COVID-19! នាវិក​ជិត​600​នាក់​របស់​នាវា​ផ្ទុក​យន្ត​ហោះ​ចម្បាំង​អាមេរិកាំង​ បាន​ឆ្លង​វីរុស​

COVID-19! នាវិក​ជិត​600​នាក់​របស់​នាវា​ផ្ទុក​យន្ត​ហោះ​ចម្បាំង​អាមេរិកាំង​ បាន​ឆ្លង​វីរុស​

កង​ទ័ព​ជើង​ទឹក​សហរដ្ឋ​អាមេរិក​ កាល​ពី​ម្សិល​មិញ​(12​មេសា) បាន​បញ្ជាក់​ថា បាន​រក​ឃើញ​នាវិក​​ចំនួន​103​នាក់​នៅ​លើ​នាវា​ផ្ទុក​យន្ត​ហោះ​ចម្បាំង​ USS Theodore Roosevelt មាន​ផ្ទុក​​វីរុស​COVID-19 នាំ​ឱ្យចំនួន​​អ្នក​ផ្ទុក​វីរុស​នៅ​លើ​នាវា​នេះ​កើន​ដល់​585​នាក់​។

យោង​តាម​ស្ថិតិ​ពី​កង​ទ័ព​ជើង​ទឹក​អាមេរិកាំង​ សមាជិកក្រុម​​នាវិក​ប្រមាណជា​90%​ នៃ​នាវា​ USS Theodore Roosevelt​ ត្រូវ​បាន​ធ្វើ​តេស្ត​រកវីរុស​COVID-19 ក្នុង​នោះ​មាន​លទ្ធ​ផល​វិជ្ជមាន​ចំនួន​585​នាក់ និង​អវិជ្ជ​មាន​ចំនួន​3,724​នាក់​។

តួលេខ​នៃ​នាវិក​​នៅ​លើ​នាវា​ USS Theodore Roosevelt​ ដែល​បាន​ឆ្លង​វីរុស​ មាន​ចំនួន​75​% ក្នុង​ចំណោម​អ្នក​ជំងឺ​សរុប​នៅ​ក្នុង​ជួរ​កង​ទ័ព​ជើង​ទឹក​សហរដ្ឋ​អាមេរិក​។

នាវិក​ម្នាក់​ដែល​បាន​ឆ្លង​វីរុស​នៅ​លើ​នាវា​ USS Theodore Roosevelt កាល​ពី​ថ្ងៃទី​10​មេសាបាន​សន្លប់​ និង​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​កង​ទ័ព​ជើង​ទឹក​​នៅ​លើ​កោះ Guam។

កងទ័ព​ជើង​ទឹក​សហរដ្ឋ​អាមេរិក​ បាន​រាយការណ៍​អំពី​ករណី​ឆ្លង​វីរុស​COVID-19 នៅ​លើ​នាវា​ផ្ទុក​យន្តហោះ​ចំនួន​4​គ្រឿង​ រួម​មាន​នាវា​ Nimitz នាវា Ronald Reagan នាវា Carl Vinson និង​នាវា Theodore Roosevelt រួម​នឹង​នាវា​ចម្បាំង​មួយ​ចំនួន​ផ្សេង​ទៀត​ផងដែរ​។

សហរដ្ឋ​អាមេរិក​ បច្ចុប្បន្ន​មាន​អ្នក​​ជំងឺ​សរុប​554,226​នាក់ កើន​29,323​នាក់​ធៀប​នឹង​ម្សិល​មិញ ក្នុង​នោះ​អ្នក​ស្លាប់​មានចំនួន​​21,994​នាក់​។ ប្រទេស​នេះ​ជា​សម្បុក​មេរោគ​ធំជាង​គេ​បង្អស់​នៅ​ក្នុង​ពិភពលោក​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement