គ្រូបង្រៀនម្នាក់​ ​ត្រូវ​ចូលទៅ​​​ព្រៃ​ជ្រៅ​ ដើម្បី​បង្រៀន​សិស្ស​តាម​អនឡាញ ព្រោះ​តែ​ COVID-19

គ្រូបង្រៀនម្នាក់​ ​ត្រូវ​ចូលទៅ​​​ព្រៃ​ជ្រៅ​ ដើម្បី​បង្រៀន​សិស្ស​តាម​អនឡាញ ព្រោះ​តែ​ COVID-19

ជារៀង​រាល់​ព្រឹក​ អ្នក​គ្រូ Liao Xiaolan អាយុ​40​ឆ្នាំ តែ​ង​តែ​នាំ​យក​តុ កៅអី កុំព្យូទ័រ និង​ឧបករណ៍​ផ្សេងទៀត​ ធ្វើ​ដំណើរ​ចូល​ទៅ​ក្នុង​ព្រៃ​​​ជ្រៅ ដែល​មាន​ចម្ងាយ​ប្រហែល​1គីឡូម៉ែត្រ​ពី​ផ្ទះ ដើម្បី​បង្រៀន​សិស្សា​តាម​អនឡាន​។

Liao Xiaolan ដែល​ជា​គ្រូបង្រៀន​ផ្នែក​វិទ្យា​សាស្ត្រ​នៃ​សាលា​មធ្យម​សិក្សា​មួយ​នៅ​ក្នុង​ទីក្រុង​ Hangzhou នៃ​ខេត្ត​ Zhejiang ប្រទេស​ចិន​ បាន​មក​សួរ​សុខទុក្ខ​ឪពុក​ម្ដាយ​ នៅតំបន់​ភ្នំ Jinggang កាល​ពី​រដូវ​ចូល​ឆ្នាំ​ចិន​កន្លង​ទៅ​។ នៅ​ដើម​ខែ​កុម្ភៈ បន្ទាប់​ពី​មាន​មនុស្ស​2​នាក់បាន​ឆ្លង​វីរុស​ COVID-19 ​ភូមិ​​របស់​ Liao ក៏​ត្រូវ​បាន​គេ​ដាក់​បម្រាម​គោចរ​ ធ្វើ​ឱ្យ​នាង​ និង​ប្ដី ត្រូវ​ជាប់​នៅ​ក្នុង​តំបន់ Jinggang​។

តាម​ការ​ប្រកាស​របស់​សាលាដែល​នាង​ធ្វើ​ការ​ គ្រូបង្រៀន​ទាំង​អស់​ ត្រូវ​ចាប់​ផ្ដើម​​បង្រៀន​សិស្ស​តាម​អនឡាញចាប់​ពី​ថ្ងៃទី​10កុម្ភៈ ដូចទៅ​នឹង​សាលា​ផ្សេង​ៗ​ក្នុង​ប្រទេស​ចិន​។ ប្រការ​នេះ បង្ក​ផល​លំបាក​ដល់​នាង​ ព្រោះ​ផ្ទះ​ឪ​ពុក​ម្ដាយ​របស់​នាង​ ត្រូវ​ព័ន្ធ​ជុំ​វិញ​ទៅ​ដោយ​ភ្នំខ្ពស់​ៗ ធ្វើ​ឱ្យ​នាង​ពិបាក​ប្រើ​ប្រាស់​អ៊ីនធើណិត​។ Liao មិន​អាច​ត្រឡប់​ទៅ​ Hangzhou​ ហើយ​ក៏​មិន​អាច​ចេញទៅ​ទីរួម​ស្រុក​ដែល​នៅ​ជិត​នោះ​ ដើម្បី​ប្រើ​អ៊ីនធើណិតបាន​ដែរ​​។

