ការផ្តល់សំណើមដល់ស្បែក បន្ទាប់ពីកោររោមរួច

ការថែរក្សាស្បែកមុខ និងស្បែកដងខ្លួនឱ្យបានត្រឹមត្រូវក្រោយពេលកម្ចាត់រោមហើយ គឺជួយធ្វើឱ្យស្បែករបស់អ្នកមានសភាពស្រស់ស្អាត និងស្បែកមានសុខភាពល្អ។ មិនថាអ្នកកោររោមមុខ រោមដៃ ឬរោមជើងនោះទេ ជាតិសំណើមអាចជួយស្បែករបស់អ្នកឱ្យត្រឡប់មកស្រស់ស្អាតវិញយ៉ាងឆាប់រហ័សបំផុត ហើយវាក៏អាចជួយកាត់បន្ថយអាការរលាកស្បែកផងដែរ។ ដូច្នេះអ្នកគួរតែប្រើសារធាតុផ្តល់សំណើមគ្រប់ពេល ក្រោយពីអ្នកបានកោររោមរួច ហើយប្រសិនបើស្បែករបស់អ្នកងាយនឹងកើតមានប្រតិកម្មទៀតនោះ អ្នកគួរតែប្រើផលិតផលដែលផលិតឡើងសម្រាប់ប្រើនៅក្រោយពេលកោររោមរួច ព្រោះវាមានជាតិសំណើមខ្ពស់លើសធម្មតា ព្រមទាំងអាចជួយព្យាបាលស្បែករបស់អ្នកក្នុងពេលតែមួយថែមទៀតផង។

តើក្រោយពេលកោររោមរួច អ្នកគួរធ្វើដូចម្តេចខ្លះ?
ខាងក្រោមនេះគឺជាវិធីសាស្ត្រដែលអ្នកគួរអនុវត្តយ៉ាងត្រឹមត្រូវ បន្ទាប់ពីកោររោមរួច៖

– ក្រោយពេលកោររោមរួច អ្នកត្រូវលាងសម្អាតជាតិក្រែមដែលអ្នកប្រើក្នុងអំឡុងពេល កោររោមឱ្យអស់ បន្ទាប់មកត្រូវជូតស្បែករបស់អ្នកឱ្យស្ងួតដោយប្រើកន្សែងស្អាត និងទន់ល្អ។

– ធ្វើការម៉ាស្សាស្បែកត្រង់កន្លែងដែលអ្នកកោររោមរួច ដោយប្រើប្រេង ដែលមានជាតិសំណើមខ្ពស់ នៅពេលដែលស្បែករបស់អ្នកនៅសើមតិចៗ។ បន្ទាប់មកត្រូវលាងប្រេងនោះចេញដោយប្រើចុងម្រាមដៃ រួចត្រដុសថ្នមៗដោយមិនត្រូវទាញ ឬសង្កត់នៅលើស្បែកខ្លាំងពេកនោះទេ។ ការប្រើប្រេងផ្តល់សំណើមក្រោយពេលកោររោមរួច គឺដើម្បីផ្តល់នូវជាតិសំណើម ដែលមានសារសំខាន់ចំពោះស្បែក និងជួយព្យាបាលការរលាករោលនៅលើស្បែក ត្រង់កន្លែងដែលកោររួចនោះឱ្យមានសភាពល្អប្រសើរឡើងវិញឆាប់រហ័ស។

– អ្នកគួរប្រើប្រេងដែលមិនមានក្លិន ដើម្បីលាបនៅលើស្បែកមុខ ស្បែកដៃ ស្បែកនៅបរិវេណជើង និងក្លៀករបស់អ្នក បន្ទាប់ពីធ្វើការកោររោមរួច ព្រោះការប្រើជាតិសំណើមដែលមានក្លិននៅលើស្បែក អាចធ្វើឱ្យស្បែករបស់អ្នករោល និងធ្វើឱ្យស្បែករស់អ្នកកើតមានសភាពរលោកក្រហម ឬកន្ទួលជាដើម។

– ម៉ាសផ្សំពីទឹកឃ្មុំ និងអំបិលសម្រាប់បំបាត់មុននៅលើផ្ទៃមុខ (ស័ក្តិសមសម្រាប់ស្បែកមុខ) ក៏អាចជួយព្យាបាលមុន និងអាការរលាកនៅលើស្បែកក្រោយពេលកោររោមរួចផងដែរ ដោយមិនធ្វើឱ្យកើតមានស្លាកស្នាមថែមទៀតផង។ វិធីនេះមិនត្រឹមតែចំណាយថវិកាអស់តិចនោះទេ ថែមទាំងមិនប៉ះពាល់ដល់សុខភាពស្បែកថែមទៀតផង ព្រោះវាជាផលិតផលធម្មជាតិសុទ្ធសាធ។ ការបង្កើតផលិតផលព្យាបាលស្បែកដោយខ្លួនឯងគឺជាវិធីដ៏ល្អមួយ និងអាចគេចផុតពីការប្រើប្រាស់សារធាតុគីមី ដែលអាចបង្កគ្រោះថ្នាក់ដល់ស្បែករបស់អ្នកទៀតផង។ ម៉ាសផ្សំពីទឹកឃ្មុំ និងអំបិល គឺស័ក្តិសមជាមួយនឹងស្បែកដែលសម្បូរជាតិប្រេង ដែលងាយនឹងកើតមុនតែម្តង។ ប្រសិនជាអ្នកមានស្បែកប្រភេទស្ងួត ឬស្បែកឆាប់មានប្រតិកម្ម ការប្រើម៉ាសប្រភេទនេះអាចធ្វើឱ្យស្បែករបស់អ្នកកាន់តែស្ងួតខ្លាំងឡើង ហើយធ្វើឱ្យស្បែកមុខរបស់អ្នកឡើងក្រហមទៀតផង ដូច្នេះអ្នកមិនគួរប្រើវិធីនេះ ដើម្បីព្យាបាលស្បែករបស់អ្នកក្រោយពេលកោររោមហើយនោះទេ ព្រោះជាតិអំបិលគឺអាចបំផ្លាញស្បែកស្ងួតរបស់អ្នកបានយ៉ាងងាយ។

អ្នកត្រូវយកអំបិលមួយស្លាបព្រាកាហ្វេចាក់ចូលក្នុងចានគោមមួយ បន្ទាប់មកអ្នកត្រូវរំលាយអំបិលនោះជាមួយនឹងទឹកក្តៅក្នុងបរិមាណ3ស្លាបព្រាកាហ្វេ។ រួចកូររហូតដល់អំបិលរលាយអស់ ក្រោយមកអ្នកត្រូវវាល់ទឹកឃ្មុំចំណុះ3ស្លាបព្រាកាហ្វេ ចាក់ចូលទៅក្នុងទឹកអំបិលនោះ ហើយកូរចូលគ្នាឱ្យសព្វល្អជាការស្រេច។

នៅពេលលាប ឬអនុវត្ត អ្នកត្រូវលាងមុខរបស់អ្នកឱ្យស្អាតជាមុនសិន រួចជូតសម្អាតផ្ទៃមុខរបស់អ្នកថ្នមៗ ដោយមិនចាំបាច់ជូតមុខឱ្យស្ងួតពេកនោះទេ ហើយសឹមយកម្រាមដៃរបស់អ្នកជ្រលក់នៅក្នុងល្បាយទឹកឃ្មុំ និងទឹកអំបិលនោះ យកមកលាបនៅលើផ្ទៃមុខរបស់អ្នកមួយជាន់ រួចលាបមួយជាន់ពីលើទៀតត្រង់កន្លែងដែលកោររោមរួច ឬកន្លែងដែលមានមុន រួចទុកចោលរយៈពេល15នាទី។ ក្រោយមកត្រូវលាងមុខរបស់អ្នកចេញ ជាមួយនឹងទឹកក្តៅឧណ្ហៗ រួចជូតដោយកន្សែងពោះគោទន់ស្អាត។ នៅពេលលាងសម្អាតផ្ទៃមុខរបស់អ្នក អ្នកត្រូវប្រើដៃថ្នមៗ ហើយត្រូវលាងជម្រះឱ្យបានស្អាតល្អហ្មត់ហ្មង ដោយធានាថាមិនមានបន្សល់លាយទឹកឃ្មុំ និងអំបិលនៅលើផ្ទៃមុខរបស់អ្នក។

ចំណុចគួរចងចាំ
– មិនត្រូវលាបល្បាយនេះនៅជិតប្រឡោះភ្នែក ច្រមុះ និងមាត់របស់អ្នកនោះទេ។
– មិនត្រូវលាបល្បាយនេះនៅកន្លែងដែលមានរបួស ស្នាមរលាត់ស្បែក ឬក្រម៉ដំបៅឡើយ។
– ប្រើល្បាយនេះច្រើនបំផុត1 ឬ2ដងក្នុង1សប្តាហ៍បានហើយ។
– ក្រោយពេលលាងសម្អាតស្បែករួច អ្នកត្រូវលាបសារធាតុផ្តល់សំណើមនៅលើផ្ទៃមុខរបស់អ្នកផង៕

Advertisement