មេបញ្ជាការ​កង​ទ័ព​ជើង​គោក​អ៊ីតាលី ឆ្លង​វីរុស Covid-19 ខណៈ​អ៊ីតាលី​បាន​ក្លាយ​ជា​ប្រទេស​ដែល​មាន​អ្នក​ស្លាប់​ដោយ​សារ​ Covd-19 ខ្ពស់​បំផុត​លំដាប់​ទី2ក្នុង​ពិភពលោក

លោក Salvatore Farina ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​រកឃើញ​ថា មាន​ផ្ទុក​មេរោគ​កូរ៉ូណា Covid-19 និង​កំពុង​បង្ខាំង​ខ្លួន​នៅ​ក្នុង​ផ្ទះ និង​បា​នក្លាយ​ជា​មន្ត្រី​យោធា​ជាន់​ខ្ពស់​បំផុត​ ដែល​បាន​ឆ្លង​រោគ​រាតត្បាត​នេះ​។

“មេបញ្ជា​ការ​កង​ទ័ព​ជើង​គោក​អ៊ីតាលី លោក Salvatore Farina បាន​បង្ខាំង​ខ្លួន​ឯង​នៅ​ក្នុង​ផ្ទះ បន្ទាប់​ពី​គាត់​មាន​អាការ​មិន​ស្រួល​ខ្លួន​។ លោក Salvatore Farina ត្រូវ​បាន​ក្រុម​វេជ្ជ​បណ្ឌិត​ពិនិត្យ​សុខ​ភាព​ និង​បាន​ធ្វើ​តេស្ត​រកឃើញ​ថា លោក​វិជ្ជ​មាន​ជាមួយ​នឹង​វីរុស​ Covid-19។ តួនាទី​របស់​លោក នឹង​ត្រូវ​បាន​ជំនួស​បណ្ដោះ​អាសន្ន​ដោយ​​មេបញ្ជា​ការ​ Ferderco Bonato”។ នេះ​បើតាម​ទីភ្នាក់​ងារ​សារព័ត៌មាន ANSA ដែល​មាន​ទីស្នាក់​ការ​កណ្ដាល​នៅ​ទីក្រុង​ Rome របស់​អ៊ីតាលី​ ចេញ​ផ្សាយ​កាល​ពី​ម្សិល​មិញ​។

សារ​ព័ត៌មា​នប្រទេស​អ៊ីតាលី​បាន​ឱ្យ​ដឹង​ថា លោក Farina នៅ​មាន​សុខ​ភាព​ល្អ​នៅ​ឡើយ ប៉ុន្តែ​ គេមិន​ទាន់​ដឹង​ច្បាស់​អំពី​ប្រភព​ចម្លង​មេរោគ​នេះ​ទៅ​គាត់​នៅ​ឡើយ​ដែរ​។ លោក Farina គឺជា​អ្នក​ដឹក​នាំ​កំពូល​នៃ​កង​ទ័ពជើង​គោក​អ៊ីតាលី ហើយ​ក៏ជា​មន្ត្រី​យោធា​ជាន់​ខ្ពស់​បំផុត​ក្នុង​ជួរ​កង​ទ័ព​របស់​អ៊ីតាលី​ ដែល​បាន​ឆ្លង​មេរោគ​ Covid-19។

តួលេខ​អ្នក​ឆ្លង​មេរោគ​ Covid-19 នៅ​ប្រទេស​អ៊ីតាលី កើន​ឡើង​ខ្លាំង​ជាង​គេ​ក្នុង​រយៈ​ពេល​តែ​24ម៉ោង​ចុង​ក្រោយ​នេះ​ ខណៈ​ដែល​បាន​រក​ឃើញ​អ្នក​ជំងឺ​ថ្មី 1,797​នាក់​បន្ថែម​ទៀត​ ធ្វើឱ្យ​ចំនួន​អ្នក​ដែល​បាន​ឆ្លង​មេរោគ​នៅ​ប្រទេស​នេះ កើន​ដល់ 9,172នាក់ ហើយ​បាន​ក្លាយ​ជា​សម្បុក​មេរោគ​ Covid-19 ធំជាង​គេ​លំដាប់​ទី​ពីរ​ក្នុង​ពិភពលោក បន្ទាប់​ពី​ប្រទេស​ចិន។

អ៊ីតាលី​ក៏ជា​ប្រទេស​ដែល​មាន​អ្នក​ស្លាប់​ដោយ​សារ​ Covd-19 ខ្ពស់​បំផុត​លំដាប់​ទីពីរ​ក្នុង​លោក បន្ទាប់​ពី​ប្រទេស​ចិន​​ផងដែរ​ ដោយ​មាន​អ្នក​ស្លាប់ 463នាក់ គឺ​កើន​​97ករណី បើ​ធៀប​នឹង​1ថ្ងៃ​មុន​។ នាយក​រដ្ឋ​មន្ត្រី​អ៊ីតាលី Giuseppe Conte បាន​ចេញ​បទ​បញ្ជា​ដាក់​បម្រាម​គោចរ​នៅ​ទូទាំង​ប្រទេស​ ដើម្បី​ទប់​ស្កាត់​ការឆ្លង​វីរុស​ដ៏​កំណាច​នេះ​។

គិត​មក​ដល់​ពេល​នេះ នៅ​ទូទាំង​ពិភពលោក មាន​អ្នក​ឆ្លង​វីរុស​ Covid-19 ចំនួន 113,605​នាក់ ក្នុង​នោះ​មាន​ 4,012នាក់ បាន​បាត់​បង់​ជីវិត៕

ប្រភព៖ សារ​ព័ត៌មា​នបរទេស

Advertisement