21នាក់​បាន​ឆ្លង​មេរោគ Covid-19 នៅ​លើ​នាវា​ទេសចរណ៍​អាមេរិក

បុគ្គលិក​នាវា​ចំនួន​19នាក់ និង​អ្នក​ទេស​ចរ​ 2នាក់​នៅ​លើ​នាវា​ទេសចរណ៍ Grand Princess របស់​អាមេរិក ត្រូវ​បាន​គេ​រកឃើញ​ថា​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​​ Covid-19 នេះ​បើ​តាម​ការ​ឱ្យ​ដឹង​របស់​អនុប្រធានា​ធិបតី​អាមេរិក​ កាល​ពី​ម្សិល​មិញ​។

​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​ កាល​ពី​ថ្ងៃទី​6មីនា លោក​ Mike Pence ដែល​ជា​អនុប្រធានា​ធិបតី​អាមេរិក បាន​ឱ្យ​ដឹង​ថា “វត្ថុ​វិភាគ​ចំនួន​ 21 ត្រូវ​បាន​ធ្វើ​តេស្ត​រក​ឃើញថា​​មាន​វីរុស​ Covid-19 ចំណែក​វត្ថុ​វិភាគ​ចំនួន 24ផ្សេង​ទៀត​​មិន​មាន​មេរោគ។ វត្ថុ​វិភាគ​ក្រៅ​ពី​នេះ មិន​ទាន់​ចេញ​លទ្ធ​ផលនៃ​ការ​ធ្វើ​តេស្ត​​នៅឡើយ​។ វត្ថុ​វិភាគ​ដែល​មាន​វីរុស​គឺជា​របស់​នាវិក​19នាក់ និង​អ្នក​ទេសចរ​ចំនួន​2នាក់​”។ នេះ​បើ​តាម​សារ​ព័ត៌មាន Reuters។

អនុប្រធានា​ធិបតី​អាមេរិក ​បាន​បន្ត​ថា “នាវា​ Grand Princess នឹង​ត្រូវ​នាំ​ទៅ​កាន់កំពង់​ផែ និងតម្រូវ​ឱ្យ​​ផ្អាកធ្វើ​សកម្ម​ភាព​ពាណិជ្ជ​កម្ម​​នៅ​ចុង​សប្ដាហ៍​នេះ​ ហើយ​អ្នក​ទេសចរ និង​ក្រុម​នាវិក​សរុប 3,533​នាក់ ដែល​នៅ​លើ​នាវា​នេះ​ក៏​នឹង​ត្រូវ​ធ្វើ​តេស្ត​រក​មេរោគ​”។

សូម​បញ្ជាក់​ថា នាវា​ Grand Princess ត្រូវ​បាន​ដាក់​ឱ្យ​ចត​នៅ​ដាច់​ដោយ​ឡែក​​លើ​លម្ហ​សមុទ្រ​ San Francisco កាល​ពី​ថ្ងៃទី​5មីនា បន្ទាប់​ពី​អ្នក​ទេស​ចរ​3នាក់​បាន​ឆ្លង​មេរោគ Covid-19 ក្នុង​នោះ​ មាន​អ្នក​ទេស​ចរ​វ័យ​71ឆ្នាំ​ម្នាក់ បាន​បាត់​បង់​ជីវិត​។ នាវា​នេះ បាន​ធ្វើ​ដំណើរ​ចេញ​ពី San Francisco ទៅកាន់​ Mexico កាល​ពី​ខែ​មុន​។

គិត​មក​ដល់​ព្រឹក​នេះ សហរដ្ឋ​អាមេរិក មាន​អ្នក​ឆ្លង​មេរោគ​ Covid-19 ចំនួន 330​នាក់ និង​អ្នក​ស្លាប់​ចំនួន​ 14នាក់​ ខណៈ​ដែល​នៅ​ទូទាំង​ពិភពលោក មាន​អ្នក​ស្លាប់​ដោយ​សារ​វីរុស​កូរ៉ូណា Covid-19 ឡើង​ដល់​ 3,491​នាក់​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement