សហរដ្ឋ​អាមេរិក ​ផ្ដើម​ពិសោធ​វ៉ាក់​​សាំង​ COVID-19 នៅលើ​មនុស្ស ចាប់​ពី​​ថ្ងៃ​នេះ​ហើយ

សហរដ្ឋ​អាមេរិក ​ផ្ដើម​ពិសោធ​វ៉ាក់​​សាំង​ COVID-19 នៅលើ​មនុស្ស ចាប់​ពី​​ថ្ងៃ​នេះ​ហើយ

ការ​ពិសោធ​​ថ្នាំ​វ៉ាក់​សាំង​នៅ​លើ​មនុស្ស​ ដែល​​ត្រូវ​​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​16មីនា​ នៅ​ឯសហ​រដ្ឋ​អាមេរិក គឺ​​ដើម្បី​វាយ​តម្លៃ​ទៅ​លើ​ប្រភេទ​វ៉ាក់​សាំង​សម្រាប់​ការ​ពារ​មនុស្ស​ពី​ការ​ឆ្លង​មេរោគ​កូរ៉ូណា COVID-19 មុន​នឹង​សម្រេចឱ្យ​​ប្រើ​ជា​ទូទៅ​។

ការ​ពិសោធ​ដែល​ទទួល​បាន​ជំនួយ​ពី​វិទ្យា​ស្ថាន​​សុខាភិបាល​ជាតិ National Institutes of Health ដែល​ហៅ​កាត់​ថា NIH​ នឹង​ត្រូវ​ធ្វើ​ឡើង​ក្នុង​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​សុខាភិបាល​ Kaiser Permanente Washington នៅ​ក្នុង​ទី​ក្រុង​ Seattle។ អ្នក​ដែល​បាន​ស្ម័គ្រ​ចិត្ត​ចូល​រួម​ក្នុង​ការ​ពិសោធ​នេះ​ នឹង​ត្រូវ​បាន​ចាក់​វ៉ាក់​សាំង​នៅ​ក្នុង​ថ្ងៃ​ទី​16មីនា​នេះ​ហើយ​។

សារ​ព័ត៌មាន AP ដក​ស្រង់​សម្ដី​របស់​មន្ត្រី​សុខាភិបាល​អាមេរិកាំង​ម្នាក់​ ឱ្យ​ដឹង​ថា​ អ្នក​វិទ្យា​សាស្ត្រ​នឹង​ត្រូវ​ចំណាយ​ពេល​18ខែ​ ទើប​​អាច​វាយ​តម្លៃ​ជា​ស្ថាពរ​ទៅ​លើ​ឥទ្ធិ​ពល​របស់​វ៉ាក់​សាំង​នេះ​។ អ្នក​ស្ម័គ្រ​ចិត្ត​ចំនួន​45​នាក់ ដែល​ជា​មនុស្ស​មាន​​សុខ​ភាព​ល្អ រាង​កាយ​មាំ​មួន និង​​នៅ​ក្មេង​ នឹង​ត្រូវ​បាន​ចាក់​វ៉ាក់​សាំង​ក្នុង​​បរិមាណ​ខុស​ៗ​គ្នា​។ វ៉ាក់​សាំង​ដែល​ត្រូវ​បាន​យក​មក​ពិសោធ​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ NIH និងក្រុម​ហ៊ុន​ជីវ​បច្ចេក​វិទ្យា​ Monderna Inc ដែល​មាន​ទីស្នាក់​ការ​កណ្ដាល​នៅ​ក្នុង​រដ្ឋ Massachusetts។ ក្រុម​អ្នក​ជំនាញ​នឹង​វាយ​តម្លៃ​ទៅ​លើ​ឥទ្ធិ​ពល​របស់​វ៉ាក់​សាំង​ ក្នុង​ការ​ការ​ពារ​មនុស្ស​ពី​វីរុស​ COVID-19 ព្រម​ទាំងស្វែង​យល់​ឱ្យ​ដឹងច្បាស់​ថា តើ​វា​បង្ក​​ផល​ប៉ះពាល់​អាក្រក់​ដែរ​ ឬ​អត់​ ទៅ​លើ​​​សុខភាព​មនុស្ស​។

បន្ទាប់​ពី​វីរុស​កូរ៉ូណា​ COVID-19 បាន​ឆ្លង​រាល​ដាល​ នៅ​លើ​ពិភព​លោក មាន​ក្រុម​ហ៊ុន​ផលិត​ឱសថ​រាប់​សិប​ក្រុម​ហ៊ុន​ បាន​ចាប់​ផ្ដើម​ស្រាវ​ជ្រាវ​ផលិត​វ៉ាក់​សាំង​ប្រឆាំង​មេរោគ​នេះ​។ នៅ​សហ​រដ្ឋ​អាមេរិក ក្រុម​ហ៊ុន Inovio ក៏​មាន​គម្រោង​ពិសោធ​វ៉ាក់​សាំង​មួយ​ប្រភេទ​នៅ​ខែ​ក្រោយ​នេះ​ដែរ​។ កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​​ដូចគ្នា​នេះ ក៏​កំពុង​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ឯប្រទេស​ចិន កូរ៉េខាង​ត្បូង​ និង​បណ្ដា​ប្រទេស​ធំ​ៗ​មួយ​ចំនួន​ទៀត​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement