អង្គការ​ WHO “លេង”​ TikTok ដើម្បី​ “ពន្លត់” ព័ត៌មាន​ក្លែង​ក្លាយ​​ស្ដី​អំពី​ Covid-19

អង្គ​ការ​សុខ​ភាព​ពិភពលោក​(WHO) បាន​បង្កើត​គណនី TikTok ផ្លូវ​ការ​របស់​ខ្លួន​ ដើម្បី​ជា​ផ្នែក​មួយ​ក្នុង​ការ​ទប់​ស្កាត់​ដំណឹង​ក្លែង​ក្លាយ​ទាក់​ទិន​នឹង​បញ្ហា​រោគ​រាត​ត្បាត​ Covid-19 នៅ​ទូទាំង​ពិភពលោក​។

នៅ​ក្នុង​វីដេអូ​ដំបូង​របស់​ខ្លួន​នៅ​លើ​ TikTok សាស្ត្រា​ចារ្យ​ Benedetta Allegranzi អ្នក​ជំនាញ​ជាន់​ខ្ពស់​អំពី​ការ​ទប់​ស្កាត់​ និង​គ្រប់​គ្រង​ជំងឺ​ឆ្លង​របស់អង្គ​ការ​សុខ​ភាព​ពិភពលោក​(WHO) បាន​ចែក​រំលែកចំណេះ​ដឹង​ទាក់​ទិន​នឹង​ការ​ការ​ពារ​ខ្លួន​ពី​ការ​ឆ្លង​នៃ​មេរោគ​កូរ៉ូណា​ប្រភេទ​ថ្មី​នេះ និង​បាន​ណែ​នាំ​ឱ្យ​អ្នក​ប្រើ​ប្រាស់​ TikTok ចូល​ទៅ​អាន​ព័ត៌មាន​នៅ​លើ​គេហ​ទំព័រ​ផ្លូវ​ការ​របស់​អង្គ​ការ​មួយ​នេះផងដែរ​។

WHO សរសេរ​នៅ​ផ្នែក​ខាង​លើ​នៃ​វីដេអូនេះ​ថា “យើង​ចូល​រួម​ប្រើ​ប្រាស់​ TikTok គឺ​ដើម្បី​ផ្ដល់​ជូន​មិត្ត​ទាំង​អស់​នូវ​ដំបូន្មាន​ទាន់​ហេតុ​ការណ៍​ និង​គួរ​ជា​ទី​ទុក​ចិត្ត​ ស្ដីអំពី​សុខ​ភាព​សាធារណៈ”។​

សូម​បញ្ជាក់ថា មុន​នេះ​ គេ​ឃើញ​មានរូប​ត្លុក​ “meme” ពាស់​ពេញ​បណ្ដាញ​សង្គម​ ​TikTok ទាក់​ទិន​នឹង​រោគ​រាត​ត្បាត​កូរ៉ូណា Covid-19។ ជាង​នេះ គេ​ក៏ឃើញ​មាន​អ្នក​លេង​បណ្ដាញ​សង្គម​ខ្លះ ធ្វើ​ដូច​ជា​ខ្លួន​ឯង​បាន​ឆ្លង​រោគ​នេះ​ផងដែរ។​

ការ​ដែល​ WHO ចូល​រួម​លេង​ TikTok (ដែល​ជា​បណ្ដាញ​សង្គមចែក​រំលែង​ឃ្លីប​វីដេអូខ្លីៗ​) បែប​នេះ អាច​ជួយ​ឱ្យ​អ្នក​ប្រើ​ប្រាស់​ទទួល​បាន​ព័ត៌មាន​លឿន​ និង​ប្របក​ដោយ​ភាព​ត្រឹម​ត្រូវ​អំពី​រោគ​រាត​ត្បាត​ Covid-19។ គេហ​ទំព័រ MIT Technology Review បាន​ឱ្យ​ដឹង​ថា WHO រួម​នឹង​មជ្ឈមណ្ឌល​គ្រប់​គ្រង និង​ទប់ស្កាត់​រោគ​ឆ្លង​របស់​សហ​រដ្ឋ​អាមេរិក​ បាន​ចំណាយ​ពេល​ជា​ច្រើន​សប្ដាហ៍​ក្នុង​ការ​ទប់​ស្កាត់​ព័ត៌មាន​ក្លែង​ក្លាយ​​ដែល​ត្រូវ​គេ​ចែក​រំលែង​នៅ​លើ​ Facebook, Twitter, TikTok រួម​នឹង​កម្ម​វិធី​របស់​ Tencent។

នៅ​ចំពោះ​មុខ​ការ​ “រាត​ត្បាត” នៃ​ព័ត៌មាន​ក្លែង​ក្លាយ​ ក្រុម​ហ៊ុ​ន Google ក៏បានបង្ហាញ​ព័ត៌មាន​ពី​ WHO នៅ​ផ្នែក​ខាង​លើ​​នៃ​លទ្ធ​ផល​ស្វែង​រក​ព័ត៌មាន​ស្ដីអំពី​វីរុស​កូរ៉ូណា​។ Facebook ក៏​បាន​បន្ថែម​ការ​ណែនាំ​ឱ្យចូល​ទៅ​កាន់​គេហ​ទំព័រ​​របស់​អង្គ​ការ​សុខភាព​ពិភពលោក នៅ​លើ​ New Feeds របស់​ម្ចាស់​គណនី​។ នៅ​ពេល​គេ​ស្វែង​រក​ពាក្យ​គន្លឹះ “virus corona” បណ្ដាញ​សង្គម​ Twitter នឹង​ណែនាំ​ឱ្យ​ចូល​អាន​ព័ត៌មាន​របស់​អង្គ​ការ​សុខ​ភាព​ក្នុង​តំបន់​ និង​ពិភពលោក​។ ចំណែក TikTok វិញ ក៏បាន​តភ្ជាប់​អ្នក​ប្រើ​ប្រាស់​របស់​ខ្លួន​ដែល​ស្វែង​រក​ព័ត៌មាន​ទាក់​ទិន​នឹង​មេរោគ​កូរ៉ូណា​ ទៅ​កាន់​គេហ​ទំព័រ​របស់​អង្គការ​សុខ​ភាព​ពិភពលោក​(WHO)នេះ​ដែរ។

បណ្ដាញ​សង្គម​ទាំង​អស់​ក្នុង​ពិភព​លោក បាន​សន្យា​ថា​នឹង​លុប​ចោល​រាល់​ព័ត៌មាន​ក្លែង​ក្លាយ​ដែលទាក់ទិន​នឹង​រោគ​រាត​ត្បាត​ Covid-19 ដែល​ដូច​ទៅ​នឹង​វិធាន​ការ​​ទប់​ស្កាត់​ខ្លឹម​​សារ​ដែលមាន​និន្នាការ​​ប្រឆាំង​នឹង​ថ្នាំ​វ៉ាក់​សាំង​ ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ​។

គេហទំព័រ​ The Verge បានសរសេរ​ថា “WHO​ បាន​បង្ហាញ​អំពី​ជំហាន​រីក​ចម្រើន​មួយ​នៅ​ពេល​ប្រកាស​ព័ត៌មាន​ពិត​នៅ​លើ​បណ្ដាញ​សង្គម​ផ្សេង​ៗ​ដូច្នេះ​”៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស

Advertisement