បព្វ​ជិត​ជាន់​ខ្ពស់អ៊ីរ៉ង់ ​ដែល​មាន​តួនាទី​តែង​តាំង និង​បញ្ចប់​តំណែង​​​របស់​ប្រធានាធិបតី​​​ បាន​បាត់​បង់​ជីវិត​ដោយ​សារ​ COVID-19

Golpayegani ដែល​ជា​សមាជិកជាន់​ខ្ពស់​នៃ​​ក្រុម​ប្រឹក្សា​​ផ្សព្វ​ផ្សាយ​សាសនា​​អ៊ីស្លាម ទទួលខុស​ត្រូវ​ក្នុងការ​តែងតាំង​មេដឹកនាំ​កំពូលអ៊ីរ៉ង់ បាន​បាត់​បង់​ជីវិត​នៅក្នុង​វ័យ​78​ឆ្នាំ បន្ទាប់​ពី​បាន​ឆ្លង​វីរុស​ COVID-19។

ទីភ្នាក់​ងារ​សារ​ព័ត៌មាន​ផ្លូវ​ការ​របស់​រដ្ឋ​អ៊ីរ៉ង់ ថ្ងៃ​នេះ​បាន​ចេញផ្សាយ​ថា លោក Hashem Bathayi Golpayegani ដែល​ជា​សមាជិក​នៃ​ក្រុម​ប្រឹក្សា​តែង​តាំង​ប្រធានាធិបតី​​​របស់​ប្រទេស​អ៊ីរ៉ង់ បាន​ស្លាប់​បាត់​បង់​ជីវិត​ ក្រោយ​ពី​បាន​សម្រាក​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​ចំនួន​តែ​2ថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់​ពី​រក​ឃើញ​ថា​​ មាន​ផ្ទុក​មេរោគ​ COVID-19។ មន្ត្រីរូប​នេះ តំណាង​ឱ្យ​តំបន់​ Tehran នៅ​ក្នុង​ក្រុម​ប្រឹក្សា​ជាតិ​ដែល​មាន​សមាជិកបព្វ​ជិត​ចំនួន​​88រូប​ ទទួល​បន្ទុក​ក្នុង​ការ​តែង​តាំង​ តាម​ដាន និង​បញ្ចប់​តំណែង​មេដឹក​នាំ​កំពូល​របស់​ប្រទេស​អ៊ីរ៉ង់។

នេះ​គឺជា​ករណី​ថ្មី​បំផុត​ក្នុង​ចំណោម​មន្ត្រី​ជាន់​ខ្ពស់​អ៊ីរ៉ង់​ដែល​បាន​ឆ្លង​មេរោគ COVID-19។ គិត​មក​ដល់​បច្ចុប្បន្ន យ៉ាង​ហោច​មាន​មន្ត្រី និង​អតីត​មន្ត្រី​ជាន់​ខ្ពស់​របស់​អ៊ីរ៉ង់​ចំនួន​12​រូប​ បាន​ស្លាប់​ដោយ​សារ​ COVID-19 ខណៈ​ដែល​មន្ត្រីជាន់​ខ្ពស់​13​រូប​ផ្សេង​ទៀត​ បាន​ឆ្លង​រោគ​ និង​កំពុង​ទទួល​ការ​ព្យាបាល​​នៅ​ឯមន្ទីរពេទ្យ​។ ប្រទេស​អ៊ីរ៉ង់ គិត​ត្រឹម​ម៉ោង​នេះ មាន​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​សរុប 13.938​នាក់ ក្នុង​នោះ​មាន​ 724នាក់​បាន​បាត់​បង់​ជីវិត​៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស

Advertisement