ភរិយារបស់​នាយក​រដ្ឋ​មន្ត្រី​កាណាដា ឆ្លង​វីរុស COVID-19​ បន្ទាប់​ពី​បាន​ត្រឡប់​មក​ពី​ប្រទេស​អង់គ្លេស

ភរិយារបស់​នាយក​រដ្ឋ​មន្ត្រី​កាណាដា ឆ្លង​វីរុស COVID-19​ បន្ទាប់​ពី​បាន​ត្រឡប់​មក​ពី​ប្រទេស​អង់គ្លេស

លោកស្រី Sophie Gregoire ដែល​ជា​ភរិយា​របស់​នាយក​រដ្ឋមន្ត្រី​កាណា​ដា ត្រូវ​បាន​ធ្វើ​តេស្ត​រក​ឃើញ​ថា មាន​ផ្ទុក​វីរុស​ COVID-19 បន្ទាប់​ពី​បាន​វិល​ត្រឡប់​មក​ពី​ប្រទេស​អង់គ្លេស​ ប៉ុន្តែ នៅ​មាន​សុខ​ភាព​ល្អ និង​មាន​អាការ​រោគ​ស្រាល​ប៉ុណ្ណោះ​។

“ដំបូង​ ខ្ញុំ​សូម​អរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​អ្នក​ទាំង​អស់​ដែល​បាន​សួរ​សុខ​ទុក្ខ​​ខ្ញុំ។ បើ​ទោះ​ជា​ត្រូវ​ឆ្លង​កាត់​អាការ​រោគ​មិន​ស្រួល​ខ្លួន​ដោយ​សារ​វីរុស តែ​ខ្ញុំ​នឹង​មាន​សុខ​ភាព​ល្អ​ឡើង​វិញ​មិន​ខាន” ​លោក​ស្រី Sophie Gregoire Trudeau ដែល​កំពុង​បង្ខាំង​ខ្លួន​នៅ​ក្នុង​ផ្ទះ​ បាន​ឱ្យ​ដឹង​បែប​នេះ​នៅ​ក្នុង​សេចក្ដី​ប្រកាស​កាល​ពី​ថ្ងៃទី​12មីនា​កន្លង​ទៅ​។

ការិយាល័យ​នាយក​រដ្ឋ​មន្ត្រី​កាណាដា ក៏បាន​ទទួល​ស្គាល់​ថា លោក​ស្រី Sophie បាន​ឆ្លង​មេរោគ​កូរ៉ូណា​នេះ​។ ការិយា​ល័យ​នេះ​ក៏បាន​ឱ្យ​ដឹង​ថា លោក​នាយក​រដ្ឋ​មន្ត្រី​ Trudeau មិន​ទាន់​បាន​ធ្វើ​តេស្តរក​មេរោគ​នៅឡើយ​ ដោយ​សារ​តែ​គាត់​ពុំ​មាន​រោគ​សញ្ញា​ដែល​គួរ​សង្ស័យ ប៉ុន្តែលោក​​នឹង​ចាប់​ផ្ដើម​បង្ខាំង​ខ្លួន​ឯង​ក្នុង​រយៈ​ពេល​14ថ្ងៃ​។

លោក​ស្រី Sophie Gregoire ទើប​តែ​បាន​វិលត្រឡប់​មក​​ប្រទេស​កាណាដាវិញ បន្ទាប់​ពី​បាន​ទៅ​បំពេញ​បេសក​កម្ម​នៅ​ឯទី​ក្រុង​ឡុងដ៍​ ប្រទេស​អង់គ្លេស​ ហើយ​ក៏ចាប់​ផ្ដើម​មាន​អាការ​មិន​ស្រួល​ខ្លួន​កាល​ពី​យប់​ថ្ងៃទី​11មីនា ប៉ុន្តែ ភ្លាម​នោះ​ លោក​ស្រី​ក៏បាន​​ស្វែង​រក​ជំនួយ​ពី​ក្រុម​គ្រូពេទ្យ​។

គិត​មក​ដល់​ពេល​នេះ ប្រទេស​កាណាដា បាន​រក​ឃើញ​អ្នក​ផ្ទុក​វីរុស​កូរ៉ូណា​ចំនួន​ 117​នាក់ ក្នុង​នោះ​មាន​ម្នាក់​បាន​បាត់​បង់​ជីវិត។

COVID-19 បាន​ចាប់​ផ្ដើម​ឆ្លង​រាល​ដាល​នៅ​ប្រទេស​ចិន កាល​ពី​ខែ​ធ្នូ ឆ្នាំ​2019 ហើយ​មក​ដល់​ពេល​នេះ វាបាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ប្រទេស និង​ដែន​ដី​ចំនួន​130 នៅទូទាំង​ពិភពលោក បណ្ដាល​ឱ្យ​មាន​អ្នក​ឆ្លង​ជំងឺ​ជាង 128,343នាក់ ក្នុង​នោះ​មាន​ 4,720​នាក់​បាន​ស្លាប់ និង​68,324​នាក់​បាន​ជាសះស្បើយ​៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស

Advertisement