ដើម្បី​ដោះស្រាយ​បញ្ហា​នេះ អ្នក​គ្រូ Liao ក៏បានកែ​ច្នៃ​ប្រព័ន្ធ​ចាប់​សញ្ញា​អ៊ីធើណិត ដោយ​ប្រើ​ដើម​ឫស្សី ខ្សែ​ភ្លើង និង​បន្ទះ​សៀគ្វី (Printed circuit board)។ ប្ដី​របស់​នាង ដែល​ជា​គ្រូបង្រៀនផ្នែក​​បច្ចេក​ទេស​​នៅ​ឯសាកល​វិទ្យា​ល័យ​មួយ​ ក៏​ បាន​ជួយ​រៀប​ចំ​ផ្នែក​បច្ចេក​ទេស​ឱ្យ​នាង​។

2ថ្ងៃ​ មុន​ពេល​ចាប់​ផ្ដើម​បង្រៀន​តាម​អនឡាញ អ្នក​គ្រូ Liao និង​ប្ដី​ បាន​ចូល​ទៅ​ក្នុង​ព្រៃតាំង​ពី​ព្រលឹម ​ដើម្បីស្វែង​រក​កន្លែង​ដែល​អាច​ចាប់​សញ្ញា​អ៊ីនធើណិត​បាន​ល្អ។ នៅ​ពេល​រសៀល​ ពួកគេ​ក៏បាន​រក​ឃើញ​កន្លែង​ល្អ​មួយ​​ក្នុង​ព្រៃ​ជ្រៅ ដែល​មានចម្ងាយ​ប្រហែល​1គីឡូម៉ែត្រ​ពី​ផ្ទះ​របស់​ឪពុក​ម្ដាយរបស់​​នាង​ ជា​កន្លែង​ដែល​អាច​ចាប់​សញ្ញា​អ៊ីនធើណិត​​បាន​ល្អ​ជាង​គេ​។

បើ​ទោះ​ជា​មាន​បទ​ពិសោធន៍​ក្នុងការ​បង្រៀន​ជា​ច្រើន​ឆ្នាំ ប៉ុន្តែ​ អ្នក​គ្រូ Liao នៅ​តែ​មាន​អារម្មណ៍​ភ័យ​ៗ នៅ​មុន​ពេល​ចាប់​ផ្ដើម​បង្រៀន​តាម​អន​ឡាញ​ជា​លើក​ដំបូង​។ “ខ្ញុំ​ពិត​ជា​មាន​ការ​ព្រួយ​បារម្ភ​ មិន​ដឹង​ថា​ កូន​សិស្ស​នឹង​គិត​បែប​ណា​ នៅ​ពេល​ឃើញ​ខ្ញុំ​នៅ​ក្នុង​ព្រៃ​បែប​នេះ ហើយ​ក៏​មិន​ដឹង​ថា ឧបករណ៍​ចាប់​សញ្ញាអ៊ីនធើណិត​ ដំណើរ​ការ​ល្អ​ ឬ​យ៉ាង​ណា​នោះ​ដែរ​”។

ព្រឹក​ព្រលឹម​ថ្ងៃ​ទី​10 ខែ​កុម្ភៈ នៅ​ពេល​សន្សើម​នៅ​គ្រប​ដណ្ដប់​កំពូល​ភ្នំ​នៅ​ឡើយ អ្នក​គ្រូ Liao បាន​ទៅ​ដល់​កន្លែង​ធ្វើ​ការ​របស់​នាង​ ដោយ​អង្គុយ​នៅ​ក្រោម​ដើម​ឈើ​តូច​ធំ ដើម្បី​បង្រៀន​តាមអនឡាញ​ដល់​សិស្ស​​ដែល​នៅ​ឆ្ងាយ​ពី​នាង​ជាង​700គីឡូម៉ែត្រ​។

Liu Xuan ដែល​ជា​សិក្ស​ម្នាក់​ក្នុង​ចំណោម​សិស្ស​របស់​អ្នក​គ្រូ Liao បាន​ឱ្យ​ដឹង​ថា ខ្លួន​មាន​សាលា​រៀន​ខុស​ពី​គេ​។ “ពេល​ខ្ញុំ​បាន​ឃើញ​អ្នក​គ្រូអង្គុយ​នៅ​ក្នុង​ព្រៃ​នៃ​តំបន់​ភ្នំ​ ដ៏ស្ងាត់​ជ្រងំ​ ហើយ​ជុំ​វិញ​មានសុទ្ធ​តែ​​ស្លឹក​ឈើ​ជ្រុះ​ដដេរដាស​​បែប​នេះ ខ្ញុំ​អាណិត​អ្នក​គ្រូខ្លាំង​ណាស់​”។

រាល់​ពេល​ដែល​បាន​បញ្ចប់​ការ​បង្រៀន​នៅ​​ក្នុង​បរិយាកាស​ត្រជាក់​នៃ​រដូវ​រងា ជើង​ទាំង​2​របស់អ្នក​គ្រូ Liao ក៏​តែងតែ​ស្ពឹក​ស្រពន់ រឹងអស់​ចង្កេះ​​ ស្ទើរដើរ​លែង​​រួច​។ អ្នក​គ្រូ​រូប​នេះ បាន​បន្ត​ការ​បង្រៀន​តាម​អនឡាន​បែប​នេះ រហូត​ដល់​ចុង​ខែ​កុម្ភៈ​ ហើយ​ក៏បាន​ត្រឡប់​ទៅ​កាន់​ Hangzhou នៅ​ដើម​ខែ​មីនា និងបាន​​បន្ត​បង្រៀន​តាម​អន​ឡាញ​​នៅ​ទី​នោះ​។ អ្នក​គ្រូ Liao បាន​វាយ​តម្លៃ​ខ្ពស់​ទៅ​លើ​ការ​បង្រៀន​ និង​រៀន​តាម​អនឡាញ​ ​នៅ​ក្នុង​ករណី​ពិសេស​ និង​ចាំបាច់​បែប​នេះ ប៉ុន្តែ អ្នក​គ្រូបាន​និយាយ​​ថា វា​ហាក់​ខ្វះ​អន្តរ​កម្ម ពោល​គឺខ្វះ​ទំនាក់​ទំនង​ស៊ីជម្រៅ​ និង​ពិបាក​យល់​គ្នា​ទៅ​វិញ​ទៅ​មក​។

អ្នក​គ្រូ Liao បន្ត​ថា “ការ​បង្រៀន​តាម​អនឡាញ វា​ពិបាក​បន្តិច​មែន ប៉ុន្តែ បើ​ធៀប​នឹង​ភារកិច្ច​របស់​ក្រុម​គ្រូពេទ្យ​ជួរ​មុខ​ ដែល​កំពុងប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​កាច​សាហាវ​ COVID-19 វិញ កិច្ច​ការ​របស់​ខ្ញុំ​ គឺ​ជា​ការ​រួម​ចំណែក​ដ៏តូច​ល្អិត​មួយ​តែ​ប៉ុណ្ណោះ​។

មក​ដល់​ថ្ងៃ​ទី23មីនា រោគ​រាត​ត្បាត COVID-19​ បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន​192​ នៅ​ទូទាំង​ពិភពលោក បណ្ដាល​ឱ្យ​មនុស្ស​ជាង​ 343,000​នាក់ ត្រូវ​ឆ្លង​មេរោគ និង​ជាង​ 14,700​នាក់​បាត់​បង់​ជីវិត​។ ប្រទេស​ចិន មក​ដល់​បច្ចុប្បន្ន​ បាន​រកឃើញ​អ្នក​ឆ្លង​ COVID-19 ចំនួន​ជាង​ 81,000​នាក់ ក្នុង​នោះ​មាន​ជាង 3,200​​នាក់​បាន​ស្លាប់​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement