ប្រយ័ត្ន!! ពេទ្យប្រាប់ថា អ្នកកណ្ដាស់ខ្លាំងៗ អាចធ្វើឱ្យមេរោគវីរុសកូវីដ-19 ហោះទៅឆ្ងាយបាន 8.2ម៉ែត្រ

អ្នកកណ្ដាស់ខ្លាំងៗ អាចធ្វើឱ្យមេរោគវីរុសកូវីដ-19 ហោះទៅឆ្ងាយបាន 8.2ម៉ែត្រ

វេបសាយ ដេលី មែល បានរាយការណ៍នៅថ្ងៃទី1 ខែមេសាថា លោកវេជ្ជបណ្ឌិត អ៊ែនថូនី ហ្វូស៊ី ប្រធានក្រុមការងារផ្នែកការឆ្លងរាលដាលរបស់មេរោគវីរុសកូវីដ-19 របស់សហរដ្ឋអាមេរិក បានចេញមកថ្លែងការណ៍អំពីលទ្ធផលនៃការវិភាគរបស់ស្ថាប័នតិចណូឡូជី ម៉ាសាឈូសិតស៍ ឬ MIT ដោយបានបញ្ជាក់អំពីលទ្ធផលនៃការស្រាវជ្រាវវិភាគថ្មីៗដែលបានរកឃើញថា ការកណ្ដាស់យ៉ាងខ្លាំងក្លា អាចធ្វើឱ្យលម្អងទឹកតូចៗល្អិតៗ(មើលមិនឃើញដោយភ្នែកទទេ)ដែលអាចមានមេរោគវីរុសកូវីដ-19 ជាប់មកជាមួយ អាចអណ្ដែតទៅឆ្ងាយបានដល់ទៅ 27ហ៊្វុត ឬប្រមាណជា 8.2ម៉ែត្រ ដែលលទ្ធផលនៃការរកឃើញនេះ ហុចផលឱ្យការណែនាំក្នុងការរក្សាគម្លាតចម្ងាយខាងសង្គម 6ហ៊្វុត ឬប្រមាណជា 2ម៉ែត្រ នាពេលបច្ចុប្បន្ននេះ អាចនឹងមិនគ្រប់គ្រាន់។

លោក ហ្វូស៊ី បានបញ្ជាក់ថា ការស្រាវជ្រាវវិភាគមួយនេះ គឺជាការសាកល្បងការចម្លងរាលដាលរបស់ទឹកមាត់ ក្នុងករណីកណ្ដាស់យ៉ាងខ្លាំង មិនមែនសាយភាយតាមរយៈការនិយាយ ឬក្អក ឬការកណ្ដាស់ធម្មតានោះទេ តែនោះវាមានន័យថា បើសិនប្រទះឃើញអ្នកណាដែលកណ្ដាស់ខ្លាំងៗ ចូរប្រញាប់ថយចេញឱ្យឆ្ងាយពីទីកន្លែងនោះភ្លាមៗតែម្ដង ឬព្យាយាមស្ថិតនៅឱ្យឆ្ងាយពីចំណុចនោះប្រមាណ 8ម៉ែត្រ។

ទាំងអស់នេះ លទ្ធផលនៃការស្រាវជ្រាវវិភាគរបស់ MIT បានរកឃើញថា ការកណ្ដាស់ខ្លាំងៗ បូកជាមួយខ្យល់ដែលកើតឡើង បានហុចផលឱ្យលម្អងទឹកតូចៗល្អិតៗ(មើលមិនឃើញដោយភ្នែកទទេ)អណ្ដែតទៅកាន់តែឆ្ងាយឡើង ខណៈដែលភាពសើម ក៏ហុចផលឱ្យលម្អងទឹកតូចៗល្អិតៗអណ្ដែតនៅក្នុងអាកាសបានកាន់តែយូរឡើងដូចគ្នា៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement