រាជរដ្ឋាភិបាល​ណែនាំ​ឱ្យ​ត្រៀម​ស្បៀង​សំខាន់​ៗ ដើម្បី​ទប់​ទល់​នឹង​បញ្ហា​ដែល​អាច​កើត​ឡើង​ដោយ​សារ​ COVID-19

រាជរដ្ឋាភិបាល​កម្ពុជា​ប្រកាស​ឱ្យ​ត្រៀម​ស្បៀង​អាហារ​សំខាន់​ៗ​សម្រាប់​ស្ថាន​ការណ៍​អាក្រក់​ដែល​អាច​នឹង​កើត​មាន​ឡើង ខណៈ​ដែល​វីរុស​COVID-19 កំពុង​រាតត្បាត​ពិភពលោក។

សេចក្តីជូនដំណឹង​ស្តី​ពី​លទ្ធផល​នៃ​សម័យប្រជុំ​គណៈ​អចិន្ត្រៃយ៍​គណៈរដ្ឋមន្ត្រី កាល​ពី​​ថ្ងៃ​ទី​31មីនាកន្លង​ទៅ​ បាន​ឱ្យ​ដឹង​ថា “ក្នុង​កាលៈ​ទេសៈ​ដ៏​លំបាក​នៃ​ការ​រីករាល​ដាល​ការ​ឆ្លងជំងឺ​វីរុស​COVID-19នេះ ត្រូវ​ជំរុញ​វិស័យ​កសិកម្ម​ក្នុង​ស្រុក​ដែល​ជា​ចំណុច​ខ្លាំង​របស់​កម្ពុជា។​ ត្រូវ​ស្តុក​បម្រុង​ទុក​នូវ​ទំនិញ​យុទ្ធ​សាស្ត្រ​ដូច​ជា​ អង្ករ និង​អំបិល”។

ចំពោះ​អង្ករ​ដែល​ជា​ស្បៀង​យុទ្ធ​សាស្ត្រ​របស់​កម្ពុជា​​ ក៏ត្រូវ​បាន​រាជរដ្ឋាភិបាល​ហាម​មិន​ឱ្យ​នាំ​ចេញ លើក​លែង​តែ​អង្ករ​ក្រអូប​ ដោយ​បទ​បញ្ជា​នេះ​នឹង​ត្រូវ​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​5​មេសា​ ឆ្នាំ​2020​​ រហូត​ដល់​មាន​សេចក្ដី​ប្រកាស​ថ្មី​។ ក្រៅ​ពី​នេះ ទំនិញ​សំខាន់​ៗ​មួយ​ចំនួន​ផ្សេង​ទៀត​ ក៏ត្រូវ​បាន​រាជរដ្ឋា​ភិបាល​ណែនាំ​ឱ្យ​យក​ចិត្តទុក​ដាក់ និង​ត្រៀម​ផងដែរ ដូច​ជា​ទឹក​អាល់​កុល និង​ម៉ាស់ជា​ដើម។

គិត​មក​ដល់​បច្ចុប្បន្ន កម្ពុជា​បាន​រកឃើញ​អ្នក​ផ្ទុកមេរោគ​COVID-19 ចំនួន​109​ករណី​ ក្នុង​នោះ​មាន23​ករណី​បាន​ជាសះស្បើយ និង​86​ករណី​កំពុង​ស្ថិត​ក្នុង​ការ​ព្យាបាល​។

នៅទូទាំង​ពិភពលោក មាន​អ្នក​ឆ្លង​វីរុស​COVID-19 សរុប​ 858,669​នាក់ ក្នុង​នោះ​មាន​178,099​នាក់បាន​ជា​សះ​ស្បើយ និង​ 42,151​នាក់​ កំពុង​ប្រឈម​នឹង​ការ​ស្លាប់​៕

Advertisement