ចំនួន​អ្នក​បាន​ឆ្លង​មេរោគ COVID-19 នៅ​​កម្ពុជា​ ឈរ​លំដាប់​លេខ​ក្រោយ​គេ​ បើ​ធៀប​នឹង​ប្រទេស​ថៃ និង​វៀត​ណាម

នៅ​ក្នុង​ចំណោម​ប្រទេសទាំង​3 គឺ​​កម្ពុជា​ វៀត​ណាម​ និង​ថៃ ដែល​បាន​ប្រកាស​ថា​ បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ COVID-19 បន្ថែម​កាល​ពី​ម្សិល​មិញ​ គេ​ឃើញ​ថា ថៃ គឺជា​ប្រទេស​ដែល​មាន​អ្នក​ឆ្លង​រោគ​ច្រើន​ជាង​គេ​។

ប្រទេស​កម្ពុជា

ប្រទេស​កម្ពុជា​ កាល​ពី​ម្សិល​មិញ (18មីនា) បានប្រកាសថា បានរកឃើញ​អ្នកផ្ទុក COVID-19 ចំនួន​4ករណីបន្ថែម​ទៀត ដែល​ធ្វើឱ្យចំនួន​ករណីអ្នកផ្ទុក​វីរុសនេះកើនដល់37។

អ្នក​ជំងឺ​4នាក់​ដែល​ទើប​បាន​រក​ឃើញ​នោះ រួម​មាន​ បុរស​ជនជាតិ​ម៉ាឡេស៊ី​2នាក់ ដែល​បច្ចុប្បន្ន​ កំពុង​ទទួល​ការ​ព្យាបាល​នៅ​ឯខេត្ត​កំពត ចំណែក​2ករណី​ទៀត​គឺ​ជាជន​ជាតិ​ខ្មែរនៅ​ខេត្ត​ត្បូង​ឃ្មុំ ដែល​បច្ចុប្បន្ន​ ទទួល​ការ​ព្យាបាល​នៅ​ក្នង​ខេត្ត​នេះ​។

គិត​មក​ដល់​បច្ចុប្បន្ន កម្ពុជា​បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ COVID-19 សរុប 37នាក់ ក្នុង​នោះ​មាន​ជនជាតិ​ចិន1នាក់ អង់គ្លេស​3នាក់ កាណាដា​1នាក់ ប៊ែលហ្ស៊ិក1នាក់ បារាំង2នាក់​ ម៉ាឡេស៊ី5​នាក់ ខ្មែរ​24​នាក់។

ប្រទេស​ថៃ

កាល​ពី​ម្សិល​មិញ ប្រទេស​ថៃ បាន​ប្រកាស​ថា​បាន​រក​ឃើញអ្នក​ជំងឺ​កូរ៉ូណា​ថ្មីចំនួន​35នាក់​បន្ថែម​ទៀត​ ធ្វើ​ឱ្យ​តួលេខ​នៃ​អ្នក​បាន​ឆ្លង​រោគ​ក្នុង​ប្រទេស​នេះ ឡើង​ដល់ 212នាក់​។

ប្រទេស​វៀត​ណាម

កាល​ពី​យប់​ម្សិល​មិញ ក្រសួង​សុខាភិបាល​វៀត​ណាម បាន​ប្រកាស​ថា​ បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​ COVID-19 ចំនួន​8ករណី​បន្ថែម​ទៀត​ ធ្វើ​ឱ្យ​ចំនួន​អ្នក​ផ្ទុក​មេរោគ​នេះ កើន​ដល់​ 76ករណី​។

ក្នុង​ចំណោម​អ្នកបាន​ឆ្លង​​ជំងឺ​កូរ៉ូណាសរុប76​នាក់ គឺ​មាន​16នាក់​បាន​ជាសះស្បើយ។ អ្នកជំងឺ60​នាក់​ដែល​ទើប​រក​ឃើញចាប់​ពី​ថ្ងៃទី6មីនា​ដល់​ថ្ងៃ​នេះ ក៏មាន​19​នាក់នៅ​ទីក្រុង​ហាណូយ និង​12នាក់នៅ​ទីក្រុង​ហូជីមិញផងដែរ​៕

Advertisement