ថ្មីៗជុំវិញពិភពលោក៖ លោក​ខាង​លិច​ ប្រកាស​សង្គ្រាម​បង្ក្រាបកូវីដ-19, អ៊ីតាលីស្លាប់ថែមទៀត 475នាក់, គ្មានអ្នកឆ្លងមេរោគថ្មីនៅក្នុងប្រទេសចិន…

ថ្មីៗជុំវិញពិភពលោក៖ លោកខាងលិច ប្រកាសសង្គ្រាមបង្ក្រាបកូវីដ-19, អ៊ីតាលីស្លាប់ថែមទៀត 475នាក់, គ្មានអ្នកឆ្លងមេរោគថ្មីនៅក្នុងប្រទេសចិន...

មហាអំណាចលោកខាងលិច បានប្រកាសសង្គ្រាមជាមួយកូវីដ-19 និងត្រៀមខ្លួនជាស្រេចក្នុងការដាក់ចេញវិធានការការពារសេដ្ឋកិច្ចពិភពលោក ខណៈដែលចំនួនអ្នកស្លាប់នៅក្នុងប្រទេសអ៊ីតាលីក្នុង 1ថ្ងៃ ស្ទុះឡើងខ្ពស់ ផ្ទុយពីស្ថានការណ៍នៅចិនដែលលែងរកឃើញអ្នកឆ្លងមេរោគថ្មីនៅក្នុងប្រទេសជាលើកដំបូង រាប់ចាប់ពីពេលដែលមេរោគចង្រៃនេះ ចាប់ផ្ដើមឡើងនៅក្នុងទីក្រុងវូហាន កាលពីខែធ្នូ ឆ្នាំមុន តែនៅមានអ្នកឆ្លងមេរោគមកពីក្រៅប្រទេស…។

ស្ថានការណ៍ការឆ្លងរាលដាលនៅក្នុងប្រទេសភាគច្រើនទូទាំងពិភពលោក កាន់តែអាក្រក់ទៅៗយ៉ាងឆាប់រហ័ស ចំនួនអ្នកឆ្លងមេរោគកាលពីថ្ងៃពុធ កើនឡើងជាង 20,000នាក់ សរុបជិត 219,000នាក់ និងស្លាប់ក្បែរៗ 9,000នាក់។

លោកប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែងកាលពីថ្ងៃពុធ(ទី18 មីនា)ថា មានអារម្មណ៍ដូចខ្លួនឯង ជាមេបញ្ជាការនៅក្នុងអំឡុងពេលសង្គ្រាម…ត្រៀមបញ្ជាឱ្យមន្ទីរពេទ្យបណ្ដែតទឹករបស់កងទ័ព ចេញមកជួយសង្គ្រោះអ្នកជំងឺអាមេរិកាំង ដែលមានចំនួនកើនឡើងយ៉ាងឆាប់រហ័ស។

លោកស្រីនាយករដ្ឋមន្ត្រី អ៊ែងជើឡា មើរកែល របស់ប្រទេសអាល្លឺម៉ង់ ថ្លែងថា ចាប់តាំងពីសង្គ្រាមលោកលើកទី2 មក អាល្លឺម៉ង់មិនដែលប្រឈមមុខនឹងភាពសាកល្បងដែលត្រូវពឹងពាក់លើភាពសាមគ្គីរបស់ប្រជាជនខ្លាំងស្មើនឹងពេលនេះឡើយ។ សេចក្ដីថ្លែងការណ៍នេះ បានឆ្លុះបញ្ចាំងពីគោលជំហររបស់លោកប្រធានាធិបតី អេមម៉ានូអែល ម៉ាក្រុង របស់ប្រទេសបារាំង កាលពីដើមសប្ដាហ៍ ដែលបានប្រៀបធៀបថា ប្រទេសជាតិកំពុងធ្វើសង្គ្រាមជាមួយវីរុស និងចេញបញ្ជាឱ្យប្រជាជន ផ្អាកចេញពីគេហដ្ឋានដោយមិនចាំបាច់។

ក្នុងថ្ងៃជាមួយគ្នា ប្រទេសអ៊ីតាលីបានរាយការណ៍ពីចំនួនអ្នកស្លាប់កើនឡើង 475នាក់ ដែលជាស្ថិតិខ្ពស់បំផុត ដែលធ្វើឱ្យចំនួនរួម កើនឡើងដល់ជិត 3,000នាក់ ឬ 1ភាគ3 នៃចំនួនអ្នកស្លាប់ទូទាំងពិភពលោក ទោះជារដ្ឋាភិបាលប្រកាសបិទ និងបញ្ឈប់ការជួបជំនុំខ្នាតធំទូទាំងប្រទេស ជាវិធានការដែលប្រទេសជាច្រើនទូទាំងពិភពលោកខ្ចីពីចិនមកប្រើក៏ដោយ។ ខណៈដែលលោក ស៊ីលវីអូ ប្រ៊ូសាហ្វ៊ើរ៉ូ អគ្គនាយកស្ថាប័នសុខភាពរបស់ប្រទេសអ៊ីតាលី បញ្ជាក់ថា រឿងសំខាន់គឺ កុំចុះចាញ់ឱ្យសោះ!។

និងខណៈដែលប្រទេសជាច្រើនក្លាយជាជនពិការដោយសារជំងឺរាតត្បាតដ៏អាក្រក់ និងផ្សារហ៊ុនដាំក្បាលចុះឥតឈប់ឈរនោះ សប្ដាហ៍នេះ បណ្ដាអ្នករៀបចំគោលនយោបាយសេដ្ឋកិច្ច បាននាំគ្នាប្រកាសពីវិធានការសង្គ្រោះសេដ្ឋកិច្ចពិភពលោក ដោយកាលពីថ្ងៃពុធ ធនាគារកណ្ដាលអឺរ៉ុប បានប្រកាសផែនការទិញត្រឡប់មកវិញនូវរូបិយប័ណ្ណសរុបតម្លៃ 817,000លានដុល្លារ ក្រោយពីបានដាក់ចេញវិធានការជំរុញដ៏ធំមួយកាលពីមិនប៉ុន្មានថ្ងៃមុន តែ នៅតែមិនអាចសម្រាលក្ដីកង្វល់ក្នុងទីផ្សារបាន។

ចំណែកឯលោក ត្រាំ វិញ បានចុះហត្ថលេខាលើវិធានការជួយសង្គ្រោះបន្ទាន់ តម្លៃ 100,000លានដុល្លារ ដែលបានឆ្លងកាត់ការឯកភាពពីរដ្ឋសភាយ៉ាងងាយស្រួល ដើម្បីឱ្យប្រជាជនអាមេរិកអាចពិនិត្យរកមេរោគកូវីដ-19 ហ្វ្រ៊ី និងផ្ដល់ប្រាក់សំណងលើការសុំច្បាប់សម្រាកឈឺ និងសុំច្បាប់ដើម្បីមើលថែទាំគ្រួសារ។

លោក ត្រាំ ថែមទាំងបានដាក់បញ្ជាឱ្យប្រើច្បាប់ក្នុងអំឡុងពេលសង្គ្រាមកូរ៉េ ដើម្បីឱ្យរដ្ឋាភិបាលអាចបញ្ជាឱ្យផ្នែកខាងធុរកិច្ចបានចុះហត្ថលេខាលើកិច្ចសន្យាបន្ថែម បង្កើនការផលិតផលិតផលដែលចាំបាច់ ដូចជាម៉ាស់អនាម័យការពារមេរោគ ជាដើមទៀតផង។

