​ដែល​លោក​មិន​អនុញ្ញាត​ឱ្យ​បញ្ជូន​សំណាក​របស់​អ្នក​ជំងឺ​នៅ​ស៊ូដង់​ទៅ​កាន់​ប្រទេស​ស្វីស​ដើម្បី​វិភាគ និង​បញ្ចាក់​អំពី​អាសន្ន​រោគ​ ធ្វើ​ឱ្យ​លោក​ក្លាយ​ជា​អ្នក​សមគំនិត​ក្នុង​ការ​ជួយ​ឱ្យទុក្ខលំបាក និង​ការ​ស្លាប់​ដ៏សាហាវ​ បន្ត​រាល​ដាល​ធំឡើង​ៗ ហួស​ពី​លទ្ធ​ភាព​គ្រប់​គ្រង​ ខណៈ​ដែល​របាយ​ការណ៍​ថ្មី​ប្រចាំ​ថ្ងៃ​ជា​ច្រើន​ បញ្ជាក់​ថានេះ​ពិត​ជា​អាសន្ន​រោគ​cholerae​។ ប្រវត្តិ​​នៃ​អាសន្ន​រោគ​នេះ ប្រាកដ​ជា​មាន​ឈ្មោះ​របស់​លោក​”។

អាសន្ន​រោគ​នៅ​ប្រទេស​​អេត្យូពី​ និងស៊ូដង់ សុទ្ធ​តែ​ត្រូវ​បាន​ WHO ហៅ​ថា “ជំងឺ​រាក​ស្រួច​ស្រាល​” ជំនួស​ឱ្យ​​ពាក្យ​អាសន្ន​រោគ​cholerae​។ មតិ​ជា​ច្រើន​យល់​ថា ដោយ​ការ​លាក់បាំង​អាសន្ន​រោគ​cholerae​ ខណៈ​ដែល​នៅ​ជា​រដ្ឋ​មន្ត្រី​សុខាភិបាល​ អេត្យូពី បាន​ជួយ​ឱ្យ​លោក​ Tedros បន្ត​ជាប់​ជា​រដ្ឋ​មន្ត្រី​ការ​បរទេស​រហូត​ដល់​ឆ្នាំ2016។ ចំណែក​សម្បុក​អាសន្ន​រោគ​នៅ​ស៊ូដង់​វិញ WHO សង្កត់​ធ្ងន់​ថា ឈ្មោះ​របស់​ជំងឺ មិន​អាច​ផ្លាស់​ប្ដូរ​វិធី​ប្រយុទ្ធ​ប្រឆាំង​នឹង​រោគ​នេះ​នោះ​ទេ​។

Tedros បច្ចុប្បន្ន​អាយុ​55​ឆ្នាំ មាន​សញ្ញា​បត្រ​វេជ្ជ​បណ្ឌិត​របស់​សាកល​វិទ្យា​ល័យ ​Nottingham និង​សញ្ញា​បត្រ​អនុបណ្ឌិត​របស់​សាកល​វិទ្យា​ល័យ​ London។ ឆ្នាំ​2017​ លោក​ក៏ធ្លាប់​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ខាង​លើ​ផង​ដែរ។ លោក​ Tedros ថ្លែង​ថា លោក​ជា​ជន​រង​គ្រោះ​ក្នុង​យុទ្ធ​នាការ​​បរិហារ​កេរ្តិ៍​នៅ​នាទី​ចុង​ក្រោយ​ ដើម្បី​រារាំង​មិន​ឱ្យ​លោក​បាន​អង្គុយ​លើ​កៅ​អី​ “មន្ត្រី​សុខាភិបាល​កំពូល​របស់​ពិភពលោក​”។ លោក​ Tedros ពន្យល់​ថា ជំងឺ​ឆ្លង​បាន​កើត​នៅ​ក្នុង​តំបន់​ដាច់​ស្រយាល​នៅ​អេត្យូពី បង្ក​ការ​លំបាក​ដល់​បេសក​​កម្ម​ពិសោធន៍​មេរោគ​។

សាស្ត្រាចារ្យ​ Gostin កាល​ពី​សប្ដាហ៍​មុន​បាន​បដិសេធ​ការ​បញ្ចេញ​មតិ​ជាមួយ​ Telegraph ដោយ​និយាយ​ថា កិច្ច​សម្ភាស​ជាមួយ​ NYTimes កាល​ណោះ​ គឺជា​រឿង​យូរ​ហើយ​។ ប៉ុន្តែ​ នៅ​លើ​ទស្សនាវដ្ដី​សុខាភិបាល​អង់គ្លេស លោក Gostin បែរ​ជា​និយាយ​ថា យោបល់​របស់​លោក​ត្រូវ​បាន​ NYTimes ចុះ​ផ្សាយ​ “មិន​ត្រឹម​ត្រូវ​”។

ប្រធាន​ WHO ថ្មី​ៗ​នេះ ត្រូវ​ប្រទេស​ជា​ច្រើន​រិះ​គន់​ ក្នុង​នោះ​មាន​សហរដ្ឋ​អាមេរិក ជប៉ុន តៃវ៉ាន់ជាដើម ទាក់​ទិន​នឹង​រោគ​រាត​ត្បាត​COVID-19៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement