17ឆ្នាំ ពីមេរោគ «Sars» មកដល់ «Corona» វីរុសថ្មីផ្ដាច់ជីវិតមនុស្ស…តើមួយណាសាហាវជាង?

ជាង17ឆ្នាំនៃការឆ្លងរាលដាលពីមេរោគ«Sars»(សារស៍) មកដល់ «Corona» បានក្លាយជាមហាវិបត្តិថ្មី ដែលមានដើមកំណើតមកពីប្រទេស(ចិន)តែមួយ តើមេរោគទាំង2 នេះ មួយណាមានអានុភាពខ្លាំងក្លាជាង? និងតើមនុស្សនៅក្នុងពិភពលោក នឹងត្រូវស្លាប់ប៉ុន្មាននាក់ទៀត?

គ្រប់ 1ខែគត់ដែលរដ្ឋបាលចិនបានរាយការណ៍ទៅអង្គការសុខភាពពិភពលោក(WHO)អំពីការឆ្លងរាលដាលនៃ “មេរោគវីរុសកូរ៉ូណាប្រភេទថ្មី2019” លើកដំបូងកាលពីថ្ងៃទី31 ខែធ្នូ ឆ្នាំ2019។ នៅក្នុងខណៈនោះ មានអ្នកផ្ទុកមេរោគវីរុសកូរ៉ូណារួចទៅហើយ 44នាក់ ហើយមកដល់ថ្ងៃនេះ(30 មករា 2020) ទូទាំងពិភពលោកមានអ្នកឆ្លងវីរុសកូរ៉ូណាកើនឡើង 7,783នាក់ និងស្លាប់ 170នាក់។

តាមរយៈតួលេខនេះ បើប្រៀបធៀបនឹងមេរោគ«Sars» (សារស៍)ដែលកើតឡើងក្នុងអំឡុងឆ្នាំ2002-2003 ដែលមានអ្នកឆ្លងមេរោគនេះជាង 8,000នាក់ និងស្លាប់ 774នាក់ មានន័យថា អ្នកឆ្លងវីរុសកូរ៉ូណាទូទាំងពិភពលោកនាពេលបច្ចុប្បន្ន មានភាគរយខ្ពស់ជាងដល់ទៅ 74.80% នៃអ្នកឆ្លងមេរោគ«Sars» ក្នុងរយៈវេលាត្រឹមតែ 1ខែប៉ុណ្ណោះ។

ខណៈដែលតួលេខឆ្លងមេរោគវីរុសកូរ៉ូណានៅក្នុងប្រទេសចិន នៅថ្ងៃទី30 មករានេះ ក៏ខ្ពស់ឡើងដល់ទៅ 5,974នាក់ទៅហើយដែរ ដោយកើនពីថ្ងៃពុធ ប្រមាណ 1,500នាក់ ឬគិតជាភាគរយ គឺច្រើនជាង 30% ផ្ដួលស្ថិតិ 5,327នាក់របស់មេរោគ«Sars» ស្រេចបាច់បាត់ទៅហើយ និងបើប្រៀបធៀបពីល្បឿននៃការឆ្លងរាលដាលរបស់វីរុសកូរ៉ូណា និង«Sars»វិញ បើយើងមើលពីតួលេខដែលបានបង្ហាញពីខាងដើម ក៏នឹងឃើញថា វីរុសកូរ៉ូណាមានការឆ្លងរាលដាលលឿនរហ័សជាងច្រើនណាស់។ ត្រឹមតែ 29ថ្ងៃ ក៏មានអ្នកឆ្លងមេរោគរួចទៅហើយជាង 3,000នាក់ ខណៈដែល«Sars»ប្រើពេលយ៉ាងហោចណាស់ក៏ 5ខែដែរ ទើបមានអ្នកឆ្លងរោគច្រើនដល់ 3,000នាក់។

តាមរយៈតួលេខដែលបង្ហាញខាងលើនេះ មិត្តអ្នកអានគេហទំព័រឡារ៉ែន ច្បាស់ជាគិតថា វីរុសកូរ៉ូណាប្រហែលជាមានអានុភាពខ្លាំងក្លាជាងមេរោគ«Sars»មិនខាន…តែការគិតនេះ វាបញ្ច្រាស់គ្នានឹងអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញការខាងវេជ្ជសាស្ត្រនៅក្រៅប្រទេសជាច្រើននាក់ ដែលមិនបានគិតដូច្នេះឡើយ ដោយពួកគេមើលឃើញថា អានុភាពនៃភាពខ្លាំងក្លាដែលនឹងអាចសម្លាប់ជីវិតមនុស្សនៅលើពិភពលោករបស់វីរុសកូរ៉ូណា មានតិចជាង «Sars» ព្រោះគ្រាដែល«Sars»ឆ្លងរាលដាលរាតត្បាតខ្លាំងក្លានោះ មានអត្រាការស្លាប់ខ្ពស់ដល់ទៅ 9.6%ឯណោះ។ ផ្ទុយទៅវិញ វីរុសកូរ៉ូណា មានការវាយតម្លៃថា អាចនឹងស្ថិតក្នុងអត្រា 2.2 ទៅ 3%ប៉ុណ្ណោះ។

ត្រឡប់ទៅនិយាយអំពីការឆ្លងរាលដាលដែលលឿនរហ័សវិញ គឺមានការវាយតម្លៃចេញមកថា អ្នកឆ្លងមេរោគវីរុសកូរ៉ូណាត្រឹមតែ 1នាក់ អាចចម្លងទៅបុគ្គលផ្សេងទៀតបាន 2-3នាក់ឯណោះ។

        -“វីរុស” រាលដាលឆ្លងប្រទេស
មុនការឆ្លងរាលដាលឆ្លងប្រទេស ប្រហែលជាយើងត្រូវថយត្រឡប់ទៅមើលពីដើមកំណើតនៃវីរុសទាំង2 នេះសិន។ ទាំងកូរ៉ូណា និងសារស៍ សុទ្ធតែចេញមកពីប្រទេសតែមួយជាមួយគ្នា គឺ “ប្រទេសចិន” និងមានប្រភពកំណើតដូចគ្នា គឺចេញពី “ផ្សារលក់អាហារស្រស់” ខុសគ្នាតែត្រង់មិនបានចេញមកពីទីក្រុង និងមណ្ឌលជាមួយគ្នាតែប៉ុណ្ណោះ។ ដោយវីរុសកូរ៉ូណាចេញមកពីទីក្រុងវូហាន មណ្ឌលហ៊ូពេយ ឯសារស៍ ចេញមកពីមណ្ឌលក្វាងទុង។

ពីការដែល “ផ្សារលក់អាហារស្រស់” គឺជាប្រភពកំណើតនៃការឆ្លងរាលដាលរបស់មេរោគកូរ៉ូណា ដែលមានរានលក់សាច់សត្វស្រស់ច្រើនប្រភេទ ទាំងពស់ សំពោច សត្វស្លាប រួមទាំងប្រចៀវផងនោះ បានធ្វើឱ្យរដ្ឋបាលចិនចេញវិធានការតឹងរ៉ឹង ចេញបញ្ជាហាមទូទាំងប្រទេសមិនឱ្យលក់សត្វព្រៃនៅក្នុងផ្សារលក់អាហារស្រស់ ភោជនីយដ្ឋាន និងផ្សារផ្លាតហ្វ៉ម អ៊ី-ខំមើរកស៍(លក់តាមអនឡាញ) រួមទាំងការចេញបញ្ជាបិទទីក្រុង និងផ្អាកការធ្វើគមនាគមន៍ ដឹកជញ្ជូនគ្រប់ប្រព័ន្ធផ្លូវ ដោយសារខ្លាចក្លាយជាប្រភពបណ្ដុះមេរោគ និងធ្វើឱ្យកើតការរាលដាលដែលអាចនឹងធ្ងន់ធ្ងរខ្លាំងឡើងជាងពេលបច្ចុប្បន្ន និងដែលអាចនឹងដូចកាលពីសម័យមេរោគ «សារស៍» ដែលឆ្លងរាលដាលរហូតដល់ទៅ 26ប្រទេសក្នុងរយៈពេលតែ 8ខែ ខណៈដែលវីរុសកូរ៉ូណាកំពុងរាលដាលទៅដល់ 18ប្រទេសក្នុងពិភពលោក(រួមទាំងកម្ពុជាផង)ក្នុងរយៈពេលតែ 1ខែប៉ុណ្ណោះ។

ដោយចំនួនតួលេខប្រទេសដែលបានឆ្លងរាលដាលច្រើនជាងពាក់កណ្ដាលរបស់មេរោគ សារស៍ និងទោះជាមានការទាមទារឱ្យប្រកាស “សភាវគ្រោះថ្នាក់លំដាប់ពិភពលោក” ក្ដី តែអង្គការសុខភាពពិភពលោក(WHO) បែរជាមើលឃើញថា «វាហាក់ដូចជាលឿនពេកក្នុងការប្រកាសបែបនោះ» ទៅវិញ។

        សរុបទៅ តើវីរុសកូរ៉ូណា និងសារស៍ ដូចគ្នាដែរឬទេ?