ធនាគារកណ្ដាលនៃប្រទេសអូស្ត្រាលី បានបញ្ចុះអត្រាការប្រាក់ដល់អត្រាទាបបំផុតជាប្រវត្តិសាស្ត្រ ដែលទោះជាយ៉ាងនេះក្ដី ក៏វិធានការខាងហិរញ្ញវត្ថុ និងវិធានការជំរុញសេដ្ឋកិច្ចបន្ទាន់របស់អន្តរជាតិក្នុងអំឡុងពេលនេះ មិនអាចសម្រាលក្ដីកង្វល់ពាក់ព័ន្ធនឹងសញ្ញាធ្លាក់ចុះនៃសេដ្ឋកិច្ចបានដែរ។

ផ្សារហ៊ុនអាស៊ី កាលពីអំឡុងព្រឹកថ្ងៃព្រហស្បតិ៍(ទី19 មីនា) នៅតែជាប់គាំងនៅក្នុងតំបន់លេខដក ដោយផ្សារហ៊ុនក្រុងម៉ានីល ក្នុងអំឡុងពេលដំបូង បានដាំក្បាលចុះជិត 25% បន្ទាប់ពីបិទដំណើរការមកបាន 2ថ្ងៃ។

ប្រទេសជាច្រើន បានលើកកម្ពស់វិធានការទប់ស្កាត់វីរុសកូវីដ-19 ដោយនៅថ្ងៃព្រហស្បតិ៍
អូស្ត្រាលីបានហាមជនបរទេស ធ្វើដំណើរចូលប្រទេស ហើយមុនហ្នឹង 1ថ្ងៃ ប្រទេសកាណាដា និងអាមេរិក បានប្រកាសបិទព្រំដែនទៅវិញទៅមក ដែលអាចរាប់ថា ជាព្រំដែនដែលវែងបំផុតក្នុងពិភពលោក និងហាមការធ្វើដំណើរដែលមិនចាំបាច់រយៈពេល 30ថ្ងៃ។

នៅប្រទេសអង់គ្លេស លោកនាយករដ្ឋមន្ត្រី បូរីស ចនសុន បានផ្លាស់ប្ដូរផែនការទប់ទល់វីរុសកូវីដ-19 ដោយការបិទសាលារៀនទូទាំងប្រទេស ចាប់ពីថ្ងៃសុក្រ(ទី20 មីនា)នេះ ក្រោយពីចំនួនអ្នកស្លាប់បានកើនឡើងដល់ 100នាក់។

សប្ដាហ៍នេះ សហភាពអឺរ៉ុប បានផ្អាកទទួលអ្នកធ្វើដំណើរមកពីក្រៅប្រទេសរយៈពេល 30ថ្ងៃ ហើយប្រទេសជាសមាជិកមួយចំនួនបានបិទព្រំដែន ខណៈដែលរង្គសាល ភោជនីយដ្ឋាន និងហាងលក់ទំនិញភាគច្រើន បានបិទសេវាកម្ម រហូតទាល់តែមានបញ្ជាជាថ្មី ចំណែកការប្រកួតច្រៀង យូរ៉ូ វីហ្សិន និងការប្រកួតបាល់ទាត់ ក៏ត្រូវបានផ្អាកទាំងអស់ដូចគ្នា។

យ៉ាងណាក្ដី ពិភពលោក បានចាប់ផ្ដើមមានសង្ឃឹមឡើងវិញបន្តិច ពីការដែលស្ថានការណ៍ឆ្លងរាលដាលនៅក្នុងប្រទេសចិន បានស្ងប់ស្ងាត់ដោយបរិយាយ…ចិនបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា លែងរកឃើញអ្នកឆ្លងមេរោគទៀតហើយ នៅក្នុងប្រទេសជាថ្ងៃដំបូង ចាប់តាំងពីមានការរកឃើញវីរុសនេះកាលពីខែមករាកន្លងមក។ ទាំងអស់នេះ ដោយសារតែប្រជាជនប្រមាណ 56លាននាក់ក្នុងមណ្ឌលហ៊ូពេយ ដែលមានទីក្រុងចម្បងគឺ វូហាន ត្រូវបានបង្ខាំងដាក់ឱ្យនៅដាច់ដោយឡែកចាប់តាំងពីចុងខែមករាមក។

