WHO បង្កើន​ការ​ព្រមាន​អំពី​អាសន្នរោគ Covid-19 ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ ខណៈ​មាន​អ្នក​ស្លាប់​ជិត​3,000នាក់

អង្គ​ការ​សុខ​ភាព​ពិភពលោក​(WHO) បាន​បង្កើន​ការ​ព្រមាន​អំពី​ការ​ឆ្លង​រាល​ដាល​នៃ​មេរោគ​កូរ៉ូណា Covid-19 ពី​ “កម្រិត​ខ្ពស់ ទៅ​ “កម្រិត​ខ្ពស់​ខ្លាំង​” ដោយ​សារ​តែ​មាន​ការ​កើន​ឡើង​នៃ​ករណី​ឆ្លង​ និង​មាន​ប្រទេស​កាន់​តែ​ច្រើន​ឡើងៗ ​ត្រូវ​រង​ផល​ប៉ះពាល់​។

ប្រធាន​អង្គការ​សុខ​ភាព​ពិភពលោក WHO លោក Tedros Adhanom Ghebreyesus បាន​ថ្លែង​ថា៖ “បច្ចុប្បន្ន យើង​បាន​បង្កើន​ការ​វាយ​តម្លៃ​អំពី​ហានិភ័យ​នៃ​ការ​ឆ្លង​រាល​ដាល​ និង​ផល​ប៉ះ​ពាល់​បង្ក​ឡើង​ដោយ​អាសន្ន​រោគ​ Covid-19 ឡើង​ទៅ​កម្រិត​ខ្ពស់​ខ្លាំង​នៅ​ទូទាំង​ពិភពលោក​”។ លោក​យល់​ថា តួលេខ​នៃ​ករណី​ឆ្លង​ និង​ចំនួន​ប្រទេស​ដែល​មាន​​ករណី​ឆ្លង​មេរោគ​កូរ៉ូណា បាន​កើន​ឡើងខ្លាំង​​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ “ជាក់​ស្ដែង​វា​ពិត​ជា​គួរ​ឱ្យ​ព្រួយ​បារម្ភ​”។

បណ្ឌិត​ Mike Ryan ប្រធានកម្មវិធី​សុខ​ភាព​បន្ទាន់​របស់​ WHO បាន​ឱ្យ​ដឹង​ថា “ខ្ពស់​ខ្លាំង” គឺជា​កម្រិត​នៃ​ “ការ​វាយ​តម្លៃ​ខ្ពស់​បំផុត​អំពី​ហានិភ័យ​នៃការ​ឆ្លង​ និង​ផល​ប៉ះពាល់​” របស់​អាសន្ន​រោគ​។

ក៏ប៉ុន្តែ លោក Ryan បាន​ថ្លែង​ថា WHO មិន​មាន​បំណង​បំភ័យ​អ្នក​រាល់​គ្នា​នោះ​ទេ​។ នេះ​គឺជា​ការ​ត្រួត​ពិនិត្យ​ជាក់​ស្ដែង​របស់​​រដ្ឋា​ភិបាល​នៃ​ប្រទេស​នីមួយ​ៗ​នៅ​លើ​ពភព​ផែន​ដី​នេះ​៖ ចូរ​ភ្ញាក់​រឭក។ ចូរ​ត្រៀម​ខ្លួន​ឱ្យ​ហើយ។ វីរុស​នេះ​អាចកំពុង​ធ្វើដំណើរ​​ឆ្ពោះ​ទៅ​រក​អ្នក ហើយ​អ្នក​ត្រូវ​តែ​ត្រៀមខ្លួន​ឱ្យ​បាន​រួច​រាល់​។ អស់​លោក​ លោក​ស្រី មានកាតព្វកិច្ច​ចំពោះ​ពល​រដ្ឋ​របស់​ខ្លួន​ និង​ពិភពលោក​ទាំង​មូល​”។

ចំណែក​ប្រធាន​អង្គ​ការ​ WHO វិញ​ក៏មាន​ប្រសាសន៍​ស្រដៀង​គ្នា​នេះ​ដែរ និង​បាន​លើក​ទឹក​ចិត្ត​ចំពោះ​រដ្ឋា​ភិបាល​នានា​៖ “យើង​នៅ​តែ​មាន​ឱកាស​គ្រប់​គ្រង​អាសន្ន​រោគ​នេះ​។ គន្លឹះ​ដើម្បី​គ្រប់​គ្រងអាសន្ន​រោគ​នេះ​បាន នោះ​គឺ​បំបាត់​ខ្សែ​សង្វាក់​នៃ​ការ​ឆ្លង​រាល​ដាល​”។ លោក​មាន​ប្រសាសន៍​បែប​នេះ គឺសំដៅ​ទៅ​លើ​ការ​អនុវត្ត​វិធាន​ការ​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​របស់​វីរុស​។

លោក Michael Ryan យល់​ថា “ពិត​ជា​គ្មាន​ន័យ​” នៅ​ពេល​សួរ​ថា​តើ​អាសន្ន​រោគ​នេះ​អាច​ចាត់​ទុក​ថា​ជា​ “មហា​អាសន្ន​រោគ​” ដែរ​ ឬ​ទេ​?។ បើ​សិន WHO ចាត់​ទុក​នេះ​ជា​មហា​អាសន្ន​រោគ “ជា​មូលដ្ឋាន យើង​ទាំង​អស់​គ្នា​នឹង​ទទួល​ស្គាល់​ថា​ មនុស្ស​គ្រប់​រូប​នៅ​លើ​ភព​ផែន​ដី​នឹង​នៅ​ជា​មួយ​វីរុស​នោះ​។ ទិន្ន​ន័យ​មិន​បាន​បង្ហាញ​អំពី​​ប្រការ​នេះនោះ​ទេ​”។

Tedros ថ្លែង​ថា “សត្រូវ​ធំបំផុត​របស់​យើង មិន​មែនជា​វីរុស​នោះ​ទេ ប៉ុន្តែ​វា​ជា​ការ​ភ័យ​ខ្លាច​ ព័ត៌មាន​ចចាម​អារ៉ាម​ដែល​បង្ក​ឱ្យ​មាន​ភាព​វឹក​វរ និង​ការ​រើស​អើង​។ ទ្រព្យ​ធំ​បំផុត​របស់​យើង​នោះ​​គឺ​ការ​ពិត​ ភាព​សម​ហេតុ​សម​ផល​ រួម​នឹង​សាមគ្គី​ភាព​”។

ប្រធាន​អង្គការ​សុខ​ភាព​ពិភពលោក​ក៏បាន​ឱ្យ​ដឹង​ដែរ​ថា វ៉ាក់​សាំង​ចំនួន​ជាង​20ប្រភេទ​ កំពុង​ត្រូវ​បាន​អភិវឌ្ឍ​នៅ​ទូទាំង​ពិភពលោក ហើយ​វិធី​ព្យាបាល​មួយ​ចំនួន​ក៏​ត្រូវ​បាន​សាកល្បង​នៅ​លើ​មនុស្ស ដែល​លទ្ធ​ផល​នៃការ​ពិសោធ​នេះ​នឹង​ត្រូវ​ប្រកាស​ឱ្យ​ដឹង​​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខទៀត​”។

អាសន្ន​រោគ​កូរ៉ូណា​ Covid-19 បាន​ចាប់​ផ្ដើម​ឆ្លង​រាល​ដាល​ចេញ​ពី​តំបន់ Wuhan ខេត្ត​ Hubei នៃ​ប្រទេស​ចិន កាល​ពី​ចុង​ឆ្នាំ​2019។ មក​ពេល​នេះ អាសន្ន​រោគ​កូរ៉ូណានេះ បាន​ឆ្លង​ទៅ​មនុស្ស​ចំនួន​ជាង 85,146នាក់​ និង​បាន​សម្លាប់​មនុស្ស​សរុប​2,923​នាក់​នៅ​ទូទាំង​ពិភពលោក​៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស

Advertisement