សមាជិក​សភា​អាមេរិកាំងថា WHO មិន​គួរ​ធ្វើ​ជា​សេក​ចេះ​តែ​និយាយ​តាម​ការ​យល់​ឃើញ​របស់​ចិន​នោះ​ទេ​

សមាជិក​សភា​អាមេរិកាំងថា WHO មិន​គួរ​ធ្វើ​ជា​សេក​ចេះ​តែ​និយាយ​តាម​ការ​យល់​ឃើញ​របស់​ចិន​នោះ​ទេ​

ប្រធាន​គណៈ​កម្មធិការ​ហិរញ្ញ​វត្ថុ​​នៃ​សភា​ជាន់​ខ្ពស់​សហរដ្ឋ​អាមេរិក​ Chuck Grassley បាន​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​​ WHO ដោយ​រិះគន់​អង្គ​ការ​មួយ​នេះ​ថា មាន​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ចេញ​សេចក្ដី​ព្រមាន​​ទូទាំង​សកល​លោក​អំពី​COVID-19។

“មាន​មូល​ហេតុ​ជា​ច្រើន​ដែល​ត្រូវ​សង្ស័យ​ទៅ​លើ​ប្រតិ​កម្ម​របស់​អង្គ​ការ​សុខ​ភាព​ពិភពលោក​(WHO) នៅ​ចំពោះ​មុខ​សញ្ញា​ដំបូង​នៃ​ការ​ផ្ទុះ​ឆ្លង​រាល​ដាល​វីរុស​នៅ​ប្រទេស​ចិន​។ កង្វះ​ខាត​ការ​វិភាគ​ដោយ​ឯក​រាជ​ និង​ការ​ព្រមាន​ជា​មុន​ទៅ​លើ​ព័ត៌មាន​មិនត្រឹម​ត្រូវ​ដំបូង​ពី​ប្រទេស​ចិន បាន​បណ្ដាល​ឱ្យ​ប្រទេស​មួយ​ចំនួន​ត្រូវ​រត់​ប្រណាំង​ដើម្បី​ប៉ះប៉ូវ​ពេល​វេលា​ដែល​បាន​កន្លង​ផុត​ទៅ​” សមាជិក​សភា​ជាន់​ខ្ពស់​អាមេរិកាំង​ លោក Grassley បាន​សរសេរ​នៅក្នុង​លិខិត​មួយ​ដែល​បាន​ផ្ញើទៅ​កាន់​ប្រធានអង្គ​ការ​សុខ​ភាព​ពិភព​លោក(WHO) លោក​ Tedros Adhanom Ghebreyesus កាល​ពី​ថ្ងៃទី​10​មេសា​កន្លង​ទៅ​។

លោក​ Grassley បាន​សង្កត់​ធ្ងន់​ថា ព័ត៌មាន​ពី​ភ្នាក់​ងារ​សម្ងាត់​របស់​សហរដ្ឋ​អាមេរិក​ បាន​ឱ្យ​ដឹង​ថា ប្រទេស​ចិន​បាន​លាក់​បាំង​កម្រិត​នៃ​ការ​ឆ្លង​រាល​ដាល​របស់​វីរុស​COVID-19 នៅ​ប្រទេស​នេះ​ ដោយ​បាន​និយាយ​កុហក​អំពី​តួលេខ​សរុប​នៃ​ករណី​ឆ្លង​ និង​ស្លាប់​ដោយ​សារ​COVID-19 ទន្ទឹម​នឹង​នេះ​ លោក​ Grassley យល់​ថា WHO “មាន​មូល​ហេតុ​ដើម្បី​មិន​ជឿ​ទៅ​លើ​ព័ត៌មាន​ដែល​ផ្ដល់​ដោយ​ប្រទេស​ចិន​ថា​ជា​តួលេខ​មិន​ត្រឹម​ត្រូវ​”។

សមាជិក​សភា​ជាន់​ខ្ពស់​អាមេរិកាំង​អះអាង​ថា​ WHO មាន​ភារ​កិច្ច​ធ្វើ​សកម្ម​ភាព​ឯក​រាជ្យ ហើយ​លោក​ក៏មាន​ការ​ព្រួយ​បារម្ភ​អំពី​ឥទ្ធិពល​នយោបាយ​របស់​ប្រទេស​ចិន​ បាន​ប៉ះពាល់​ដល់​ប្រតិ​កម្ម​របស់​ WHO​ ផងដែរ។

លោក​ Grassley ក៏បាន​សរសេរ​ថា ​តួលេខ​នៃ​ករណី​ឆ្លង​វីរុស​ដែល​ត្រូវ​បាន​បញ្ជាក់​នៅ​ប្រទេស​ចិន​ កើន​ខ្លាំង​ពី​220​ករណី​ក្នុង​ថ្ងៃទី​20មករា ឡើង​14,000​ករណី​នៅ​ថ្ងៃទី​1កុម្ភៈ ក៏ប៉ុន្តែ​នៅ​​ថ្ងៃទី​29​មករា WHO បែរ​ជា​សរសើរ​ចំពោះ​ការ​ទប់​ស្កាត់​COVID-19 របស់​ប្រទេស​ចិនទៅ​វិញ។

ប្រធាន​គណៈ​កម្មធិការ​ហិរញ្ញ​វត្ថុ​​នៃ​សភា​ជាន់​ខ្ពស់​សហរដ្ឋ​អាមេរិក​ Chuck Grassley
ប្រធាន​គណៈ​កម្មធិការ​ហិរញ្ញ​វត្ថុ​​នៃ​សភា​ជាន់​ខ្ពស់​សហរដ្ឋ​អាមេរិក​ Chuck Grassley

លិខិត​របស់​ Grassley ត្រូវ​បាន​ផ្ញើ​ទៅ​កាន់​WHO បន្ទាប់​ពី​លោក Trump កាល​ពី​ថ្ងៃទី​7មេសា​បាន​ព្រមាន​កាត់​ជំនួយ​របស់​ខ្លួន​ សម្រាប់​WHO ដោយ​ចោទ​ថា​ អង្គ​ការ​នេះ​កាន់​ជើង​ប្រទេស​ចិន​ ទាក់​ទិន​នឹង​បញ្ហា​COVID-19។ មិន​ត្រឹម​តែ​សហរដ្ឋ​អាមេរិក​នោះ​ទេ​ដែល​រិះ​គន់​ទៅ​លើ WHO ទាក់​ទិន​នឹង​ការ​ “ព្រម​ទទួល​យក​ការ​ទាមទារ​របស់​ប្រទេស​ចិន​”។ ឧបនាយក​រដ្ឋ​មន្ត្រី​ជប៉ុន​ ក៏​បាន​ចោទ​ប្រកាន់​អង្គ​ការ​នេះ​ថា​ជា “អង្គ​ការ​សុខ​ភាព​ចិន​”​ ទៀត​ផង។

ឆ្លើយ​តប​ទៅនឹង​ការ​រិះ​គន់​នានា កាល​ពី​ថ្ងៃទី​8មេសា ប្រធាន​អង្គ​ការ​សុខ​ភាព​ពិភពលោក​ ​អះអាង​ថា ពួកគេ​មិន​បាន​កាន់​ជើង​ប្រទេស​ចិន​នោះ​ទេ ហើយ​ថែមទាំង​បាន​អំពាវ​នាវ​កុំ​ឱ្យ​ “ធ្វើ​នយោបាយ​ឧបនីយកម្ម​ទៅ​លើ​វិបត្តិ​សុខ​ភាព​” ផងដែរ​។ “យើង​មាន​ភាព​ជិត​ស្និទ្ធ​ជា​មួយ​ប្រទេស​ទាំង​អស់ មិន​លម្អៀត​ទៅ​ខាង​ណា​មួយ​ឡើយ​”។ លោក​ Tedros អះអាង​បែប​នេះ​។

លោក​ Grassley តំណាង​រាស្ត្រ​សហរដ្ឋ​អាមេរិក​ បាន​សរសេរ​នៅ​ក្នុង​សំបុត្រ​របស់​លោក​ថា “ជំនួស​ឱ្យ​ការ​ផ្សព្វ​ផ្សាយ​ដូច​ទៅ​នឹង​សត្វ​សេក ចេះ​តែ​លើក​ឡើង​អំពី​ការ​យល់​ឃើញ​​របស់​ចិន​ WHO គួរ​តែ​បង្ហាញ​អំពី​ការ​វាយ​តម្លៃ​លក្ខណៈ​ឯករាជ្យ​របស់​ខ្លួន​”។ លោក Grassley បានបញ្ចប់​លិខិត​របស់​លោក​ដោយ​ស្នើ​ឱ្យ​ WHO ឆ្លើយតបនឹង​​បញ្ហា​ជា​ច្រើន​ដែល​លោក​បាន​លើក​ឡើង​​កន្លង​មក​។

លោក Grassley បាន​ “រំឭក” អង្គ​ការ​សុខ​ភាព​ពិភពលោក​ថា អាមេរិកាំង​គឺ​ជា​ប្រទេស​ម្ចាស់​ជំនួយ​ធំជាង​គេ​របស់​ WHO ចាប់​តាំង​ពី​ឆ្នាំ​1948​ និង​បាន​ចំណាយ​ទៅ​លើ​អង្គ​ការ​នេះ​ជាង​400​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​2019។

គិត​មក​ដល់​ពេល​នេះ មាន​ប្រទេស​ និង​ដែន​ដី​ចំនួន​210​ហើយ​ដែល​ទទួល​រង​ផល​វិបាក​ដោយ​សារ​វីរុស​COVID-19 បណ្ដាល​ឱ្យមនុស្ស​​ប្រមាណជា​1.7​លាន​នាក់​បាន​ឆ្លង​មេរោគ ក្នុង​នោះ​មាន​អ្នក​ជំងឺ​​ជាង​100,000​នាក់​បាន​ស្លាប់​។ សហរដ្ឋ​អាមេរិក​បច្ចុប្បន្ន គឺជា​សម្បុក​មេរោគ​ធំជាង​គេ​ក្នុង​ពិភពលោក ដោយមាន​មនុស្ស​ជាង​500,000​នាក់​បាន​ឆ្លង​វីរុស​COVID-19 ក្នុង​នោះ​មាន​ជាង​18,700​នាក់​បាន​បាត់បង់ជីវិត​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស​

Advertisement