ចម្លើយ មានទាំង “ដូចគ្នា” និង “ខុសគ្នា”
-ចំណុចដែល “ដូចគ្នា” របស់វីរុសកូរ៉ូណា និងសារស៍ គឺ “ប្រភពបង្កើតមេរោគ”
-និងចំណុចដែល “ខុសគ្នា” របស់វីរុសកូរ៉ូណា និងសារស៍ គឺ “ភ្នាក់ងារចម្លងរោគ”

        យើងនាំគ្នាទៅមើល ម្ដង 1Step
1-សារស៍ ចាប់ផ្ដើមពីសត្វប្រចៀវ ចូលទៅសត្វសំពោច រួចចូលមកមនុស្ស និងអាចចម្លងពីមនុស្សទៅមនុស្សបាន តាមរយៈកម្ទេច ឬលម្អងស្លេស្ម៍ ការប៉ះពាល់ និងការក្អក ឬកណ្ដាស។
2-វីរុសកូរ៉ូណាប្រភេទ2019 ចាប់ផ្ដើមពីសត្វប្រចៀវ ចូលទៅ “ភ្នាក់ងារចម្លងរោគអាថ៌កំបាំង” រួចចូលមកមនុស្ស និងអាចចម្លងពីមនុស្សទៅមនុស្សបាន តាមរយៈកម្ទេច ឬលម្អងស្លេស្ម៍ ការប៉ះពាល់ និងការក្អក ឬកណ្ដាស់។

ក្រៅពីនេះ រឿងមួយទៀតដែលមេរោគទាំង2 ដូចគ្នា នោះគឺ “គ្មានវ៉ាក់សាំងការពារ”។

យុទ្ធនាការបង្ក្រាបវីរុសកូរ៉ូណា មេរៀនដែលចិនរៀនយល់ដឹងពីមេរោគ សារស៍

ក្នុងអំឡុងដើមឆ្នាំ2003 ដែលមេរោគសារស៍មានការឆ្លងរាលដាលយ៉ាងខ្លាំងក្លានោះ ប្រទេសជាច្រើននាំគ្នាខឹងសម្បា និងគិតថា ផលប៉ះពាល់ដែលពិបាកហួសនឹងទប់ស្កាត់ រហូតរាលដាលឆ្លងទៅ 26ប្រទេស មានអ្នកឆ្លងមេរោគជាង 8,000នាក់ និងស្លាប់ជាង 700នាក់នោះ គឺដោយសារតែចិនមានការលាក់បាំងព័ត៌មានអ្វីម្យ៉ាង ទាំងដែលការឆ្លងរាលដាលបានចាប់ផ្ដើមឡើងក្នុងខែវិច្ឆិកា ឆ្នាំ2002 តែចិនបែរជាទើបតែរាយការណ៍ជាសាធារណៈលើកដំបូងនៅក្នុងខែកុម្ភៈ ឆ្នាំ2003។ ស្ថានការណ៍កើតវិបត្តិខ្លាំង មានអ្នកស្លាប់រហូតដល់ 5នាក់រួចទៅហើយ និងឆ្លងមេរោគជាង 300នាក់ក្នុងមណ្ឌលក្វាងទុង។

កន្លងមក នៅចុងឆ្នាំ2019 ចិនមានការផ្លាស់ប្ដូរ ដោយចាប់ផ្ដើមរាយការណ៍ជាសាធារណៈ និងទៅអង្គការសុខភាពពិភពលោកអំពីស្ថានការណ៍ឆ្លងរាលដាលក្នុងអំឡុងពេលដែលទើបតែមានការចាប់ផ្ដើមឆ្លងរាលដាល ដែលទោះជាកន្លងផុតទៅហើយ 3សប្ដាហ៍ក៏ដោយ តែក៏រាប់ថា លឿនជាងកាលពីគ្រាមុន(កាលពីមេរោគសារស៍រាតត្បាត)។

