WHO ថា “នេះ​ជា​ពេល​ដែល​ត្រូវ​ប្រមូល​កម្លាំង​ទាំង​អស់​ដើម្បី​ទប់​ទល់​នឹង​រោគ​រាត​ត្បាត” ស្រប​ពេល​ដែល​ប្រទេសខ្លះ​​ ​មាន​វិធាន​ការ​មិន​សមស្រប​​ទៅ​នឹង​ទំហំ​នៃ​ការ​រាត​ត្បាត​របស់​វីរុស​ Covid-19

ប្រធាន​អង្គ​ការ​សុខ​ភាពពិភពលោក​ WHO លោក Todros Adhanom Ghebreyesus បាន​ប្រកាស​ថា “ពេល​នេះ​មិន​មែនជា​ពេល​ដែល​ត្រូវ​ចុះ​ចាញ់​ ឬ​លើក​ឡើង​នូវ​ពាក្យ​ដែល​ប្រកប​ដោយ​លេស​ដោះ​សា​នោះ​ទេ​។ នេះ​គឺជា​ពេលដែល​ត្រូវ​​ប្រើ​ប្រាស់​កម្លាំងទាំង​​អស់​ដែល​មាន​”។

លោក​ Tedros ថ្លែង​ដូច​ខាង​លើនេះ នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​នៅ​ឯទីស្នាក់​ការ​កណ្ដាល​របស់​អង្គការ​សុខ​ភាព​ពិភពលោក​ ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេសស្វីស កាល​ពី​ថ្ងៃទី 3មីនា​។ លោក​ Tedros បាន​អំពាវ​នាវ​ឱ្យ​ប្រទេស​ទាំង​អស់ក្នុង​ពិភព​លោក ប្រើ​ប្រាស់​កម្លាំង​ទាំងអស់​ដែល​មាន​ ដើម្បី​ទប់​ទល់​នឹង​រោគរាត​ត្បាត Covid-19 ខណៈ​ដែល​វា​កំពុង​តែ​ឆ្លង​រាល​ដាល​យ៉ាង​ខ្លាំង​ក្លា​នៅ​ទូទាំង​សកល​លោក​។

ប្រធាន​អង្គការ​ WHO ថ្លែង​ថា “រោគ​រាត​ត្បាត​នេះ អាច​ត្រូវ​បាន​រុញ​ច្រាន​ទៅ​ឆ្ងាយ​ដោយ​ការ​សហការ​គ្នា​លើ​គ្រប់​វិស័យ​ រវាង​រដ្ឋាភិបាល​ទាំង​អស់​ក្នុង​ពិភពលោក​។ យើង​អំពាវនាវ​ សូម​ឱ្យ​ប្រទេស​ទាំង​អស់​ ធ្វើ​សកម្ម​ភាព​​ដោយ​ប្រើ​ប្រាស់​ទ្រង់​ទ្រាយ​ធំ ល្បឿនលឿន និង​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​បំផុត​”។

WHO មាន​ការ​ព្រួយបារម្ភ​ខ្លាំង ចំពោះ​ការ​ឆ្លង​រាល​ដាល​កាន់​តែ​ច្រើន​ឡើង​ៗ​នៃ​មេរោគ​ Covid-19 ពិសេស​គឺ​នៅ​ក្នុង​បណ្ដា​ប្រទេស​ដែល​មាន​ប្រព័ន្ធ​សុខាភិបាល​អន់​ខ្សោយ​ និង​ប្រទេស​ដែល​ធ្វើ​សកម្ម​ភាព​ ឬចាត់​វិធាន​ការ​មិន​សម​ស្រប​ទៅនឹង​ទំហំ​នៃ​ការ​គំរាមកំហែង​​របស់​រោគ​រាត​ត្បាត​នេះ​។

លោក Tedros សង្កត់​ធ្ងន់​ថា “នេះ​មិន​មែនជា​ពេល​ដែល​ត្រូវ​ចុះចាញ់ ហើយ​​ក៏មិន​មែន​ជា​ពេល​ដែល​ត្រូវ​យក​​លេសដោះ​សា​​ ​មក​និយាយ​នោះ​ដែរ​។ វា​ជា​ពេល​វេលា​ដែល​ត្រូវ​ប្រើប្រាស់​កម្លាំង​ទាំង​អស់​ដែល​មាន​ ព្រោះ​ថា​​ បញ្ហា​អាក្រក់​បំផុត​អាច​នឹង​កើត​មាន​ចំពោះ​ប្រទេស​មួយ​ ឬ​សូម្បី​តែ​បុគ្គល​ម្នាក់​។ នេះ​បើ​តាម​ CNBC។

បច្ចុប្បន្ន អត្តា​នៃ​ការ​ស្លាប់​របស់​អ្នក​ជំងឺ​ដែល​ផ្ទុក​មេរោគ​ Covid-19 ត្រូវ​បាន​គេ​គណនា​រួម​ទូទាំងពិភពលោក គឺ​ត្រឹម​ 3,4% ចំណែក​​គ្រុ​នផ្ដាសាយ​រដូវ​ (seasonal flu) គឺ​ 1%។

មុន​នេះ WHO បាន​វាយ​តម្លៃ​ទៅ​លើ​ហានិភ័យ​របស់ Covid-19 ពី​កម្រិត​ “ខ្ពស់” ឡើង​ទៅ​កម្រិត​ “ខ្ពស់ខ្លាំង​” និង​ជា​​សកល​ មាន​ន័យ​ថា “កម្រិត​នៃការ​យក​ចិត្ត​ទុក​ដាក់​របស់ WHO កំពុង​ស្ថិត​​ក្នុង​កម្រិត​ខ្ពស់​បំផុត​” នេះ​បើ​តាម​លោក​បណ្ឌិត Mike Ryan ប្រធាន​កម្មវិធី​វេជ្ជ​សាស្ត្របន្ទាន់​របស់​អង្គ​ការ​សុខភាព​ពិភពលោក​។

វីរុស​ Covid-19 ដែល​បង្ក​ឱ្យ​មាន​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន​ 89 នៅ​ទូទាំង​ពិភពលោក បណ្ដាល​ឱ្យ​មនុស្ស​ជាង 98,385​នាក់ត្រូវ​កើត​​ជំងឺ ក្នុង​នោះ​មាន​ 3,383​នាក់​ បាន​បាត់​បង់ជីវិត៕

ប្រភព៖ សារ​ព័ត៌មានបរទេស

Advertisement