ចំនួន​អ្នក​ស្លាប់ដោយ​សារ​ COVID-19 ​នៅ​អ៊ីតាលី​ ជិត​ស្មើ​ប្រទេស​ចិន​ហើយ​!

ចំនួន​អ្នក​ស្លាប់ដោយ​សារ​ COVID-19 ​នៅ​អ៊ីតាលី​ ជិត​ស្មើ​ប្រទេស​ចិន​ហើយ​!

ប្រទេស​អ៊ីតាលី មាន​​អ្នក​ស្លាប់ដោយ​សារ​​ឆ្លង​វីរុស COVID-19 ចំនួន​2,978​នាក់​ បន្ទាប់​ពី​អ្នក​ស្លាប់​បាន​កើន​​475​នាក់បន្ថែម​ទៀត​​ក្នុង​រយៈ​ពេល​តែ​មួយ​ថ្ងៃ​ គឺ​ជិត​ស្មើ​នឹង​ចំនួន​អ្នក​ស្លាប់​នៅ​ប្រទេស​ចិន​(3.249នាក់​)។

នាយក​ដ្ឋាន​ការ​ពារ​ជនស៊ីវិល​នៃ​ប្រទេស​អ៊ីតាលី​ បាន​ឱ្យ​ដឹង​ថា​ ប្រទេសនេះ មាន​អ្នក​ស្លាប់​ដោយ​សារ​ COVID-19 ចំនួន​475​នាក់​បន្ថែម​ទៀត ដែល​ជា​តួលេខ​នៃ​ការ​ស្លាប់ក្នុង​1ថ្ងៃ​​ខ្ពស់​បំផុតក្នុង​ពិភពលោក​​ តាំង​ពី​ប្រទេស​​បាន​ចាប់​ផ្ដើម​ប្រកាស​អំពី​តួលេខ​ទាក់​ទិន​នឹង​រោគ​រាត​ត្បាត​កូរ៉ូណានេះ​។

គិត​មក​ដល់​ថ្ងៃ​ទី​19​មីនា​នេះ​ មាន​អ្នក​ជំងឺ​សរុប​ 35,713​នាក់ ​អ្នក​ស្លាប់​ 2,978​នាក់ និង​អ្នក​ដែល​បាន​ជា​សះ​ស្បើយ​ចំនួន​4,025​នាក់​ នៅ​ប្រទេស​អ៊ីតាលី​។ តួលេខ​នៃ​អ្នក​ស្លាប់​ដោយ​សារ​ COVID-19 នៅ​ប្រទេស​អ៊ីតាលី ស្មើ​នឹង​ 1/3​ នៃ​ចំនួន​អ្នក​ស្លាប់​ទូទាំង​ពិភពលោក​ ខណៈ​ដែល​ប្រទេស​នេះ បាន​បិទ​ក្រុម​ហ៊ុន​ទាំង​អស់​ និង​ហាម​មិន​ឱ្យ​មាន​ការ​ជួប​ជុំ​​នៅ​ទី​សាធារណៈ​។

អត្រា​អ្នក​ស្លាប់​នៅ​ប្រទេស​អ៊ីតាលី ស្មើ​នឹង​ 8.3% ខ្ពស់​ជាង​ទ្វេ​ដង​ បើ​ធៀប​នឹង​អត្រា​មធ្យម​ 4.1% នៅ​ទូទាំង​ពិភពលោក​។ មាន​មូល​ហេតុ​ជា​ច្រើន​ដែល​នាំ​ឱ្យ​អត្រា​នៃ​អ្នក​ស្លាប់​ដោយ​សារ​ COVID-19 ខ្ពស់​នៅ​ប្រទេស​អ៊ីតាលី​ ក្នុង​នោះ​​ ចំនួន​ប្រជា​ជន​វ័យ​ចំណាស់​ច្រើន​ និងកង្វះ​ខាត​មន្ទីរពេទ្យ​​គឺ​ជា​កត្តា​ចម្បង​បំផុត​។

នៅ​តំបន់​អឺរ៉ុប ក្រៅ​ពី​ប្រទេស​អ៊ីតាលី ក៏​នៅ​មាន​ប្រទេស​មួយ​ចំនួន​ទៀត​ដែល​រង​គ្រោះ​ធ្ងន់​ធ្ងរ​ដោយ​សារ​ COVID-19 ក្នុង​នោះ ប្រទេស​អេស្ប៉ាញ មាន​អ្នក​ឆ្លង​មេរោគជាង​14,700​នាក់ និង​ស្លាប់​638​នាក់ ប្រទេស​អាល្លឺម៉ង់​មាន​អ្នក​ឆ្លង​រោគ​ជាង​12,300​នាក់ និង​ស្លាប់​28​នាក់ ប្រទេស​បារាំង​មាន​អ្នក​ឆ្លង​រោគ9,100នាក់ និង​ស្លាប់​264នាក់ ប្រទេស​អង់គ្លេស​មាន​អ្នក​ឆ្លងជាង2,600​នាក់ និង​ស្លាប់​104​នាក់​។

COVID-19 បាន​ឆ្លង​រាល​ដាល​នៅ​ក្នុង​ទីក្រុង​ Wuhan ខេត្ត Hubei ប្រទេស​ចិន កាល​ពី​ខែ​ធ្នូ ឆ្នាំ​2019 ហើយ​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន​173​ នៅ​ទូទាំង​ពិភពលោក ធ្វើ​ឱ្យ​មនុស្ស​ជាង​218,000​នាក់​កើត​ជំងឺ​ ជាង​9,000​នាក់​ស្លាប់​ និងជាង​84,000​នាក់​បាន​ជាសះ​ស្បើយ​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement