ទូទាំង​ប្រទេស​ចិន ថ្ងៃ​នេះ​មាន​អ្នក​ឆ្លង​វីរុស​ COVID-19ថ្មី ​ត្រឹម​តែ​19នាក់​​ប៉ុណ្ណោះ​ ចំណែក​អ្នក​ស្លាប់​មាន​ចំនួន​…

ប្រទេស​ចិន​បាន​ប្រកាស​ឱ្យ​ដឹង​ថា បាន​រក​ឃើញ​អ្នក​ផ្ទុក​វីរុស​កូរ៉ូណា​ COVID-19 បន្ថែម​ត្រឹម​តែ​19នាក់​ប៉ុណ្ណោះ ដែល​នេះ​ជា​តួលេខ​ទាប​បំផុត​ចាប់​ពី​រោគ​រាត​ត្បាត​នេះ​បាន​ផ្ទុះ​ឆ្លង​រាលដាល ខណៈ​ដែល​អ្នក​ស្លាប់​បន្ថែម​មាន​ចំនួន​17នាក់ ពោល​គឺ​តិច​ជាង​ម្សិល​មិញ​5ករណី​។

គណៈ​កម្មការ​សុខាភិបាល​ចិន ព្រឹក​នេះ​បាន​រាយ​ការណ៍​ថា បាន​រក​ឃើញ​​អ្នក​ផ្ទុក​វីរុស​ COVID-19 ចំនួន​19ករណី​បន្ថែម​ទៀត​ គឺ​ថយ​ចុះ​ខ្លាំង​បើ​ធៀប​នឹង​40ករណី​កាល​ពី​ថ្ងៃ​មុន​។ នេះ​ក៏​ជា​កំណើន​ទាប​បំផុត​នៅ​ប្រទេស​ចិន​ រាប់​ចាប់​តាំង​ពី​ប្រទេស​នេះ​ចាប់​ផ្ដើម​ប្រកាស​អំពី​តួលេខ​ស្ដី​អំពី​ COVID-19 ចាប់​ពី​ថ្ងៃទី​20មករា​ រហូត​មក​ដល់​ពេល​នេះ​។

17នាក់​ ក្នុង​ចំណោម​អ្នក​ដែល​បាន​ឆ្លង​មេរោគ​ទាំង​19នាក់​ខាង​លើ គឺ​សុទ្ធ​តែ​ជា​អ្នក​រស់​​នៅ​ក្នុង​ទីក្រុង Wuhan ដែល​ជា​សម្បុក​មេរោគ​ COVID-19 ធំ​បំផុត​នៅ​ប្រទេស​ចិន។ ក្រៅ​ពី​នេះ គឺ​មាន​ម្នាក់​នៅ​ទីក្រុង​ប៉េកាំង និង​ម្នាក់​ទៀត​នៅ​ខេត្ត​ក្វាង​តុង​ ពួកគេ​គឺ​ជា​អ្នក​ទេសចរ​មក​ពីប្រទេស​​អង់គ្លេស និង​ប្រទេស​អេស្ប៉ាញ។

ប្រទេស​ចិន​ក៏បាន​ប្រកាស​ឱ្យ​ដឹង​ដែរ​ថា មាន​អ្នក​ស្លាប់​ដោយ​សារ​រោគ​រាត​ត្បាត​ COVID-19 ចំនួន​17នាក់​កាល​ពី​ម្សិល​មិញ ដែល​ទាំង​អស់សុទ្ធ​តែ​នៅ​ក្នុង​ខេត្ត​ Hubei ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​នៅ​ប្រទេស​ចិន​ ឡើង​ដល់​ 3,136​នាក់​។

មក​ដល់​បច្ចុប្បន្ន ប្រទេស​ចិន​ មានអ្នក​ឆ្លង​វីរុស​ COVID-19 សរុបចំនួន​ 80,754​នាក់។ នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​កាល​ពី​ម្សិល​មិញ អង្គ​ការ​សុខ​ភាព​ពិភពលោក (WHO) បាន​ឱ្យ​ដឹង​ថា ក្នុង​ចំណោម​អ្នក​ដែល​បាន​ឆ្លង​មេរោគ​ទាំង​អស់ គឺ​មាន​ “ជាង​70% បាន​ជា​សះស្បើយ​ពី​ជំងឺ និង​បាន​អនុញ្ញាត​ឱ្យ​ចេញ​ពី​មន្ទីរពេទ្យ​”៕

ប្រភព៖ សារព័ត៌មាន​បរទេស​

Advertisement