លទ្ធ​ផល​នៃ​ការ​ធ្វើ​តេស្ត​លើ​ជនជាតិ​ខ្មែរ​ដែល​សង្ស័យ​ថា​បាន​ឆ្លង​ Covid-19 ត្រូវ​បាន​ប្រកាស​ឱ្យ​ដឹង​ហើយ

សមាជិក​ចំនួន​3​រូប (​ប្រពន្ធ ប្អូន និង​ប្អូនថ្លៃ) របស់​អ្នក​ជំងឺកូរ៉ូណា​ម្នាក់​ ដែល​ជា​បុរស​វ័យ​38ឆ្នាំ​នៅ​ក្រុង​សៀម​រាប ដែល​បាន​ឆ្លង​មេរោគពី​ជនជាតិ​ជប៉ុន ពេល​នេះ ក្រសួង​សុខាភិបាល​បាន​ប្រកាស​ឱ្យ​ដឹង​ថា ពួកគេ​មិន​មាន​ផ្ទុក​មេរោគ​នេះ​នោះ​ទេ​។

​នៅ​ក្នុង​កិច្ចប្រជុំ​បន្ទាន់​ជាមួយ​មន្ត្រី​ជំនាញ និង​វិស័យ​ឯកជន ដើម្បី​ទប់ទល់​នឹង​វិបត្តិ​នានា បណ្តាល​​មក​ពី​រោគ​រាត​ត្បាត​ Covid-19 លោក ទៀ សីហា​ បាន​បញ្ជាក់​ថា ចំពោះ​អ្នក​ជាប់ពាក់​ព័ន្ធ​​ផ្ទាល់ចំនួន​4​នាក់ ជាមួយ​ជនជាតិ​ជប៉ុន​កន្លង​មក គឺ​ត្រូវ​បាន​ធ្វើតេស្ត​ឃើញ​វិជ្ជមាន​ម្នាក់ គឺ​បុរស​វ័យ38ឆ្នាំ​ ដែល​ត្រូវ​បាន​ប្រកាស​ឱ្យ​ដឹង​កាល​ពី​ម្សិល​មិញ។

ចំណែកមនុស្ស​3នាក់ (ដែល​ជា​ប្រពន្ធ ប្អូន និង​ប្អូនថ្លៃរបស់​អ្នក​ជំងឺ​កូរ៉ូណាដែល​ជា​ជន​ជាតិ​ខ្មែរខាងលើ) ​ដែល​​ជាប់​ទាក់​ទិន​ផ្ទាល់​ជាមួយ​នឹង​អ្នក​ជំងឺ​វ័យ​38ឆ្នាំខាងលើ​ គឺ​មិន​មាន​ផ្ទុក​មេរោគ​ Covid-19 នោះ​ទេ​។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក ទៀ សីហា​ អភិបាលខេត្ត​សៀមរាប។

គិត​មក​ដល់​ពេល​នេះ កម្ពុជា​ បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ចំនួន​2នាក់ ក្នុង​នោះ​មាន​ម្នាក់​ជា​ជន​ជាតិ​ចិន បាន​ជាសះស្បើយរួច​ហើយ និង​ម្នាក់​ទៀត​ជា​ជនជាតិ​ខ្មែរ ដែល​ពេល​នេះ​កំពុង​ទទួល​ការ​ព្យា​បាល​ និង​​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ នៅ​ឯមន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀម​រាប។

នៅ​ទូទាំង​ពិភពលោក មាន​ប្រទេស​ និង​ដែន​ដី​ចំនួន102 បាន​រាយការណ៍​ថា មាន​អ្នក​ឆ្លង​មេរោគ​នេះ ក្នុង​នោះ​ដែរ​ចំនួន​អ្នក​បាន​ឆ្លង​មេរោគ​កូរ៉ូណា​សរុប 106,165​នាក់ ក្នុង​នោះ​មាន​ 3,594​នាក់​បាន​បាត់​បង់​ជីវិត​៕

Advertisement