Covid-19៖ ប្រធានាធិបតី​ម៉ុងហ្គោលី ចូល​​មន្ទីរ​ពេទ្យ​ និង​ត្រូវ​នៅ​ដាច់​ដោយ​ឡែក បន្ទាប់​ពី​បាន​ក្លាយជា​មេដឹក​នាំ​ទី​ពីរ​ដែល​ធ្វើ​ទស្សន​កិច្ច​នៅ​ប្រទេស​ចិន ក្នុង​អំឡុង​អាសន្ន​រោគ​កូរ៉ូណា​កំពុង​រាត​ត្បាត​​

ប្រធានា​ធិបតី Battulga និង​ប្រតិភូ​ម៉ុង​ហ្គោលី ត្រូវ​បានបង្ខាំង​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ក្នុង​រយៈ​ពេល​14ថ្ងៃ ដើម្បី​បង្ការ​ការ​ឆ្លង​មេរោគ​កូរ៉ូណា​ Covid-19 ក្រោយ​ដំណើរ​ទស្សន​កិច្ច​នៅ​ប្រទេស​ចិន​។

លោក​ប្រធានាធិបតី​​ Khaltmaagiin Battulga នៃ​ប្រទេស​ម៉ុង​ហ្គោលី​ និង​មន្ត្រីជាន់​ខ្ពស់​របស់​​រដ្ឋា​ភិបាល​ជា​ច្រើន​រូប​ទៀត នៅ​ថ្ងៃ​នេះ បាន​ចាប់​ផ្ដើម​ទទួល​ការ​បង្ខាំង​ខ្លួន​នៅ​ដាច់​ដោយឡែក​ ក្នុង​មន្ទីរពេទ្យ​មួយ​នា​​រដ្ឋធានី Ulaanbaatar។ នេះ​បើ​តាម​ទីភ្នាក់​ងារ​សារ​ព័ត៌មាន​រដ្ឋ​ Montsame។

សារ​ព័ត៌មាន Montsame បាន​ឱ្យ​ដឹង​ថា “នេះ​គ្រាន់​តែ​ជា​វិធានការ​ទប់​ស្កាត់ប៉ុណ្ណោះ។ ពួក​គាត់ត្រូវ​បាន​នាំ​ទៅ​កាន់​មន្ទីរ​ពេទ្យ​​ដាច់​ដោយ​ឡែកមួយ​ បន្ទាប់​ពី​បាន​អញ្ជើញ​​មក​ដល់​ប្រទេស​ភ្លាម​”។

ប្រធានា​ធិបតី​ Battulga កាល​ពី​ម្សិល​មិញ​បាន​អញ្ជើញ​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន និង​បាន​ជួប​ពិភាក្សា​ជាមួយ​លោក​ ស៊ី ជីនពីង​​ នៅ​ឯវិមាន​ប្រជា​ជន​ចិន​ក្នុង​ទីក្រុង​ប៉េកាំង​។ បន្ទាប់​មក​ ក៏​បាន​ជួប​ពិភាក្សា​ជា​មួយ​​នាយក​រដ្ឋ​មន្ត្រី​ចិន លោក​ លី ឃឺជំាង(Li Keqiang) ផង​ដែរ​។ លោក​ ប្រធានា​ធិបតីម៉ុង​ហ្គោលី គឺជា​មេដឹក​នាំ​ទី​ពីរ​បន្ទាប់​ពី​សម្ដេច​ ហ៊ុន​ សែន​ ដែល​បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ចិន ក្នុង​គ្រា​ដែល​ប្រទេស​នេះ​កំពុង​ត្រូវ​បាន​រាត​ត្បាត​ដោយ​អាសន្ន​រោគ​កូរ៉ូណា​ Covid-19។

សារ​ព័ត៌មាន​ចិន​បាន​ចេញ​ផ្សាយ​ថា ប្រធានា​ធិបតី​ Battulga តាង​នាម​​ឱ្យ​ប្រជាជន​ម៉ុង​ហ្គោលី ជូន​លិខិត​ទទួល​ស្គាល់​កម្ម​សិទ្ធិ​ទៅ​លើ​សត្វ​ចៀម​ចំនួន​30,000ក្បាល​ទៅ​ដល់​ប្រធានា​ធិបតី​ចិន​ ដោយ​ចាត់​ទុក​ដូចជា​ជំនួយ​​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អាសន្ន​រោគ​កូរ៉ូណា​។ នេះ​បើ​តាម​សារ​ព័ត៌មាន Reuters។

សូម​បញ្ជាក់​ថា មុង​ហ្គោលី​ ​គឺជា​ប្រទេស​មួយ​ដែល​មិន​ទាន់​មាន​ករណី​ឆ្លង​វីរុស​កូរ៉ូណា​ណា​មួយ​នៅ​ឡើយ​។ ប្រទេស​នេះ បាន​បិទ​ច្រក​ព្រំ​ដែន​ជាមួយ​ចិន និង​បាន​ផ្អាក​ការ​ហោះ​ហើរ​ទៅ​-មក​ប្រទេសនេះ​ រួម​នឹង​​កូរ៉េខាង​ត្បូង និងជប៉ុនផង​ដែរ​។ ទន្ទឺម​នឹង​នេះ ប្រទេស​ម៉ុង​ហ្គោលី​​ក៏បាន​បិទ​សាលា​រៀន​​រហូ​ត​ដល់​ចុង​ខែ​មិនាទៀត​ផង​។

រដ្ឋា​ភិបាល​ម៉ុង​ហ្គោលី​​ កាល​ពី​ថ្ងៃទី​26​កុម្ភៈ ក៏បាន​ចេញ​​បទ​បញ្ជា​ ហាម​មិន​ឱ្យ​រថយន្ត​ ឬ​មធ្យោ​បាយ​ដឹក​ជញ្ជូនធ្វើ​ដំណើរ​​ពី​រដ្ឋ​ធានី​ Ulaanbaatar ទៅ​កាន់​បណ្ដា​ខេត្ត​ក្រុង​ផ្សេង​ៗ ដើម្បី​ទប់​ស្កាត់​មិន​ឱ្យ​មា​ន​ការ​ឆ្លង​រាល​ដាល​នៃ​អាសន្ន​រោគ​កូរ៉ូណា​ Covid-19 ក្នុង​ប្រទេស​នេះ។ បទបញ្ជា​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ បន្ទាប់ពី​មាន​មនុស្ស​ម្នាក់​មាន​អាការ​ក្ដៅ​ខ្លួន នៅ​ពេល​ធ្វើ​ដំណើរ​ពី​ទីក្រុង Ulaanbaatar ទៅ​កាន់​ខេត្ត Bayan-Ulgii។ ប្រទេស​នេះ ក៏កំពុង​បង្ខាំង​មនុស្ស​ចំនួន​5នាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក ប៉ុន្តែនេះ​គ្រាន់​តែ​ជា​ករណី​សង្ស័យ​ថា​អាច​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​តែ​ប៉ុណ្ណោះ៕

ប្រភព​៖ សារ​ព័ត៌មានបរទេស

Advertisement