បច្ចុប្បន្ន រដ្ឋបាលចិនចាប់ផ្ដើមបន្ធូរបន្ថយការកម្រិតលើការធ្វើដំណើរនៅក្នុងមណ្ឌលមួយនេះ ដោយអនុញ្ញាតឱ្យប្រជាជនដែលធ្វើការក្នុងមណ្ឌលផ្សេងទៀត អាចធ្វើដំណើរចេញពីហ៊ូពេយបាន តែទោះជាដូច្នេះក្ដី ចិននៅតែរកឃើញអ្នកឆ្លងមេរោគថ្មី ដែលធ្វើដំណើរមកពីក្រៅប្រទេសចំនួន 34នាក់ ជាចំនួនខ្ពស់បំផុត ក្នុងរយៈពេល 2សប្ដាហ៍កន្លងទៅ។ ដោយហេតុនេះហើយ ទើបមានការចេញច្បាប់ឱ្យអ្នកដែលធ្វើដំណើរមកពីបរទេស ត្រូវតែបង្ខាំងខ្លួនឯងនៅក្នុងសណ្ឋាគារដែលបានកំណត់ឱ្យ រយៈពេល 14ថ្ងៃ។ ចំណែកប្រទេសជប៉ុន កោះហុកកៃដូ បានលើកលែងស្ថានការណ៍គ្រាអាសន្ន ដែលបានប្រកាសកាលពីខែកន្លងទៅ ដោយសារតែមានសញ្ញាថា ការឆ្លងរាលដាល បានស្រាកស្រាន្តចុះខ្លះហើយ…។

តែយ៉ាងណាក៏ដោយ កោះតូចមួយ ដែលជាកោះនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក បានរកឃើញអ្នកឆ្លងមេរោគដំបូងគេ ខណៈដែលសាប់-សាហារ៉ា អាហ្វ្រិក បានអះអាងថា មានអ្នកស្លាប់ដំបូងគេ គឺ អនុប្រធានសភាទី1 របស់ប្រទេសប៊ើគីណាហ្វាសូ ដែលការណ៍នេះបានឆ្លុះបញ្ចាំងឱ្យឃើញថា ការតស៊ូជាមួយវីរុសកូវីដ-19 នៅក្នុងតំបន់មួយចំនួនក្នុងពិភពលោក ទើបតែចាប់ផ្ដើមប៉ុណ្ណោះ។

ខណៈនេះ ប្រទេសជាច្រើននៅក្នុងតំបន់អាមេរិកឡាទីន បានហាមប្រជាជនចេញក្រៅផ្ទះ ក្នុងពេលរាត្រី ខណៈដែលប្រទេសឈីលី បានប្រកាសសភាវមហន្តភ័យ ឯប្រទេសគុយបា និងកូស្តារីកា បានរកឃើញអ្នកស្លាប់ទី1។

លោក ថេដ្រូស កេប្រេយេស៊ុស ប្រធានអង្គការសុខភាពពិភពលោក បានអំពាវនាវឱ្យប្រទេសទូទាំងពិភពលោក សហការគ្នា ប្រយុទ្ធតស៊ូនឹង “សត្រូវរបស់មនុស្សជាតិ” និងបានដាស់តឿនប្រទេសក្នុងតំបន់អាហ្វ្រិក ឱ្យភ្ញាក់ខ្លួនឡើង និងត្រៀមខ្លួនឱ្យរួចជាស្រេច ដើម្បីទប់ទល់នឹងស្ថានការណ៍ដ៏អាក្រក់បំផុតដែលនឹងកើតឡើងនាពេលឆាប់ៗនេះ…៕

ប្រភព ៖ សារព័ត៌មានបរទេស

Advertisement