ប្រទេស​ដែល​ធ្វើ​ “ព្រងើយ​” ចំពោះ​បញ្ហា​ខ្វះ​ម៉ាស់​នៅ​ទូទាំង​​ពិភពលោក

ប្រទេស​ដែល​ធ្វើ​

ប្រទេស​ជា​ច្រើន​កំពុង​តែ​ដណ្ដើម​​ទំនិញ​ជា​សម្ភារ​សុខាភិបាល​ដើម្បី​ទប់​ទល់​នឹង​COVID-19 ក៏ប៉ុន្តែ​ប្រទេស​ហ្វង់ឡង់​​ឯណោះ​វិញ បែរ​ជា​មិន​ខ្ចី​អើពើ​លើ​រឿង​នេះ ដោយ​សារ​តែ​អាង​ម៉ាស់​ដែល​បាន​ត្រៀម​​ពេញ​ក្នុង​ឃ្លាំង​។

ឃ្លាំង​ដ៏ធំបំផុត​នៅ​អឺរ៉ុប​នេះ ត្រូវ​បាន​ប្រទេស​ហ្វាំង​ឡង់​​សាង​សង់​អស់​ជា​ច្រើន​ឆ្នាំ​ ដោយ​មិន​ត្រឹម​តែ​មាន​សម្ភារ​សុខាភិបាល​នោះ​ទេ តែ​នៅ​មាន​ទាំង​ប្រេង គ្រាប់​ធញ្ញជាតិ ឧបករណ៍​កសិកម្ម​ រួម​នឹង​វត្ថុ​ធាតុ​សម្រាប់​ផលិត​គ្រាប់​រំសេវ​ទៀត​ផង​។

នៅ​ពេល​ត្រូវ​បាន​ COVID-19 វាយ​ប្រហារ រដ្ឋាភិបាល​ហ្វាំង​ឡង់ក៏​បាន​បើក​ឃ្លាំង​នេះ​ជា​លើក​ដំបូង​ បន្ទាប់ពី​​សង្គ្រាម​លោក​លើក​ទី2​បាន​បញ្ចប់។ “ហ្វាំង​ឡង់​គឺជា​ប្រទេស​ដែល​មាន​ស្មារតី​បង្ការ​ខ្ពស់​បំផុត​នៅ​អឺរ៉ុប​ខាង​ជើង។ ពួកគេ​តែង​តែ​ត្រៀម​ជា​ស្រេច​ក្នុង​ការ​ទប់​ទល់​នឹង​មហន្តរាយ​នានា​ ឬ​សង្គ្រាម​លោក​លើក​ទី3” នេះ​បើ​តាម Magnus Hakenstad ​​អ្នក​ស្រាវ​ជ្រាវ​នៅ​មន្ទីរ​ស្រាវ​ជ្រាវ​ផ្នែក​ការ​ពារ​ជាតិ​នៃ​ប្រទស​ន័រវែស។

ប្រធានាធិបតី​របស់​ហ្វាំង​ឡង់ លោក​ Sauli Niinisto
ប្រធានាធិបតី​របស់​ហ្វាំង​ឡង់ លោក​ Sauli Niinisto

Tomi Lounema ប្រធាន​ទីភ្នាក់​ងារ​ជាតិ​សង្គ្រោះ​បន្ទាន់​របស់​ហ្វាំង​ឡង់​ថ្លែង​ថា “បើទោះជា​ហ្វាំង​ឡង់​ទទួល​បាន​ចំណាត់​ថ្នាក់​ខ្ពស់​ក្នុង​បញ្ជី​ប្រទេស​ដែល​មាន​សុភមង្គល​បំផុត​ក្នុងពិភពលោក​ជា​បន្ត​បន្ទាប់​ ប៉ុន្តែ​ទីតាំង​ភូមិ​សាស្ត្រ​ និង​មេរៀន​ប្រវត្តិ​សាស្ត្រ​បាន​នាំ​ឱ្យ​ប្រទេស​ដែល​មាន​ប្រជាជន​5.5​លាន​នាក់​នេះ តែង​តែ​ត្រៀម​ជា​ស្រេច​ដើម្បី​ទប់​ទល់​នឹង​បញ្ហា​អាក្រក់​បំផុត​ដែល​អាច​កើត​មាន​។ លោក​ក៏បាន​រំឭក​អំពី​សង្គ្រាម​ជាមួយ​សូវៀត​កាល​ពី​ឆ្នាំ​1939​ ដែល​ធ្វើ​ឱ្យ​ហ្វាំង​ឡង់​ត្រូវ​ប្រុង​ជើង​ការ​ជានិច្ច​។

កាល​ពី​សប្ដាហ៍​មុន នៅ​ពេល​ករណី​ឆ្លងវីរុស​COVID-19 ចាប់​ផ្ដើម​កើន​ឡើង​ច្រើន ក្រសួង​សុខាភិបាល​បាន​ស្នើ​ឱ្យ​បញ្ចេញ​ម៉ាស់​ចែក​ជូន​ដល់​បណ្ដា​មន្ទីរពេទ្យ​នៅ​ទូទាំង​ប្រទេស​។ គិត​មក​ដល់​ពេល​នេះ ហ្វាំង​ឡង់​បាន​រកឃើញ​អ្នក​ផ្ទុក​មេរោគ​COVID-19 ជាង​2,176​នាក់​ ក្នុង​នោះ​មាន​​28​នាក់​បាន​បាត់​បង់ជីវិត​។ Lounema ថ្លែង​ថា “ម៉ាស់​បាន​ចាស់​ហើយ​ ប៉ុន្តែ​នៅ​ប្រើប្រាស់​​បាន​”។

ហ្វាំង​ឡង់​មិន​បាន​ឱ្យ​ដឹង​អំពី​ចំនួន​ម៉ាស់ ក៏ដូច​ជា​សម្ភារ​សុខាភិបាល​ដែល​ខ្លួន​មាន​នោះ​ទេ ប៉ុន្តែ​មន្ត្រី​នៃ​ប្រទេស​នេះ ទទួល​ស្គាល់​ថា សម្ភារ​ដែលបាន​​រក្សា​ទុក​ គឺ​នៅ​ក្នុង​ឃ្លាំង​ជា​ច្រើន​កន្លែង​នៅ​ពាស​ពេញ​ផ្ទៃ​ប្រទេស​។

ជា​មួយ​នឹង​ប្រការ​ខាង​លើ​ ហ្វាំង​ឡង់​មាន​ប្រៀប​ជាង​ប្រទេស​ផ្សេង​ៗ ខណៈ​ត្រូវ​ទប់​ទល់​នឹង​រោគ​រាតត្បាត​។ បណ្ដា​ប្រទេស​ដូច​ជា សហរដ្ឋ​អាមេរិក អាល្លឺម៉ង់ ឬ​បារាំង​ជា​ដើម កំពុងតែ​ស្ថិត​ក្នុង​ស្ថាន​ភាព​ខ្វះ​សម្ភារ​វេជ្ជាសាស្ត្រ ដូចជា​ម៉ាស់ ម៉ាស៊ីន​ជំនួយ​ដក​ដង្ហើម ឈុត​សម្លៀក​បំពាក់​ការពារ​មេរោគជា​ដើម ធ្វើ​ឱ្យ​ពួកគេ​ត្រូវ​ដណ្ដើម​គ្នា​យ៉ាង​ខ្លាំង​ក្លា សូម្បី​តែ​ជា​សម្ព័ន្ធ​មិត្ត​នឹង​គ្នា​ក៏ដោយ​៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស

Advertisement