ជិតឈ្នះហើយ!! កូរ៉េខាងត្បូង រកឃើញអ្នកឆ្លងមេរោគថ្មី “47នាក់” តិចបំផុតក្នុងរយៈពេល 1ខែចុងក្រោយ

ជិតឈ្នះហើយ!! កូរ៉េខាងត្បូង រកឃើញអ្នកឆ្លងមេរោគថ្មី “47នាក់” តិចបំផុតក្នុងរយៈពេល 1ខែចុងក្រោយ

សារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា ប្រទេសកូរ៉េខាងត្បូង រកឃើញអ្នកឆ្លងមេរោគវីរុសកូរ៉ូណាប្រភេទថ្មីកើនឡើងត្រឹមតែ 47នាក់ប៉ុណ្ណោះនៅថ្ងៃនេះ(ទី6មេសា) ជាចំនួនទាបបំផុតក្នុងរយៈពេលជាង 1ខែចុងក្រោយនេះ បន្ទាប់ពីឆ្លងផុតចំណុចខ្ពស់បំផុតកាលពីថ្ងៃទី29 កុម្ភៈកន្លងទៅ។

ការឆ្លងរាតត្បាតរបស់មេរោគកូវីដ-19 នៅក្នុងទឹកដីស្ពៃជ្រក់គីមឈី ដែលអាចនិយាយបានថា ធ្ងន់ធ្ងរបំផុតនៅក្នុងទ្វីបអាស៊ី បន្ទាប់ពីប្រទេសចិនដីគោកនោះ ពេលនេះមានសញ្ញាបង្អន់ល្បឿនចុះជាបន្តបន្ទាប់ ដោយចុងក្រោយ​បំផុតនេះ មជ្ឈមណ្ឌលគ្រប់គ្រង និងការពាររោគឆ្លងនៃប្រទេសកូរ៉េខាងត្បូង(KCDC) បានអះអាងពីចំនួនអ្នកឆ្លងមេរោគថ្មីចំនួន 47នាក់ ថយចុះជិតទ្វេដង បើធៀបនឹងចំនួន 81នាក់ កាលពី 1ថ្ងៃមុនហ្នឹង។

ចំនួនអ្នកឆ្លងមេរោគសរុបនៅក្នុងប្រទេសកូរ៉េខាងត្បូងស្ថិតក្នុងតួលេខ 10,284នាក់ ស្លាប់កើនឡើង 3នាក់ សរុប 186នាក់ ចំណែកអ្នកជំងឺដែលបានជាសះស្បើយ កើនឡើង 135នាក់ សរុប 6,598នាក់។

ប្រទេសកូរ៉េខាងត្បូង អាចនិយាយបានថា ទទួលបានជោគជ័យក្នុងការគ្រប់គ្រងជំងឺរាតត្បាតក្នុងគ្រានេះ ដោយតួលេខអ្នកឆ្លងមេរោគប្រចាំថ្ងៃ បានថយចុះនៅសល់តែប្រមាណជា 100នាក់ ឬទាបជាងហ្នឹង ប៉ុន្តែថ្ងៃនេះ (ទី6មេសា) គឺជាថ្ងៃដំបូងដែលមានអ្នកឆ្លងមេរោគថ្មីមិនដល់ 50នាក់។

តែយ៉ាងណាក៏ដោយ អាជ្ញាធរនៃប្រទេសកូរ៉េ នៅតែតាមដានយ៉ាងប្រុងប្រយ័ត្នលើការចម្លងមេរោគជាក្រុម នៅតាមវិហារ មន្ទីរពេទ្យ ឬមណ្ឌលសង្គ្រោះផ្សេងៗ រួមទាំងអ្នកធ្វើដំណើរមកពីបរទេសដែលអាចនាំមេរោគចូលមកចម្លងបានផងដែរ។

រដ្ឋាភិបាលកូរ៉េខាងត្បូង បានប្រកាសកាលពីថ្ងៃសៅរ៍(ទី4មេសា) ឱ្យពង្រីកវិធានការរក្សាគម្លាតឆ្ងាយខាងសង្គម​(Social-distandcing) បែបតឹងរ៉ឹងបន្ថែមទៀតរយៈពេល 2សប្ដាហ៍៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement