ជាង​10,000​នាក់បាន​ស្លាប់​ ​ដោយ​សារ​ឆ្លងវីរុស COVID-19 នៅ​ទូទាំង​ពិភពលោក ខណៈ​ចំនួន​ករណី​ឆ្លង​រោគ បាន​កើន​ដល់​​ជាង​ 244,000​នាក់

ជាង​10,000​នាក់បាន​ស្លាប់​ ​ដោយ​សារ​ឆ្លងវីរុស COVID-19 នៅ​ទូទាំង​ពិភពលោក ខណៈ​ចំនួន​ករណី​ឆ្លង​រោគ បាន​កើន​ដល់​​ជាង​ 244,000​នាក់
បុគ្គលិក​សុខាភិបាល​អ៊ីតាលី​ម្នាក់ កំពុងលើក​ទឹក​ចិត្ត​មិត្ត​រួម​ការងារ​ នៅ​ឯ​មន្ទីរពេទ្យ​មួយ​​ក្នុង​តំបន់ Lombardy កាល​ពី​ថ្ងៃទី19​មីនា។ រូប​ថត៖ Paolo Miranda/Instagram។

ចំនួន​អ្នក​ស្លាប់​ដោយ​សារ​មេរោគ COVID-19 នៅ​អឺរ៉ុប​ បាន​កើន​ឡើង​រហ័ស​បំផុត ធ្វើ​ឱ្យ​ចំនួន​​ករណី​ស្លាប់​ដោយ​សារ​មេរោគ​នេះ កើន​ដល់ 10,015​នាក់ និង​អ្នក​បាន​ឆ្លង​មេរោគ​នេះ កើន​ដល់ 244,615​នាក់ នៅ​ទូទាំង​ពិភពលោក។

COVID-19 បាន​បង្ហាញ​វត្តមាន​នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន​179​ នៅ​ក្នុង​ពិភព​លោក ក្នុងពេល​​ដែល​ក្រុម​មេដឹក​នាំ​ពិភពលោក​ ត្រូវ​សម្រេច​ចិត្ត​ចំណាយ​ថវិកា​ជិត​​1លាន​លាន​ដុល្លារ​អាមេរិក ដើម្បី​ជួយ​ដល់​សេដ្ឋ​កិច្ច​ពិភពលោក​។ មហា​រោគ​រាត​ត្បាត COVID-19 ហាក់​កំពុង​ដក​ខ្លួន​ចេញ​ផុត​ពី​ការ​គ្រប់​គ្រង​របស់​ប្រទេស​មួយ​ចំនួន​ក្នុង​ពិភពលោក។

ប្រទេស​អ៊ីតាលី នៅ​តែ​​ជា​សម្បុក​មេរោគ​ COVID-19 ធំជាង​គេ​នៅ​អឺរ៉ុប និង​ធំ​ជាង​គេ​លំដាប់​ទី​2​ក្នុង​ពិភព​លោក បន្ទាប់​ពី​ប្រទេស​ចិន​ ដោយ​អ៊ីតាលីបាន​រកឃើញ​ករណី​ផ្ទុក​មេរោគ​ថ្មី​ចំនួន​5,322​នាក់​ និង​អ្នក​ស្លាប់​ចំនួន 427​នាក់​បន្ថែម​ទៀត នាំ​ឱ្យ​ចំនួន​អ្នក​ជំងឺ​ឡើង​ដល់ 41,035​នាក់ និង​ចំនួន​អ្នក​ស្លាប់​សរុប​ 3,405​នាក់​។ អត្រា​នៃ​ការ​ស្លាប់​ដោយ​សារ​វីរុស​កូរ៉ូណា​នៅ​អ៊ីតាលី គឺ 8.3% ខ្ពស់​ជាង​ទ្វេ​ដង​បើ​ធៀប​នឹង​អត្រា​មធ្យម​ 4.1%​ របស់​ពិភពលោក​។ អត្រា​នៃ​ការ​ស្លាប់​ខ្ពស់​បែប​នេះ ត្រូវ​បាន​គេ​ជឿ​ថា បណ្ដាល​មក​ពី​ប្រទេស​អ៊ីតាលី មាន​មនុស្ស​ចាស់​ច្រើន​​បំផុត​នៅ​អឺរ៉ុប​។

ក្រៅ​ពី​នេះ មធ្យោ​បាយ​ធ្វើ​ដំណើរ​សាធារណៈ​​ នៅ​ប្រទេស​នេះ នៅ​តែ​ដំណើរ​ការ​ធម្មតា ប្រជាជន​ក៏​នៅ​តែ​ធ្វើ​ដំណើរ​ទៅមក​ ពិធីជប់លៀង​ ការ​ចូល​ហាង​ហូប​ចុក​នៅ​ពេល​យប់​ ក៏​នៅ​តែ​មាន​។ មួយ​វិញទៀត មនុស្ស​មួយ​ចំនួន​ ក៏មិន​បាន​ពាក់​ម៉ាស់​ទៀត​ផង។ ក្រុម​អ្នក​ជំនាញ​មក​ពី​ប្រទេស​ចិន ដែល​ចូល​ទៅ​ជួយ​ប្រទេស​អ៊ីតាលី បាន​ឱ្យ​ដឹង​ថា ប្រទេស​នេះ អនុវត្ត​វិធាន​ការ​ទប់​ស្កាត់​ COVID-19 មិន​ទាន់​បាន​ខ្លាំង​ក្លា​នៅ​ឡើយ។