យ៉ាងណាក៏ដោយ ទោះជាមានភាពលឿនរហ័សជាងមុន ទោះជាមានការត្រៀមវិធានការទប់ទល់ ទាំងការបិទទីក្រុង ការប្រកាសប្រាប់ប្រជាជន កាត់កាត់ផ្ដាច់ផ្លូវគមនាគមន៍ និងដឹកជញ្ជូន និងរាយការណ៍ពីបច្ចុប្បន្នភាពចំពោះអន្តរជាតិហើយក៏ដោយ តែក៏នៅតែមានភាពមិនច្បាស់លាស់ និងគួរឱ្យសង្ស័យសម្រាប់ប្រទេសជាច្រើនថា “ចិនអាចនៅមិនទាន់ស្មោះត្រង់ចំពោះការរាយការណ៍ទាំងអស់នៅឡើយ”។

-មេរោគ2 បង្កគ្រោះថ្នាក់ ចិនជប់មន្ទីរពេទ្យឡើងក្នុងរយៈពេល 6ថ្ងៃ

ថ្ងៃសុក្រ ទី24 មករា ឆ្នាំ2020 ចិនគាស់ “សាស៍ ម៉ូដែល” មកប្រើឡើងវិញម្ដងទៀត ដោយការសាងសង់មន្ទីរពេទ្យពិសេសសម្រាប់ទទួលអ្នកជំងឺមេរោគវីរុសកូរ៉ូណាប្រភេទថ្មី2019 ជាពិសេសតែម្ដង។

ផ្ទៃដីជាង 25,000ម៉ែត្រការ៉េ ត្រូវបានជប់និម្មិតជាមន្ទីរពេទ្យទំហំ 1,000គ្រែអ្នកជំងឺ ដោយមានបែបគំរូដើមតាមមន្ទីរពេទ្យ សៀវ ថាំងសាន ដែលសាងឡើងដើម្បីទប់ទល់ការឆ្លងរាលដាលរបស់មេរោគសារស៍ក្នុងឆ្នាំ2003។

កាលពីសម័យមេរោគសារស៍រាតត្បាត ចិនប្រើកម្មករជាង 4,000នាក់ សាងសង់ទាំងយប់ទាំងថ្ងៃ រហូតមន្ទីរពេទ្យកើតចេញជារូបរាងស្រេចបាច់ក្នុងរយៈពេល 7ថ្ងៃ។ ចំណែកក្នុងគ្រា វីរុសកូរ៉ូណានេះ ក៏ដូចគ្នាដែរ រដ្ឋបាលចិនដាក់កំណត់ ត្រូវសាងសង់ឱ្យហើយស្រេចក្នុងរយៈពេល 6ថ្ងៃ ដោយត្រូវត្រៀមឱ្យរួចជាស្រេចសម្រាប់ការប្រើប្រាស់នៅថ្ងៃទី3 កុម្ភៈ ឆ្នាំ2020។

តាមរយៈស្ថានការណ៍ការឆ្លងរាលដាលនៃ វីរុសកូរ៉ូណាប្រភេទថ្មី2019 ដែលកំពុងតែឆាបឆេះខ្លាំងនាពេលនេះ ទោះជាក្នុងកម្រិតពិភពលោកនៅមិនទាន់មានការប្រកាសថាជា “សភាវវិបត្តិដែលគួរឱ្យភ័យបារម្ភ” ក៏ដោយ និងទោះជាមានអត្រាការស្លាប់ដែលទាបជាងកាលមេរោគសារស៍ក៏ដោយ តែដោយការឆ្លងរាលដាលដែលឆាប់រហ័សបែបនេះ វាអាចនឹងមានភាពអាចទៅរួចដែលថា អ្នកឆ្លងមេរោគនឹងកើនឡើងខ្ពស់ដល់ទៅ 250,000 ឬ 350,000នាក់ ដូចដែលមានការវាយតម្លៃ…។

ហើយចាប់ពីពេលនេះទៅ ប្រហែលជាត្រូវតាមសង្កេតបែបមិនដាក់ភ្នែកហើយថា តើចិនអាចគ្រប់គ្រង “វីរុសកូរ៉ួណាប្រភេថ្មី2019” ឱ្យស្ថិតក្នុងរង្វង់កំណត់ និងបញ្ឈប់ការឆ្លងរាលដាលបានក្នុងអំឡុងពេល 8ខែដូចកាលពី មេរោគសារស៍ បានដែរឬទេ? ព្រោះបើសិនជាយូរជាងនេះ ច្បាស់ជាមានផលប៉ះពាល់ដល់ GDP របស់ចិន និងពិភពលោកយ៉ាងពិតប្រាកដ យ៉ាងតិចបំផុតក៏ប្រហែល 1-2%ដែរ៕

ប្រភព ៖ សារព័ត៌មានបរទេស

Advertisement