អ្នក​វិទ្យា​សាស្ត្រ​អាមេរិកាំង៖ វីរុស​ COVID-19 អាច​រក្សា​ជីវិត​របស់​វា​បានរហូត​ដល់​​3ថ្ងៃ​ នៅ​លើ​ដែក​អ៊ីណុក និង​ជ័រ

អ្នក​វិទ្យា​សាស្ត្រ​អាមេរិកាំង៖ វីរុស​ COVID-19 អាច​រក្សា​ជីវិត​របស់​វា​បានរហូត​ដល់​​3ថ្ងៃ​ នៅ​លើ​ដែក​អ៊ីណុក និង​ជ័រ

ការ​សិក្សា​ស្រាវ​ជ្រាវ​របស់​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​អាមេរិកាំង បាន​រក​ឃើញ​ថា វីរុស​កូរ៉ូណា COVID-19 អាច​រក្សា​ជីវិត​របស់​វា​បាន​ដល់​ទៅ​​ច្រើន​ម៉ោងនៅ​ក្នុង​ខ្យល់ និង​ចាប់​ពី ​2ទៅ​3ថ្ងៃ​ នៅ​លើ​ផ្ទៃខាង​លើ​​នៃ​វត្ថុ​​អ្វី​មួយ។

ទស្សនាវដ្ដី Time ដក​ស្រង់​លទ្ធ​ផល​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​របស់​រដ្ឋា​ភិបាល​សហ​រដ្ឋ​អាមេរិក និង​ក្រុម​អ្នក​វិទ្យា​សាស្ត្រ ដែល​ត្រូវ​បាន​ប្រកាស​កាល​ពី​ថ្ងៃទី​11មីនា​កន្លង​ទៅ ឱ្យ​ដឹង​ថា ក្រៅ​ពី​ការ​ឆ្លង​តាម​រយៈ​មនុស្ស​ប៉ះពាល់​គ្នា វីរុស​ COVID-19 ក៏អាច​ឆ្លង​ទៅ​តាម​ខ្យល់ ឬ​តាម​រយៈ​ការ​ប៉ះ​ពាល់​ទៅ​លើ​ផ្ទៃ​ខាង​លើ​​នៃ​វត្ថុ​អ្វី​មួយ​ ដែល​អ្នក​ជំងឺ​បាន​ប៉ះ​ពាល់​ផងដែរ​។

ការ​សិក្សា​ស្រាវ​ជ្រាវ​ខាងលើ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​នៃ​វិទ្យា​ស្ថាន​សុខាភិបាល​ជាតិ សាកល​វិទ្យា​ល័យ Princeton និង​សាកល​​វិទ្យា​ល័យ California ដោយ​ទទួល​បាន​ថវិកាដែល​ឧបត្ថម្ភ​ដោយ​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក និង​មូល​និធិ​វិទ្យា​សាស្ត្រ​ជាតិ​។​

ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ បាន​ប្រើ​ប្រាស់​ម៉ាស៊ីនឆ្ពុងប្រព័ន្ធ​ដង្ហើម nebulizer ដើម្បី​ពិសោធ​ទៅ​លើ​ការ​បញ្ចេញ​វីរុស​​​ទៅ​ក្នុង​បរិយា​កាស​ បំណង​ធ្វើ​ឱ្យ​វា​ដូច​ទៅ​នឹង​ស្ថាន​ភាព​ដែល​​អ្នក​ជំងឺ​ក្អក កណ្ដាស់ ឬ​បញ្ចេញ​វីរុស​ទៅ​ក្នុង​ខ្យល់​។ នេះ​បើ​តាម​សារ​ព័ត៌មាន Time។

តាម​រយៈ​ការ​ពិសោធ​ខាង​លើ អ្នក​វិទ្យា​សាស្ត្រ​បាន​រក​ឃើញ​ថា វីរុស​នៅ​តែអាច​រក្សា​​ជីវិតរបស់់​វា​ បាន​ដល់​ទៅ​ 3ម៉ោង​នៅ​ក្នុង​ខ្យល់ 4ម៉ោង​នៅ​លើ​ផ្ទៃ​នៃ​វត្ថុ​ធ្វើ​ពី​ស្ពាន់ 24ម៉ោង​នៅ​លើ​​ក្រដាស​កាតុង និង​3ថ្ងៃ នៅ​លើ​ផ្ទៃ​នៃ​វត្ថុ​ធ្វើ​ពីជ័រ ឬដែក​អ៊ីណុក​។ លទ្ធ​ផល​នេះ​ ប្រហាក់​ប្រហែល​នឹង​ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ទៅ​លើ​វីរុស​ដែល​បង្ក​ជំងឺ​ SARS កាល​ពី​ឆ្នាំ​2003។

“នេះ​គឺជា​ផ្នែក​មួយ​នៃ​ការ​សិក្សា​ស្រាវជ្រាវ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​សាធារណជន ហើយ​ទន្ទឹមនឹង​នេះ វា​ក៏​បង្ហាញ​ឱ្យ​ឃើញ​អំពី​តម្លៃ​​ ក៏ដូចជា​សារ​សំខាន់​នៃ​ការ​ណែនាំ​អំពី​បញ្ហា​រក្សា​អនាម័យ​ ដែល​ក្រុម​មន្ត្រី​សុខា​ភិបាល​បាន​លើក​ឡើង​។ អ្វី​ដែល​យើង​ទាំង​អស់​គ្នា​ត្រូវ​ធ្វើ​ នោះ​គឺ​ការ​លាង​ដៃ ហើយ​ត្រូវ​ដឹង​ថា អ្នកជំងឺ​ទាំង​អស់​ អាច​ចម្លង​មេរោគ​ទៅ​លើ​អ្វី​ៗ​ដែល​ពួកគេ​បាន​ប៉ះពាល់ និង​ចៀស​វាង​ការ​យក​ដៃ​ទៅ​ប៉ះមុខ​មាត់​” នេះ​បើ​តាម​ការ​ណែនាំ​របស់​ Julie Fischer ជា​សាស្ត្រាចារ្យ​ផ្នែក​មីក្រូជីវសាស្ត្រ​នៃ​សាកល​វិទ្យា​ល័យ​ Georgetown នៅ​សហ​រដ្ឋ​អាមេរិក។

អ្នក​វិទ្យា​សាស្ត្រ​អាមេរិកាំង៖ វីរុស​ COVID-19 អាច​រក្សា​ជីវិត​របស់​វា​បានរហូត​ដល់​​3ថ្ងៃ​ នៅ​លើ​ដែក​អ៊ីណុក និង​ជ័រ
អ្នក​វិទ្យា​សាស្ត្រ​អាមេរិកាំង៖ វីរុស​ COVID-19 អាច​រក្សា​ជីវិត​របស់​វា​បានរហូត​ដល់​​3ថ្ងៃ​ នៅ​លើ​ដែក​អ៊ីណុក និង​ជ័រ

មុន​នេះ លទ្ធ​ផល​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​របស់ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ចិន ដែល​បាន​ប្រកាស​កាល​ពី​ថ្ងៃទី​6មីនា បាន​បញ្ជាក់​ថា វីរុស​កូរ៉ូណា​ COVID-19 អាច​អណ្ដែត​​ក្នុង​ខ្យល់​យ៉ាង​ហោច​30នាទី និង​អាច​ហោះ​បាន​​ក្នុង​ចម្ងាយ​4.5ម៉ែត្រ គឺ​ឆ្ងាយ​ជាង​ “ចម្ងាយ​សុវត្ថិ​ភាព​” ដែល​ក្រុម​អ្នក​វេជ្ជ​សាស្ត្រ​ធ្លាប់​បាន​លើក​ឡើង​ទៅ​ទៀត​។

សូម​បញ្ជាក់​ថា បន្ទាប់​ពី​ផ្ទុះ​ឆ្លង​រាល​ដាល​នៅ​ប្រទេស​ចិន តាំង​ពី​ចុង​ឆ្នាំ​2019​ មក​ដល់​ពេល​នេះ COVID-19 បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ប្រទេស និង​ដែន​ដី​ចំនួន120 នៅ​ទូទាំង​ពិភពលោក។ បច្ចុប្បន្ន មនុស្ស​ចំនួន​126,136​នាក់​បាន​ឆ្លង​មេរោគ​កូរ៉ូណា​នេះ ក្នុង​នោះ​មាន​ 4,630​នាក់​បាន​ស្លាប់ និង​ 68,219នាក់​ បាន​ជា​សះស្បើយ​ពី​ជំងឺ​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement