Trump បញ្ជា​ឱ្យ​កង​ទ័ព​អាមេរិកាំង ​ជួយ​​អ៊ីតាលី​ប្រឆាំង​COVID-19

Trump បញ្ជា​ឱ្យ​កង​ទ័ព​អាមេរិកាំង ​ជួយ​​អ៊ីតាលី​ប្រឆាំង​COVID-19

ប្រធានាធិបតី​សហរដ្ឋអាមេរិក​បាន​ចេញ​បញ្ជាឱ្យ​​មន្ត្រី​រដ្ឋាភិបាល​ និង​កង​ទ័ព​អាមេរិកាំង ជួយ​ប្រទេស​អ៊ីតាលី​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​COVID-19 ដោយ​ការ​ផ្គត់​ផ្គង់​សម្ភារ​វេជ្ជ​សាស្ត្រ និង​ជំនួយ​មនុស្ស​ធម៌​។

នៅក្នុង​លិខិត​មួយ​ដែល​បាន​ផ្ញើ​ទៅ​កាន់​ក្រុម​មន្ត្រី​ក្នុង​គណៈ​រដ្ឋ​មន្ត្រី​សហរដ្ឋ​អាមេរិក​កាល​ពី​ម្សិល​មិញ ប្រធានាធិបតី​ Donald Trump ស្នើ​ឱ្យ​កង​ទ័ព​អាមេរិកាំង​នៅ​អ៊ីតាលី ចាប់​ផ្ដើម​ធ្វើ​យុទ្ធ​នាការ​ព្យាបាល​អ្នកជំងឺ​ និង​ជួយ​ដល់​ការ​សាង​សង់​មន្ទីរ​ពេទ្យ​បណ្ដោះ​អាសន្ន​ រួម​នឹង​ការ​ដឹក​ជញ្ជូន​សម្ភារ​ផ្នែក​សុខាភិបាល​។ល។

លោក​ Trump ក៏បាន​ស្នើ​ឱ្យ​រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម​ Wilbur Ross ជំរុញ​ឱ្យ​បណ្ដា​ក្រុម​ហ៊ុន​ លក់​សម្ភារ​សុខាភិបាល​ទៅ​តាម​ការ​ស្នើ​របស់​ក្រុម​មន្ត្រី​នៃ​ប្រទេស​អ៊ីតាលី​ លើក​លែង​តែ​ផលិត​ផល​ដែល​សហរដ្ឋ​អាមេរិក​កំពុង​ខ្វះ​ខាត​​ក្នុង​ការ​ទប់​ទល់​នឹង​COVID-19។​ ក្រសួង​ការ​បរទេស​ ទីភ្នាក់​ងារ​អភិវឌ្ឍអន្តរ​ជាតិ​របស់​សហរដ្ឋ​អាមេរិក​ និង​ធនាគារ​អាហរ័ណ​​នីហរ័ណ​អាមេរិក​ ក៏​ទទួល​បាន​សិទ្ធិ​ប្រើប្រាស់​រាល់​ធនធាន​ដើម្បី​ជួយ​សង្គ្រោះ​ខឿន​សេដ្ឋ​កិច្ច​នៃ​ប្រទេស​អ៊ីតាលី​ផងដែរ​។

លោក​ Trump ថ្លែង​ថា “អ៊ីតាលី ដែល​ជា​ប្រទេស​សម្ព័ន្ធ​មិត្ត​មួយ​ដ៏ជិត​ស្និទ្ធ​ និង​យូរ​អង្វែង​បំផុត​របស់​សហរដ្ឋ​អាំមេរិក​ កំពុង​ត្រូវ​បាន​វាយ​ប្រហារ​ដែល​ COVID-19 និង​បាន​រាយ​ការណ៍​ថា​មាន​អ្នក​ស្លាប់​ដល់​ទៅ​18,000​នាក់​។ មេរោគ​រាត​​ត្របាត​សកល​នេះ​ បាន​បណ្ដាល​ឱ្យ​ប្រព័ន្ធ​សុខាភិបាល​របស់​ពួកគេ​ ស្ថិត​ក្បែរ​មាត់​ជ្រោះ​ និង​អាច​រុញ​ច្រាន​សេដ្ឋ​កិច្ច​ប្រទេស​នេះ​ធ្លាប់​ទៅ​ក្នុង​វិបត្តិ​”។ នេះបើ​តាម​សារ​ព័ត៌មាន​ Reuters។

គិត​មក​ដល់​​ពេល​នេះ ប្រទេស​អ៊ី​តាលី​បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 ជាង​147,500​នាក់​ ក្នុង​នោះ​មាន​​អ្នកជំងឺ​ជិត​19,000​នាក់​បាន​បាត់បង់​ជីវិត​។ ក្រុម​អ្នក​ជំនាញ​យល់​ថា តួលេខ​នៃ​ករណី​ឆ្លង​វីរុស​ និង​ស្លាប់​ លែង​កើន​ឡើង​យ៉ាង​​គំហុក​ដូច​មុន​ ប៉ុន្តែ​វា​ក៏​មិន​ទាន់​ថយ​ចុះ​ខ្លាំង​នោះ​ដែរ​ ហើយ​អ៊ីតាលី​នៅ​តែ​ជា​ “វាល​ពិឃាត” របស់​វីរុស​COVID-19 ធំជាង​គេ​បង្អស់​នៅ​ក្នុង​ពិភពលោក​។ រដ្ឋាភិបាល​អ៊ីតាលី​បាន​ចេញ​បម្រាម​គោចរ​ទូទាំង​ប្រទេស​ចាប់​ពី​ថ្ងៃទី​9​មីនា​ ដោយ​ស្នើ​ឱ្យ​ប្រជា​ជន​នៅ​តែ​ក្នុង​ផ្ទះ​ ព្រម​ទាំង​បាន​ផ្អាក​ដំណើរ​ការ​រាល់​អាជីវ​កម្ម​មិន​ចាំបាច់​ផងដែរ​។

នៅ​ទូទាំង​ពិភពលោក មក​ដល់​បច្ចុប្បន្ន មាន​អ្នក​ស្លាប់​ដោយ​សារ​វីរុស​COVID-19 ជាង​102,780នាក់ ក្នុង​ចំំណោម​អ្នក​ផ្ទុក​វីរុស​​ជាង​1,699,400នាក់​ ខណៈ​អ្នកជំងឺ​បាន​ជាសះស្បើយ​មាន​ចំនួន​ 377,040​នាក់​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement