ប្រធានាធិបតី​ Donald Trump បានធ្វើ​តេស្តរក​វីរុស COVID-19 លទ្ធ​ផល​បានចេញ​មក​ហើយ

ប្រធានាធិបតី​ Donald Trump បានធ្វើ​តេស្តរក​វីរុស COVID-19

លទ្ធ​ផល​នៃ​ការ​ធ្វើ​តេស្ត​រក​មេរោគកូរ៉ូណារបស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បាន​បង្ហាញ​ថា លោក Trump អវិជ្ជមាន​ជាមួយ​នឹង​ COVID-19។

“ខ្ញុំ​បាន​ទទួល​ការ​បញ្ជាក់​ថា គាត់ (លោក Trump) អវិជ្ជ​មាន​ជាមួយ​នឹង​វីរុស COVID-19” នេះជា​​ការ​ប្រកាស​របស់​វេជ្ជ​បណ្ឌិត​​ Sean Conley ដែល​ជា​គ្រូពេទ្យ​ផ្ទាល់​របស់​​​ប្រធានាធិបតី​ កាល​ពី​ម្សិល​មិញ(14មីនា)។ វេជ្ជ​បណ្ឌិត​រូប​នេះ​បន្ត​ថា “1​សប្ដាហ៍បន្ទាប់​ពី​បាន​ទទួល​ទាន​អាហារ​ពេល​យប់​ជាមួយ​ប្រតិភូប្រេស៊ីល នៅ​ឯ Mar-a-Lago លោក​ប្រធានាធិបតី​ នៅ​តែ​មិន​មាន​រោគ​សញ្ញា​អ្វី​នោះ​ឡើយ”។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក​ Donald Trump បាន​ធ្វើ​តេស្ត​រក​មេរោគ COVID-19 បន្ទាប់ពី​បាន​ប៉ះពាល់​ផ្ទាល់​ជាមួយ​នឹង​សមាជិក​មួយ​ចំនួន​នឹង​ក្រុម​ប្រតិភូ​ប្រធានាធិបតី​ប្រេស៊ីល​ នៅ​ឯ Mar-a-Lago ក្នុង​រដ្ឋ Florida។ លេខា​ផ្នែក​​ព័ត៌មាន​ និង​មេធាវី​របស់​ប្រធានាធិបតី​ប្រេស៊ីល Jair Bolsonaro បាន​ឆ្លង​វីរុស​ COVID-19 បន្ទាប់​ពី​បាន​វិល​ត្រឡប់​ពី​សហរដ្ឋ​អាមេរិក​។ ប៉ុន្តែ លោក Jair Bolsonaro កាល​ពី​ថ្ងៃទី​13មីនា បាន​ឱ្យ​ដឹង​ថា លោក អវិជ្ជ​មាន​ជាមួយ​ COVID-19។

ថ្មី​ៗ​នេះ អ្នក​នយោបាយ​ និង​បុគ្គល​ល្បី​ៗជា​ច្រើន​រូប​ បាន​ឆ្លង​មេរោគ COVID-19 រួម​មាន​ដូច​ជា អនុប្រធានាធិបតី​អ៊ីរ៉ង់ រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​អូស្ត្រាលី ភរិយារបស់​​នាយក​រដ្ឋ​មន្ត្រី​កាណាដា ភរិយា​របស់​នាយក​រដ្ឋ​មន្ត្រី​អេស្ប៉ាញ និង​កីឡាករ​​ខ្សែ​បម្រើ​របស់​ក្រុម​បាល់​ទាត់ Chelsea ។ល។

គិត​មក​ដល់​ពេល​នេះ សហរដ្ឋ​អាមេរិក បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​ COVID-19 ចំនួន 2,726​នាក់ ក្នុង​នោះ​មាន​ 54​នាក់​បាន​ស្លាប់​ ខណៈ​នៅ​ទូទាំង​ពិភព​លោក មានមនុស្ស​156,102នាក់​បាន​ឆ្លងមេរោគកូរ៉ូណា ក្នុង​នោះ​មាន​ 5,819​នាក់​បាន​បាត់​បង់​ជីវិត​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement