បុរសអាមេរិកាំងម្នាក់ឆ្លងមេរោគវីរុស corona ទាំងមិនបានទៅប្រទេសចិនសោះ…

មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការរោគអាមេរិក Centers for Disease Control and Prevention (CDC) កាល​ពី​​ថ្ងៃទី30 មករា បានឱ្យដឹងថា ករណីឆ្លងមេរោគ corona ថ្មីបំផុតនៅប្រទេសនេះ គឺ​មាន​ជាប់​ទាក់​ទិន​នឹងប្ដី​ប្រពន្ធ​ 1គូនៅក្រុង Chicago រដ្ឋ Illinois។

បុរសដែលបានឆ្លងមេរោគនេះ មិនដែលធ្លាប់បានទៅប្រទេសចិនម្ដងណាឡើយ ប៉ុន្តែ​ប្រពន្ធ​របស់​គាត់​ត្រូវ​បាន​គេ​រកឃើញថា មានផ្ទុកមេរោគនេះ បន្ទាប់នាងពីត្រឡប់មកពីក្រុង Wuhan នៃប្រទេសចិនដែលជា “សម្បុក​មេរោគ” corona។

នេះគឺជាករណីឆ្លងមេរោគវិរុស corona ពីមនុស្សទៅមនុស្សដំបូងគេនៅសហរដ្ឋអាមេរិក និង​ជា​ករណី​ដែល​អ្នក​ចម្លងមិនទាន់បង្ហាញអាការរោគអ្វីទាំងអស់ តែអាចចម្លងទៅអ្នកជិតខាងបាន។ ប៉ុន្តែ​មន្ត្រី​សុខាភិបាល​អាមេរិក​នៅតែអះអាងថា ចំពោះមុខ ហានិភ័យនៃការឆ្លងមេរោគនេះនៅអាមេរិក គឺនៅទាបនៅឡើយ។

យ៉ាងនេះក្ដី អគ្គនាយកនៃ CDC លោក Robert Redfield បានថ្លែងថា នឹង​មាន​ការ​ឆ្លង​មេរោគ​នេះ​ពី​មនុស្ស​ទៅ​មនុស្សជាច្រើនករណីបន្ថែមទៀតនៅអាមេរិក។

បច្ចុប្បន្ន អាមេរិកមានអ្នកផ្ទុកមេរោគវីរុស corona សរុបចំនួន 6នាក់។ ក្រៅ​ពី​ករណី​ថ្មី​បំផុត​ដែល​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស គឺមាន 5ករណី ដែលសុទ្ធតែជាអ្នកទើបត្រឡប់មកពីប្រទេសចិនទាំងអស់៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement