គន្លឹះគួរចៀសវាង ដើម្បីបបូរមាត់មានសុខភាពល្អ

ក្រែមលាបបបូរមាត់ អាចនិយាយបានថាជាឧបករណ៍សំខាន់មួយសម្រាប់ផ្លាស់ប្ដូរភាពស្រស់ស្អាតរបស់នារីៗ និង​បន្ថែម​ទំនុកចិត្តលើភាពស្រស់សោភារបស់នារីៗយើង។ នៅពេលមានម៉ូដក្រែមដែលចេញមកថ្មី ជឿថា ស្រីៗយើងមិន​ដែល​រំលង​ឡើយ តែងតែព្យាយាមតាម និង Update ដើម្បីភាពស្រស់ស្អាតនៃបបូរមាត់គ្រប់ពេលវេលា។ តើមានអ្នកណាធ្លាប់ដឹងទេថា អ្នក​អាចនឹងចាញ់គ្រឿង​លាបបបូរមាត់ដែលទើបតែចេញថ្មីទាំងនោះ? ថ្ងៃនេះ ទស្សនាវដ្តី ឡារ៉ែន លើយកអត្ថបទមួយ​មកជម្រាបជូន​ពីវិធីថែរក្សាបបូរមាត់ឱ្យមានភាពស្រស់ស្អាត និងមិនមានគ្រោះថ្នាក់អាក្រក់ដល់សុខភាពបបូរមាត់ ដូច្នេះសូមតាមដានដូចតទៅ។

ក្រុមមនុស្សដែលចាញ់ក្រែមលាបបបូរមាត់ និងមានអាការផ្សេងៗពីគ្នាបង្ហាញចេញមកហើយស្ថិតនៅលើថា តើអ្នក​ចាញ់​ក្រែមលាបបបូរមាត់កម្រិតណា។ ប្រសិនបើចាញ់តែបន្ដិចបន្តួច នោះនឹងមានអាការរោលត្រឹមតែរឹមបបូរមាត់តែប៉ុណ្ណោះ ធ្វើ​ឱ្យមាត់ស្ងួត និងរមាសក្រហាយឈួលៗជាដើម។ ចំពោះអ្នកដែលមានអាការចាញ់ខ្លាំង នោះរឹមបបូរនឹងចាប់ផ្ដើមរលាកហើម និង​ធ្វើឱ្យពិបាកដកដង្ហើម។ ខណៈដែលនារីៗយើង បានដឹងពីអាការដូចពោលពីខាងលើ អ្នកគួរតែបញ្ឈប់ការប្រើប្រាស់​ក្រែមលាប​បបូរមាត់ម៉ាកនោះជាបន្ទាន់ ដើម្បីការពារមិនឱ្យកើតមានអាការចាញ់ និងគ្រោះថ្នាក់កាន់តែខ្លាំងឡើងចំពោះបបូរមាត់ និងសុខភាព​រាងកាយរបស់អ្នក។

គន្លឹះក្នុងការថែរក្សា និងចៀសវាងពីគ្រោះថ្នាក់អាក្រក់ចំពោះបបូរមាត់មានដូចជា ៖
1. ចៀសវាងប្រើប្រាស់ក្រែមលាបបបូរមាត់ដែលផ្សំឡើងពីសារធាតុគីមី ដែលមានក្លិនក្រអូបដូចជាទឹកអប់ ព្រោះវា​ជា​មូលហេតុមួយដែលធ្វើឱ្យកើតមានអាការចាញ់ ហើយអ្នកគួរតែផ្លាស់ប្ដូរទៅប្រើក្រែមដែលមានក្លិន និងពណ៌ស្រាល ព្រោះថាវាមានសាធាតុគីមីតិចជាង។

2. នៅពេលដែលអ្នកមានអារម្មណ៍ថា បបូរមាត់របស់អ្នកឡើងស្ងួត ប្រេះ របក ឬរលាត់នោះ សូមកុំលិឍរឹមបបូរមាត់ឱ្យសោះ ព្រោះវាអាចបណ្ដាលឱ្យបបូរមាត់របស់អ្នកកាន់តែស្ងួតឡើង និងងាយរបក ព្រមទាំងឆាប់ខ្មៅបបូរមាត់កាន់តែខ្លាំងជាងមុនទៅទៀត។

3. ទទួលទានទឹកឱ្យបានគ្រប់គ្រាន់ ព្រោះសារធាតុទឹកនឹងរត់ទៅជួយបំពេញភាពស្ងួតឱ្យត្រឡប់ទៅជាមានសំណើម​ឡើងវិញ និងមិនធ្វើឱ្យបបូរមាត់ប្រះទៀតផង។

4. លាបក្រែមព្យាបាលបបូរមាត់ ដែលមានការណែនាំពីគ្រូពេទ្យជំនាញ និងត្រូវបញ្ឈប់ការ​ប្រើប្រាស់​ក្រែមដែលធ្វើឱ្យ​មានការប្រតិកម្មចំពោះស្បែកបបូរមាត់។ វិធីណែនាំដ៏ល្អបំផុតគឺប្រើក្រែមលាបបបូរមាត់ដែលមិនមានពណ៌ និង​មិន​មានក្លិន ព្រោះវាមានសារធាតុគីមីមិនច្រើន។

5. ថែរក្សាអនាម័យបបូរមាត់ និងប្រើប្រាស់ថ្នាំតាមវេជ្ជបញ្ជា ដើម្បីធ្វើការព្យាបាលបបូរមាត់ឱ្យបានទៀងទាត់។

6. ប្រញាប់ទៅជួបគ្រូពេទ្យជំនាញជាបន្ទាប់បើអ្នកសង្ស័យថា មានអាការចាញ់ក្រែមលាបបបូរមាត់ ដោយមិន​បង្អែបង្អង់ទុកយូរ៕

Advertisement