អ្នក​ផ្ទុកវីរុស​ Covid-19​ ម្នាក់នៅ​អាមេរិក បាន​ចូល​រួមក្នុង​កិច្ចប្រជុំ​​មួយ​ដែល​មាន​លោកក​ Trump និង​លោក Mike Pence

មនុស្ស​ម្នាក់​ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​ផ្ទុក​មេរោគ Covid-19 បាន​ចូល​រួម​សន្និសីទ​នយោបាយ​មួយ​នៅ​ក្បែរ​​រដ្ឋធានី​ Washington ដែល​មាន​ការ​ចូល​រួម​របស់​លោក Trump និង​មន្ត្រី​រដ្ឋាភិបាលសហរដ្ឋ​អាមេរិក​​ជា​ច្រើន​រូប​​ផងដែរ​។

នៅ​ក្នុង​កិច្ច​ប្រជុំ​ដែល​មាន​ឈ្មោះ​ថា “សន្និសីទសកម្មភាពនយោបាយអភិរក្សនិយម” ហៅ​កាត់​ថា CPAC​(Conservative​ Political Action Conference) ដែល​មាន​វត្តមាន​របស់​អ្នក​ជំងឺ​កូរ៉ូណាម្នាក់​ខាង​លើនេះ និង​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​រដ្ឋ Maryland នៃ​សហរដ្ឋ​អាមេរិក​ កាល​ពី​ថ្ងៃទី​26 ដល់​ថ្ងៃទី29 ខែ​មីនា​ ឆ្នាំ​2020នោះ គេ​ឃើញ​ថា​មាន​ការ​ចូល​រួម​របស់​មន្ត្រី​ជាន់​ខ្ពស់អាមេរិក​​ជា​ច្រើន​រូប​ ដូច​ជា​ប្រធានាធិបតី​អាមេរិក​ Donald Trump អនុប្រធានា​ធិបតីអាមេរិក​ Mike Pence។ល។

សហភាព​អភិរក្ស​អាមេរិកាំង ACU (American Conservative Union) ដែល​ជា​អ្នក​រៀប​ចំកិច្ច​ប្រជុំ​នេះ បាន​ឱ្យ​ដឹង​ថា “ម្នាក់​នេះ​បាន​ឆ្លង​មេរោគ​ មុន​ពេល​មកចូលរួម​កិច្ច​ប្រជុំ។ មន្ទីរពេទ្យ​នៅ New Jersey បាន​បង្ខាំង​អ្នក​ជំងឺ​នេះ និង​បាន​​ធ្វើ​តេស្ត​រក​មេរោគ​ ហើយ​ក្រោយ​មក មជ្ឈមណ្ឌល​គ្រប់គ្រង​ និង​ទប់ស្កាត់​រោគ​ឆ្លង​របស់សហរដ្ឋ​​អាមេរិក បាន​បញ្ជាក់​ថា​ មនុស្ស​នេះ​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​ពិត​មែន​”។

“អ្នក​ជំងឺ​នេះ​មិន​បាន​នៅ​ក្បែរ​ប្រធានាធិបតី ឬ​អនុប្រធានាធិបតី​ និង​មិន​បាន​ចូល​រួម​ក្នុង​ព្រឹត្តិការ​សំខាន់​​នៃ​កិច្ច​ប្រជុំ​នេះ​ទេ​” នេះ​បើ​តាម​ ACU។

សហរដ្ឋ​អាមេរិក បច្ចុប្បន្ន មាន​អ្នក​ជំងឺ​ Covid-19 ចំនួន 433នាក់​ ក្នុង​នោះ​មាន​ 17នាក់​បាន​ស្លាប់​ ខណៈ​នៅ​ទូទាំង​ពិភពលោក មាន​ប្រទេស​ និង​ដែន​ដី​ចំនួន102 បាន​រាយការណ៍​ថា មាន​អ្នក​ឆ្លង​មេរោគ​នេះ ក្នុង​នោះ​ដែរ​ចំនួន​អ្នក​បាន​ឆ្លង​មេរោគ​កូរ៉ូណា​សរុប 106,165​នាក់ ដោយ​បូករួម​ទាំង​អ្នកដែល​បាន​​ស្លាប់​ចំនួន​ 3,594​នាក់​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស​

Advertisement