ប្រទេស​អេស្ប៉ាញ គឺជា​សម្បុក​មេរោគ​កូរ៉ូណា​ធំបំផុត​ទី​2​ ប្រចាំ​ទ្វីប​អឺរ៉ុប ដោយ​ទើប​តែ​បាន​រក​ឃើញ​អ្នក​ជំងឺ​ថ្មី 3,308​នាក់ ធ្វើ​ឱ្យ​ចំនួន​អ្នក​បាន​ឆ្លង​មេរោគ​សរុប 18,077​នាក់​។ ប្រទេស​នេះ​ក៏ទើប​តែ​មាន​អ្នក​ស្លាប់​ដោយ​សារ​កូរ៉ូណា​ចំនួន​193​ករណី​បន្ថែម​ទៀត ដូច្នេះ អ្នក​ស្លាប់​សរុប​នៅ​អេស្ប៉ាញ បាន​ឡើង​ដល់​ 831​នាក់​។

អាល្លឺម៉ង់ និង​បារាំង បាន​រក​ឃើញ​អ្នក​ឆ្លង​រោគ​ថ្មី 2,993 និង 1,861​ករណី​បន្ថែម​ទៀត​ ធ្វើឱ្យ​ចំនួន​អ្នក​ជំងឺ​កូរ៉ូណា​សរុប​នៃ​ប្រទេស​អាល្លឺម៉ង់ គឺមាន​ 15,320​នាក់ និង​បារាំង​គឺមាន 10,995​នាក់​។ អាល្លឺម៉ង់ មាន​អ្នក​ស្លាប់សរុប​ 193នាក់ ចំណែក​បារាំង​វិញ មាន​108​នាក់​។

អ៊ីរ៉ង់នៅ​តែ​ជា​សម្បុក​មេរោគ​កូរ៉ូណា​ធំទី2​នៅ​អាស៊ី បន្ទាប់​ពី​ប្រទេស​ចិន​ ដោយ​មាន​អ្នក​ជំងឺ​ថ្មី 1,046នាក់ នាំ​ឱ្យ​អ្នក​ជំងឺ​សរុប​ឡើង​ដល់ 18,407នាក់​ ខណៈ​ដែល​ចំនួន​អ្នក​ស្លាប់​បាន​កើន​ដល់ 1,284នាក់​។

សហរដ្ឋ​អាមេរិក បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​ថ្មី 4,412​នាក់​បន្ថែម​ទៀត ដូច្នេះ ចំនួន​អ្ន​ក​ឆ្លង​រោគ​កូរ៉ូណា​នៅ​ប្រទេស​នេះ កើន​ដល់ 13,671​នាក់​ ក្នុង​នោះ​មាន​ 191​នាក់​បាន​ស្លាប់​។

ប្រទេស​កូរ៉េខាង​ត្បូង​កាល​ពី​ម្សិល​មិញ បាន​រក​ឃើញ​អ្នកជំងឺ​ថ្មី 152​នាក់​បន្ថែម​ទៀត ដែល​នេះគឺជា​ការ​កើន​ឡើង​ថ្មី​មក​វិញ​ បន្ទាប់​ពី​បាន​ថយ​ចុះ​មួយ​រយៈ​ពេល​កន្លងមក​ ដូច្នេះ ចំនួនអ្នកបាន​ឆ្លង​មេរោគ​កូរ៉ូណា​សរុប​ឡើង​ដល់ 8,565​នាក់​ ក្នុង​នោះ​មាន​ 91​នាក់​បាន​ស្លាប់​។

ប្រទេស​ចិន​កាល​ពី​ម្សិល​មិញ​ ក៏បាន​ប្រកាស​ថា មិន​មាន​ករណី​ឆ្លងមេរោគ​ COVID-19 ថ្មីណា​មួយ​ត្រូវ​បាន​រក​ឃើញ​នោះ​ទេ​ ប៉ុន្តែ ប្រទេស​នេះ​ក៏បាន​រកឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា ដែល​មាន​ប្រភព​ពី​ខាង​ក្រៅ​ប្រទេស​ចំនួន 34​ករណី​បន្ថែម​ទៀត​។

គិត​មក​ដល់​ពេល​នេះ ពិភពលោក មាន​អ្នក​ឆ្លង​ជំងឺកូរ៉ូណា COVID-19 ចំនួន 244,615​ករណី និង​អ្នក​ស្លាប់​ចំនួន10,015​ករណី​ រួម​នឹង​អ្នក​ដែល​បាន​ជា​សះ​ស្បើយ​ចំនួន 87,407​ករណី។ បណ្ដា​ប្រទេស​ និង​ដែន​ដី​ដែល​ទើប​តែ​មាន​​ករណី​​ឆ្លង​​វីរុស​ ​COVID-19 ​ដំបូង គឺ​មាន​ដូច​ជា Chad, El Salvador, Fiji, Nicaragua, Niger និង Isle of Man៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement