Covid-19 ឆ្លង​ពេញ​ពិភពលោក អ្នក​ស្រុក​ Wuhan ដែល​ជាប់​នៅ​ខាង​ក្រៅ​​​ នាំ​គ្នា​ត្រឡប់​មក​សម្បុក​មេរោគ​វិញ

នៅ​ពេល​រោគរាត​ត្បាត Covid-19 បាន​ឆ្លង​រាល​ដាល​ពាស​ពេញ​ពិភពលោក ព្រម​ទាំង​មាន​ភាព​ស្មុគស្មាញ​ខ្លាំង​​ អ្នកស្រុក​ Wuhan ដែល​បាន​ជាប់​នៅ​ខាង​ក្រៅ​តំបន់​នេះ​ ក៏នាំ​គ្នា​វិល​ត្រឡប់​មក​ស្រុក​កំណើត​របស់​ខ្លួន​ដែល​ជា​សម្បុក​មេរោគ​ដំបូង​នៃ​ Covid-19​។

តំបន់ Wuhan នៃ​ខេត្ត Hubei ហាក់​ត្រូវ​បាន​កាត់​ផ្ដាច់​ពី​ពិភពលោក​ខាង​ក្រៅ​​ ចាប់​តាំង​ពី​ថ្ងៃទី​ 23មករា ឆ្នាំ​2020 បន្ទាប់​ពី​រដ្ឋាភិបាល​ចិន​ បាន​អនុវត្ត​វិធាន​ការ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក នោះ​គឺ​ បិទ​ការ​ចេញ​-ចូល​ខេត្ត Hubei ដើម្បី​​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​រោគរាត​ត្បាត​ Covid-19។

នៅ​ពេល​ស្ថាន​ភាព​ Covid-19 នៅ​ប្រទេស​ចិន​ ចាប់​ផ្ដើម​ត្រូវ​បាន​គ្រប់​គ្រង​បន្តិច​ម្ដងៗ ប្រជាជន​មួយ​ចំនួន​ដែល​មាន​ស្រុក​កំណើត​នៅ​ក្នុង​ខេត្ត Hubei ដែល​បាន​ជាប់​នៅ​ខាង​ក្រៅ​ខេត្ត​នេះ ព្រោះ​តែ​បម្រាម​គោចរ​ ពេល​នេះ អាច​ត្រឡប់​មក​ស្រុក​វិញ ដោយ​ពួកគេ​ជឿ​ថា ផ្ទះ​គឺនៅ​តែ​ជា​កន្លែង​សុវត្ថិ​ភាព​បំផុត​។ នេះ​បើ​តាម​សារ​ព័ត៌មាន AFP។

ស្ត្រី​ម្នាក់​ឈ្មោះ Zhao មាន​អាយុ​ 30ឆ្នាំ​ ដែល​វិល​ត្រឡប់​មក​ស្រុក​កំណើត​នៅ​ឯទីក្រុង​ Wuhan ជាមួយ​ស្វាមីនាង​ឈ្មោះ​ Gao​ បាន​ឱ្យ​ដឹង​ថា “មនុស្ស​ដែល​មក​ពី​បរទេស​ មក​កាន់​ប្រទេស​ចិន អាច​ធ្វើ​ឱ្យ​មាន​ការ​ផ្ទុះ​ឆ្លង​រាល​ដាល​នៃ​មេរោគ Covid-19 ជា​ថ្មី​ម្ដង​ទៀត​ ដូច្នេះ នៅ​ក្នុង​ទីក្រុង Wuhan អាច​ជា​កន្លែង​មាន​សុវត្ថិភាព​នៅ​ពេល​នេះ​”។

Zhao បាន​ប្រាប់​ថា ពួកគេ​បាន​ដឹង​ថា នៅ​ឯស្រុក​កំណើត​នា​ទី​ក្រុង​ Wuhan ត្រូវ​បាន​គេ​បិទ​ការ​ចេញ​-ចូល នៅ​ពេល​ដែល​ខ្លួន​កំពុង​ស្ថិត​នៅ​ក្នុង​ទីក្រុង Changchun នៃ​ខេត្ត Jilin។ នៅ​ទី​នេះ​ ពួកគេ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​គ្រួសារ​ដែលកំពុង​​នៅ​ក្នុង​ទី​ក្រុង​ Wuhan ហើយ​ពេល​ខ្លះ​ ពួកគេ​ត្រូវអ្នក​ស្រុក​ផ្សេង​​រើស​អើង​ ព្រោះ​តែ​មក​ពី​ពួកគេ​មក​ពី​ Wuhan។

ពេល​បាន​មក​ដល់​ Wuhan ដែល​ជា​ស្រុក​កំណើត ពួក​គេ​ (Zhao និង​ Gao) មាន​ការ​សប្បាយ​ចិត្ត​ជា​ខ្លាំង​។ ក៏ប៉ុន្តែ ពួកគេ​មិន​ទាន់​បាន​ជួប​ជុំ​គ្រួសារ​ម្ដង​ណា​ឡើយ​ ដោយ​សារ​ត្រូវ​អាជ្ញា​ធរដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ក្នុង​រយៈ​ពេល​ 14​ថ្ងៃ​ដើម្បី​តាម​ដាន​សុខ​ភាព​។​

Gao និយាយ​ថា ឪពុក​ម្ដាយ​របស់​គាត់ សំណាង​ណាស់​ដែល​នៅ​មាន​សុខ​ភាព​ល្អ ប៉ុន្តែ មិត្ត​ភក្ដិ​មួយ​ចំនួន​របស់​គាត់ បាន​ឆ្លង​មេរោគ​ Covid-19 នេះ​។​ ក៏ប៉ុន្តែ ទោះ​ជា​យ៉ាង​នេះ​ក្ដី អ្នក​ស្រុក​ Wuhan បាន​ចាប់​ផ្ដើម​នាំ​គ្នា​ត្រឡ​ប់​មក​ស្រុក​កំណើត​វិញ។ Zhao និយាយ​ថា “ដំណាក់​កាល​គួរ​ឱ្យ​ខ្លាច​បំផុត​បាន​កន្លង​ផុត​ទៅ​ហើយ​”។

ទោះជាយ៉ាង​ណា​ក៏ដោយ ទីក្រុង​ Wuhan​ ក្នុង​ខេត្ត Hubei នៃ​ប្រទេស​ចិន នៅ​តែ​ស្ងប់​ស្ងាត់នៅ​ឡើយ​

បើ​ទោះ​ជា​បម្រាម​គោចរ​របស់​អាជ្ញា​ធរ បាន​កាត់​បន្ថយ​ការ​ធ្វើ​ដំណើរ​ចេញ-ចូល​ខេត្ត Hubei ពិសេស​គឺ​ទីក្រុង​ Wuhan ក៏​ប៉ុន្តែ រថភ្លើង​ល្បឿន​លឿន នៅ​តែ​ធ្វើ​ដំណើរ​កាត់​តាម​ខេត្ត​នេះ និង​តែង​ឈប់​នៅ​ស្ថានីយមួយ​កន្លែង​​​ក្នុង​ទីក្រុង Wuhan។ ដូច្នេះ ការ​ធ្វើ​ដំណើរ​ត្រឡប់​ចូល​ស្រុក​កំណើត​វិញ គឺ​អាច​ធ្វើ​ទៅ​បាន​ ប៉ុន្តែ វា​នៅ​មាន​ការ​លំបាក​ខ្លាំង​នៅ​ឡើយ​។

គិត​មក​ដល់​ថ្ងៃទី​ 6មីនា​នេះ ប្រទេស​ចិន មាន​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​ Covid-19 សរុប​ចំនួន 80,556​នាក់ ក្នុង​នោះ​មាន​អ្នក​ស្លាប់ 3,042​នាក់​ ខណៈ​ពិភពលោក មាន​អ្នក​ផ្ទុក​មេរោគ​សរុប 100,330​នាក់ ក្នុងនោះ​មាន​អ្នក​ស្លាប់​ចំនួន 3,408​នាក់​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement