Covid-19​៖ អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​នៅ​អាល្លឺម៉ង់ កើន​ឡើង​ទ្វេ​ដង​ក្នុង​រយៈ​ពេល​តែមួយ​ថ្ងៃ​ ខណៈ​ដែល​អឺរ៉ុបកំពុង​ក្លាយ​ជា​សម្បុក​មេរោគ​កូរ៉ូណា​បន្តិច​ម្ដង​ៗ

ការ​ដែល​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​ Covid-19​ បាន​កើន​ឡើង​ទ្វេ​ដង​ក្នុង​រយៈ​ពេល​ត្រឹម​តែ​មួយ​ថ្ងៃ​ នៅ​អាល្លឺម៉ង់ ធ្វើ​ឱ្យ​​មាន​ការ​ព្រួយ​បារម្ភ​កាន់​តែ​​ខ្លាំង អំពី​ហានិភ័យ​នៃ​ការ​ឆ្លង​រាល​ដាល​​នៅ​ទូទាំង​ទ្វីបអឺរ៉ុប​។

យោង​តាម​ទិន្ន​ន័យ​ផ្លូវ​ការ​របស់​មន្ត្រីមក​ពី​ Robert Koch(មជ្ឈ​មណ្ឌល​ទប់​ស្កាត់​ និង​គ្រប់​គ្រង​រោគ​ឆ្លង​របស់​អាល្លឺម៉ង់) ចំនួន​អ្នក​ឆ្លង​មេរោគ Covid-19 នៅ​ប្រទេស​អាល្លឺម៉ង់ បាន​កើន​ឡើង​ដល់​129​ករណី​នៅ​ក្នុង​ថ្ងៃទី​1មិនា​។ តួលេខ​នេះ​បាន​កើនឡើង​ជិត​ទ្វេ​ដង​បើ​​​​​​ធៀប​នឹង​66ករណី​កាល​ពី​ថ្ងៃទី 29កុម្ភៈ​។

ជាង​ពាក់​កណ្ដាល​នៃ​ចំនួន​អ្នក​ឆ្លង​ Covid-19 ត្រូវ​បាន​រក​ឃើញ​នៅ​តំបន់ North Rhine-Westphalia ដែល​ជា​រដ្ឋ​មួយ​មាន​ប្រជាជន​ច្រើន​បំផុត​របស់​អាល្លឺម៉ង់។

បច្ចុប្បន្ន អាសន្ន​រោគ​កូរ៉ូណា​នេះ បាន​ឆ្លង​រាល​ដាលដល់​​រដ្ឋ​ចំនួន​9​ ក្នុង​ចំណោម​រដ្ឋ​ទាំង​16​របស់​អាល្លឺម៉ង​។ Fankfurt, Hamburg និង​ Bremen គឺជា​ទីក្រុង​ដែល​មាន​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​មុន​គេនៃ​ប្រទេស​នេះ។

ចំនួន​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា កើន​ឡើង​ខ្លាំង​នៅ​អាល្លឺម៉ង់ ធ្វើ​ឱ្យ​គេ​ជឿ​ថា​ អាសន្ន​រោគ​នេះ​នឹង​ឆ្លង​រាល​ដាល​កាន់​តែ​ខ្លាំង​នៅ​ទូទាំង​តំបន់អឺរ៉ុប។ បច្ចុប្បន្ន អ៊ីតាលី​គឺជា​សម្បុក​មេរោគ​ធំ​បំផុត​ក្នុង​តំបន់អឺរ៉ុប ដោយ​មាន​អ្នក​ស្លាប់​សរុប​34នាក់ និង​ជិត​1,700​នាក់​បាន​ឆ្លង​មេរោគ​ Covid-19​។ នេះ​បើ​តាម AFP។

យោង​​តាម​ស្ថិតិ​របស់​អង្គការ​សុខ​ភាព​ពិភពលោក ចំនួន​អ្នក​ឆ្លងមេរោគ​នៅ​ខាង​ក្រៅ​ប្រទេស​ចិន បាន​កើន​ឡើង​ដល់​ 7,169ករណី​។ ក្នុង​តំបន់​អឺរ៉ុប​ មាន​ប្រទេស​ចំនួន​5បន្ថែម​ទៀត បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ថ្មី​ ក្នុង​ថ្ងៃទី​1មិនា ធ្វើ​ឱ្យ​ចំនួន​ប្រទេស​ និង​ដែន​ដី​ ដែល​មាន​អ្នក​ជំងឺ​​ Covid-19 ឡើង​ដល់​ 58។

គិតមក​ដល់​​ព្រឹក​នេះ(2មិនា) នៅ​ទូទាំង​ពិភពលោក​ មាន​អ្នក​ស្លាប់​ដោយ​សារមេរោគ​កូរ៉ូណា​សរុប​ចំនួន​​ 3,038​នាក់​ និង​អ្នក​បាន​ឆ្លង​មេរោគ​នេះ​ ឡើង​ដល់​ 88,587​នាក់​៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

Advertisement