ចំនួន​អ្នក​ស្លាប់​ដោយ​សារ​វីរុស COVID-19 នៅ​អ៊ីតាលី ខ្ពស់​ជាង​ប្រទេសចិន​​ទ្វេ​ដង

ប្រទេស​អ៊ីតាលី បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​ COVID-19 ចំនួន69,176​នាក់ ក្នុង​នោះ​មាន​អ្នក​ស្លាប់​ ​6,820​នាក់​ ខណៈ​ដែល​ប្រទេស​ចិន​ មាន​អ្នក​ស្លាប់​ 3,277​នាក់​។

ចំនួន​អ្នក​ស្លាប់​ដោយ​សារ​មេរោគ​កូរ៉ូណា​ ក្នុង​រយៈ​ពេល​24​ម៉ោងកន្លង​ទៅ​នៅ​អ៊ីតាលី បាន​កើន​​743​នាក់​បន្ថែម​ទៀត​ នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​នៅ​ប្រទេស​នេះ​បាន​កើន​ដល់​6,820​នាក់​ ខ្ពស់​ជាង​ប្រទេស​ចិន​ដល់​ទៅ​2​ដង​ឯណោះ​។

ដោយ​សារ​តែ​ការ​ធ្វើ​តេស្ត​រក​មេរោគ​នៅ​ប្រទេស​អ៊ីតាលី ត្រូវ​បាន​ធ្វើ​ឡើង​ចំពោះ​តែ​ករណី​មាន​រោគ​សញ្ញា​ធ្ងន់​ លោក Angelo Borrelli ប្រធាន​នាយក​ដ្ឋាន​ការពារ​ប្រជាជន​ស៊ីវិល​អ៊ីតាលី​ កាល​ពី​ម្សិល​មិញ​បាន​ឱ្យ​ដឹង​ថា​ តួលេខ​ពិត​ប្រាកដ​ស្ដី​អំពី​អ្នក​ជំងឺ​ COVID-19 អាច​ខ្ពស់​ជាង​​10​ដង​ បើ​ធៀប​នឹង​តួលេខ​ដែល​បាន​រាយ​ការណ៍​។

រដ្ឋាភិបាល​អ៊ីតាលី កាល​ពី​ថ្ងៃទី​23​មីនា បាន​ចេញ​បទ​បញ្ជា​បិទ​រាល់​អាជីវ​កម្ម​ណា​ដែល​ត្រូវ​បាន​យល់​ថា​មិន​ចាំបាច់​។ នាយក​រដ្ឋ​មន្ត្រី​ Giuseppe Conte ក៏​បាន​បង្កើន​កម្រិត​នៃ​ការ​ពិន័យ​ចំពោះ​អ្នក​ណា​ដែល​ចេញ​ពី​ផ្ទះ​ ពី​20​ EUR (ជាង​220​ដុល្លារ​អាមេរិក) ឡើង​ដល់​3,000​​ EUR (ជាង​3,200​ដុល្លារ​អាមេរិក)។

បទបញ្ជា​ទាំង​ឡាយ​ក្នុង​ពេល​បច្ចុប្បន្ន នៅ​ប្រទេស​អ៊ីតាលី នឹង​អស់​សុពល​ភាព​នៅ​ថ្ងៃទី​3មេសា​ខាង​មុខ​។ យោង​​តាម​អនុក្រឹត្យ​មួយ​ដែល​បាន​ចេញ​កាល​ពី​ម្សិល​មិញ រដ្ឋាភិបាល​អាច​នឹង​ពន្យារ​​សុពល​ភាព​នៃ​បទ​បញ្ជា​ខាងលើ​ រហូត​ដល់​ថ្ងៃទី​31​កក្កដា​។ ក៏ប៉ុន្តែ នាយក​រដ្ឋមន្ត្រី​ Conte បាន​ច្រាន​ចោល​ផែន​ការ​រក្សា​សុពល​ភាព​នៃ​បម្រាម​គោចរនេះ​​រហូត​ដល់​ពេល​នោះ​ (31​កក្កដា)។

សូម​បញ្ជាក់​ថា បន្ទាប់​ពី​ឆ្លងរាល​ដាល​ពី​ប្រទេស​ចិន​ កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​2019 វីរុស​ COVID-19 បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​​​ប្រទេស​ និង​ដែន​ដី​ចំនួន​197 នៅ​ក្នុង​ពិភពលោក ហើយ​មក​ដល់​ពេល​នេះ អឺរ៉ុប​បាន​ក្លាយ​ជា​សម្បុក​មេរោគ​ដ៏​ធំ​មួយ​របស់​ពិភពល​លោក​ផងដែរ​។ នៅ​ទូទាំង​ពិភពលោក មាន​មនុស្ស ​422,566នាក់បាន​ឆ្លង​មេរោគ​កូរ៉ូណា ក្នុង​នោះ​មាន​18,887​​នាក់​បាន​បាត់​បង់​ជីវិត​ និង​​108,388​នាក់​បាន​ជា​សះ​ស្បើយ​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement