ចំនួន​អ្នក​ឆ្លង​វីរុស​ COVID-19 នៅ​សហរដ្ឋ​អាមេរិក កើន​លើសពី​1,000នាក់​ទៅ​ហើយ

ចំនួន​មនុស្ស​ដែល​បាន​ឆ្លង​វីរុស​ COVID-19 នៅ​សហរដ្ឋ​អាមេរិក បាន​កើនឡើង​​លើសពី​​1,000នាក់​ហើយ នេះ​បើ​តាម​ស្ថិតិ​ថ្មី​បំផុត​។

យោង​តាម​ស្ថិតិ​របស់​ទីភ្នាក់​ងារ​សារ​ព័ត៌មាន CNN និង​សកលវិទ្យា​​ល័យ​ Johns Hopkins ចំនួន​អ្នក​បាន​ឆ្លង​មេរោគ COVID-19 នៅ​សហរដ្ឋ​អាមេរិក គិត​មក​ដល់​ពេល​នេះ​ បាន​កើន​លើស​ពី1,000​នាក់​។ ចំនួន​អ្នក​ជំងឺ​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​អាជ្ញាធរ បា​នកើន​ទ្វេដង​ ចាប់​ពី​ថ្ងៃ​ទី​8មីនា​ ឆ្នាំ​2020។

តួលេខ​នៃ​អ្នក​ស្លាប់​ដោយ​សារ​វីរុស​ COVID-19 នៅ​សហរដ្ឋ​អាមេរិក មក​ដល់​ពេល​នេះ ក៏បាន​កើន​ដល់​31នាក់។

យោងតាម​មជ្ឈមណ្ឌល​គ្រប់គ្រង និង​ទប់ស្កាត់​រោគ​របស់​សហ​រដ្ឋ​អាមេរិក វីរុស​បង្ក​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​នេះ បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​រដ្ឋ​ចំនួន​35 នៅ​ទូទាំងសហរដ្ឋ​អាមេរិក។ ជិត​ពាក់​កណ្ដាល​នៃ​អ្នក​ជំងឺ គឺ​ស្ថិត​នៅ​ក្នុង​រដ្ឋ​ចំនួន​3 គឺ រដ្ឋ Washington រដ្ឋ California និង​រដ្ឋ New York។

Washington បច្ចុប្បន្ន នៅ​តែ​ជា​រដ្ឋ​ដែល​ទទួល​រង​ផល​អាក្រក់​បំផុត​ពី​រោគរាតត្បាត​ COVID-19 នៅ​សហ​រដ្ឋ​អាមេរិក ដោយ​មាន​អ្នក​ជំងឺ​ចំនួន​273នាក់ និង​អ្នក​ស្លាប់​ចំនួន​24នាក់​។ ចំណែក​ California និង​ New York វិញ គឺ​មាន​អ្នក​ជំងឺ​ជាង​100នាក់​ដូច​គ្នា​ ខណៈ​ដែល​ Massachusetts មានអ្នក​ជំងឺ​ ​92នាក់​។

យ៉ាង​ហោច​ណាស់​ មាន​រដ្ឋ​ចំនួន​8 នៅ​សហរដ្ឋ​អាមេរិក បាន​ប្រកាស​ភាព​អាសន្ន​ ដោយ​សារ​វីរុស​ COVID-19។ ការ​ ប្រកាស​អាសន្ន​នេះ​នឹង​អនុញ្ញាត​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន ប្រើប្រាស់​រាល់​​មធ្យោបាយ​បន្ទាន់ទាំង​អស់ ​ដើម្បី​ទប់​ទល់​នឹង​រោគ​រាត​ត្បាត​។ ក្រៅ​ពី​នេះ ទីក្រុង​ និង​តំបន់​មួយ​ចំនួន​របស់​សហ​រដ្ឋ​អាមេរិក ក៏បាន​ប្រកាសអាសន្ន​ដោយ​ខ្លួន​ឯង​ ទាក់​ទិន​នឹង​ផ្នែក​វេជ្ជ​សាស្ត្រ​ ដើម្បី​ទប់​ស្កាត់​ COVID-19។

លោក​វេជ្ជ​បណ្ឌិត​ Anthony Fauci អគ្គនាយក​នៃ​​វិទ្យាស្ថានជាតិអាឡែរហ្សី និងជំងឺឆ្លង​របស់​សហរដ្ឋ​អាមេរិក (National ​Institute​ of​ Allergy​ and​ Infectious​ Diseases​) កាល​ពី​ថ្ងៃទី​8មីនា បាន​ឱ្យ​ដឹង​ថា ប្រទេស​នេះ​អាចនឹង​ពិចារណា​ក្នុង​ការ​​រឹតត្បិតទៅ​លើ​ការ​ដើរ​ហើរ​របស់​ប្រជា​ជន​ ទៅកាន់​តំបន់​ដែល​មាន​មនុស្ស​ច្រើន​ បើសិន​រោគ​រាត​ត្បាត​នេះ​ នៅ​តែ​បន្ត​ឆ្លង​រាលដាល​។ លោក​បាន​បដិសេធ​ចំពោះ​ការ​ប្រើ​វិធាន​ការ​ដាក់​បម្រាម​គោចរ​ទ្រង់​ទ្រាយ​ធំ​ដូច​នៅ​ប្រទេស​ចិន និង​ប្រទេស​អ៊ីតាលី ក៏ប៉ុន្តែ លោក​ក៏បាន​សង្កត់​ធ្ងន់​ថា សេណារីយ៉ោ ណា​ ក៏អាច​កើត​មាន​ឡើង​នោះ​ដែរ​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement