វូហានបង្កើនកម្រិតការទប់ស្កាត់ ខណៈអ្នកជំងឺវីរុសកូរ៉ូណាឡើងដល់ជាង 17,300នាក់ ស្លាប់កើនដល់ 362នាក់

រដ្ឋបាលទីក្រុងវូហាន បង្កើនសមត្ថភាពលើការគ្រប់គ្រងការឆ្លងរាលដាលរបស់មេរោគវីរុសកូរ៉ូណា ដោយនឹងបង្ខាំងរាល់មនុស្សណាដែលសង្ស័យថាបានឆ្លងមេរោគ ខណៈដែលចំនួនអ្នកជំងឺដែល​បាន​ឆ្លង​មេរោគនេះបាន​កើនឡើងដល់ច្រើនជាង 17,300នាក់។

ទីភ្នាក់ងារសារព័ត៌មាន សៅ ឆាយណា ម៉នីង ផូស្ត បានរាយការណ៍កាលពីព្រឹកមិញ(ថ្ងៃទី3 មករា)ថា ចំនួនអ្នកឆ្លងមេរោគវីរុសកូរ៉ូណាប្រភេទថ្មី2019 រាប់តាំងពីចាប់ផ្ដើមការឆ្លងរាលដាលកាលពីខែធ្នូ ឆ្នាំកន្លងមក បានកើនឡើងទៅជាប្រមាណ 17,387នាក់ហើយទូទាំងពិភពលោក ខណៈដែលអ្នកស្លាប់ក៏កើនឡើងជាបន្តបន្ទាប់មកដល់ចំនួន 362នាក់ ដែលស្ទើរតែទាំងអស់ស្ថិតនៅក្នុងប្រទេសចិន មានតែ 1ករណីប៉ុណ្ណោះនៅក្នុងប្រទេសហ្វីលីពីន។

ចំណែក CNN បានរាយការណ៍ថា អង្គភាពសាធារណៈផ្នែក​សុខាភិបាលរបស់មណ្ឌល ហ៊ូពេយ ដែលស្ថិតនៅក្នុងទីក្រុងវូហាន មជ្ឈមណ្ឌលកណ្ដាលនៃការចម្លងមេរោគវីរុសមរណៈនេះ បានបង្ហើបឱ្យដឹងថា រកឃើញអ្នកជំងឺនៅក្នុងមណ្ឌលហ៊ូពេយបន្ថែមទៀត 2,103នាក់ និងមានអ្នកស្លាប់ថែមទៀត 56នាក់ ខណៈនៅមានអ្នកដេកព្យាបាលនៅក្នុងមន្ទីរពេទ្យចំនួន 9,618នាក់ទៀត ដែលក្នុងចំនួននោះមាន 478នាក់ មានអាការធ្ងន់ធ្ងរ។

ខណៈពេលជាមួយគ្នា រដ្ឋបាលទីក្រុងវូហានបានប្រកាសបង្កើនកម្រិតភាពព្យាយាមក្នុងការគ្រប់គ្រងការឆ្លងរាលដាលរបស់វីរុសកូរ៉ូណា ដោយការចេញច្បាប់ដែលមានសុពលភាពភ្លាមៗកាលពីថ្ងៃអាទិត្យ កំណត់ឱ្យនរណាក៏ដោយដែលត្រូវសង្ស័យថាឆ្លងមេរោគ ឬមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកដែលបានទទួលការអះអាងហើយថាផ្ទុកមេរោគ នឹងត្រូវនាំខ្លួនទៅដាក់ក្នុងទីកន្លែងប្រមូលផ្ដុំភ្លាមៗ មិនថាពួកគេយល់ព្រម ឬមិនយល់ព្រមក៏ដោយ។

ទាំងអស់នេះ រដ្ឋបាលវូហានមិនបានបង្ហើបឱ្យដឹងថា តើពួកគេបានត្រៀមមណ្ឌលប្រមូលផ្ដុំនោះប៉ុន្មានកន្លែងនោះទេ តែបានបញ្ជាក់ថា អ្នកដែលត្រូវបង្ខាំងទាំងនោះ នឹងត្រូវទទួលបានការព្យាបាលដោយមិនចាំបាច់ចំណាយប្រាក់អ្វីទាំងអស់ រួមទាំងថ្លៃអាហារ និងថ្លៃស្នាក់នៅ ដើម្បីប្ដូរនឹងការដែលត្រូវបង្ខាំងរយៈពេលយូរតាមដែលក្រុមគ្រូពេទ្យដែលផ្ដល់ការព្យាបាលយល់ឃើញថាសមល្មម៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស

Advertisement