​អ្នក​​ឆ្លង​​ Covid-19 បាន​កើន​ដល់​​ជាង 100,330​នាក់នៅ​ទូទាំង​ពិភពលោក ខណៈ​កម្ពុជា​មាន​មនុស្ស​ចំនួន​ជាង​…

គិត​មក​ដល់​ម៉ោង​ជិត​10យប់ ថ្ងៃទី​6 ខែមីនា​ ឆ្នាំ​2020 តួលេខ​នៃ​អ្នក​បាន​ឆ្លង​មេរោគ Covid-19 នៅ​ទូទាំង​ពិភព​លោក បាន​កើន​ឡើង​ដល់​ 100,330នាក់​ហើយ​ ក្នុង​នោះ​គេ​ឃើញ​ថា ចំនួន​អ្នក​ឆ្លង​មេរោគ​ថ្មី​បន្ថែម​នៅ​ប្រទេស​ចិន បាន​ថយ​ចុះ​គួរ​ឱ្យ​កត់​សម្គាល់​។

​ទន្ទឺម​នឹង​ការ​ថយចុះ​នៃ​​ចំនួនអ្នក​ឆ្លង​មេរោគ​កូរ៉ូណា​ថ្មី​បន្ថែម​នៅ​ប្រទេស​ចិន​ គេ​​ឃើញ​ថា តួលេខ​នៃ​អ្នក​ឆ្លង​មេរោគ​នៅ​តាម​បណ្ដា​ប្រទេស​ក្រៅ​ពី​ប្រទេស​ចិន បែរ​ជា​កើន​ឡើង​ខ្លាំង​គួរ​ឱ្យ​ព្រួយ​បារម្ភ​។ ប្រទេស​ដែល​មាន​អ្នក​ផ្ទុក​មេរោគ​ច្រើន​ជាង​គេ​បង្អស់​ក្នុងពិភព​​លោក​ក្រៅ​ពី​ប្រទេស​ចិន មាន​ដូច​ជាកូរ៉េខាង​ត្បូង​មាន​អ្នក​ឆ្លង​រោគ​ឡើង​ដល់​6,593​នាក់​ ប្រទេស​អ៊ីរ៉ង់​4,747នាក់​ ប្រទេស​អ៊ីតាលី3,858នាក់ ប្រទេស​អាល្លឺម៉ង់​577នាក់ បារាំង​432នាក់ ជប៉ុន381​នាក់ អេស្ប៉ាញ360​នាក់ និង​អាមេរិក​មាន​អ្នក​ឆ្លង​មេរោគ​នេះ​ចំនួន​233នាក់​ រួម​នឹង​ប្រទេស​ផ្សេង​ៗ​ជា​ច្រើន​ទៀត​។

ក្នុង​ចំណោម​ប្រទេស​ដែល​មាន​អ្នក​ស្លាប់​ដោយ​សារ​មេរោគកូរ៉ូណា​ច្រើន​ជាង​គេ​បង្អស់​ គេ​ឃើញ​ថា​ប្រទេស​អ៊ីតាលី​បាន​ឈរ​លំដាប់់​លេខ​2 បន្ទាប់​ពី​ប្រទេស​ចិន ដោយ​មាន​អ្នក​ស្លាប់​សរុប​ចំនួន​148​នាក់​។ ឈរ​លេខ​3 ​គឺ​ប្រទេស​អ៊ីរ៉ង់​ ដោយ​មាន​អ្នក​ស្លាប់​​124នាក់​ និង​កូរ៉េខាង​ត្បូង​មានអ្នក​ស្លាប់​ចំនួន​42នាក់​។

នៅ​ប្រទេស​កម្ពុជា​វិញ មក​ដល់​ពេល​នេះ មិន​ទាន់​មាន​សេចក្ដី​រាយ​ការណ៍​អំពី​ករណី​បាត់​បង់​ជីវិត​ដោយ​សារ​មេរោគ​កូរ៉ូណា​នៅ​ឡើយ​។ ប៉ុន្តែ កម្ពុជា​មាន​មនុស្ស​ចំនួន​44នាក់​កំពុង​ត្រូវ​បាន​ដាក់​ឱ្យ​នៅ​ក្រោម​ការ​តាម​ដានសុខ​ភាព​​ពី​សំណាក់​ក្រសួង​សុខាភិបាល​នៅ​ឯខេត្ត​សៀម​រាប ក្នុង​នោះ​មាន​4នាក់​ត្រូវ​គេ​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ ព្រោះ​សង្ស័យ​ថា បាន​ឆ្លង​មេរោគ​កូរ៉ូណា​ពី​បុរស​​ជនជាតិ​ជប៉ុន​ម្នាក់ ដែល​បច្ចុប្បន្ន​ជនជាតិ​ជប៉ុន​ម្នាក់​នោះ កំពុង​ទទួល​ការ​ព្យា​បាល​នៅឯ​ប្រទេស​ជប៉ុន​៕

Advertisement