ប្រកាសអាសន្ន! គ្រោះថ្នាក់​ពី​ការ​សាក់​លើ​ស្បែក

ការ​សាក់​ស្បែក​ទៅតាម​ភាព​ពេញនិយម ឬ​តាម​អ​បិ​យ​ជំនឿ​របស់​បុគ្គល រមែង​ទទួលបាន​ផល​ល្អ និង​ផល​អាក្រក់​ដែល​អាច​កើតឡើង។ ដូច្នេះ​សូម​មក​ស្វែងយល់​ពី​គ្រោះថ្នាក់​អាក្រក់ ដែល​កើតឡើង​ពី​ការចាក់​សាក់ ដែលមាន​ដូចជា អាច​ឆ្លង​មេរោគ​រលាក​ថ្លើម​ប្រភេទ​B ជំងឺឃ្លង់ និង​ជំងឺអេដស៍​ជាដើម តែបើ​ចង់​កាន់តែច្បាស់​ទៀត​នោះ​សូម​តាមដាន​ជាមួយនឹង​អត្ថបទ​លម្អិត​ដូចខាងក្រោម​នេះ ៖

លោកគ្រូ​ពេទ្យ​ជំនាញ​ខាង​សុខភាព​ស្បែក​បាន​ប្រាប់​ឱ្យដឹងថា ការ​សាក់​ស្បែក​ជា​រូបភាព ឬ​ជា​ខ្សែ​គូសវាស​ដែល​មើលទៅ​មាន​ក្បាច់​ស្រស់ស្អាត​ដូចជា រូប​ខ្លា រូប​ផ្កា រូប​អា​ថ័​ន​អាគម ដែល​កំពុង​តែមាន​ភាព​ពេញនិយម ហើយ​មាន​សាក់​ពណ៌​ខ្មៅ លើកលែងតែ​សាក់​រូបភាពផ្សេងៗដែលមាន​ពណ៌​ចម្រុះ​ដូចជា ពណ៌​ខៀវ ក្រហម លឿង បៃតង ដើម្បី​ឱ្យមាន​ភាពស្រស់ស្អាត​នៅក្នុង​ការ​សាក់។ ការ​សាក់​ស្បែក​អាចធ្វើឱ្យ​ឆ្លង​នូវ​វីរុស​រោគផ្សេងៗដែល​គួរតែ​ប្រយ័ត្ន​ឱ្យ​មែនទែនព្រោះ​គ្រោះថ្នាក់​ដែល​បង្កដោយ​ទឹក​ថ្នាំ​ពណ៌​ដែល​យកមក​សាក់​នៅលើ​ស្បែក នឹងធ្វើ​ឱ្យ​ស្បែ​កកើតមានការ​ប្រតិកម្ម បណ្ដាលឱ្យ​ស្បែក​ឡើង​អាលែកហ្ស៊ី ហើយ​មាន​កន្ទួល​ពងក្រហមៗនៅលើ​ស្បែក។ លើសពីនេះទៅទៀត វា​ក៏បង្ក​ឱ្យមាន​ភាព​រមាស់​នៅ​នឹង​ស្បែក​ក្បែរ​កន្លែង​ដែលមាន​ស្នាម​សាក់ប្រសិនបើ​មិនបាន​ព្យាបាល ឬ​បើ​នៅតែ​បណ្ដែតបណ្ដោយ​យូរ អាចធ្វើឱ្យ​ស្បែ​ករោល​កាន់តែខ្លាំង​ឡើង​បាន។

ក្រៅពីនេះ ខណៈពេលដែល​ស្បែក​ត្រូវ​កម្ដៅថ្ងៃ​ក្នុង​រយៈពេល​យូរ ឬ​ជា​ញឹកញយ អាច​បណ្ដាលឱ្យ​អ្នក​កើតមាន​បញ្ហា​ស្បែក​ដូចជា កើត​ភ្លឺ ដែល​អាច​មើលឃើញថា ស្បែ​កកើត​មាន​ស្នាមសៗភ្លឺ​នៅត្រង់​បរិវេណ​មាន​ស្នាម​សាក់ និង​ការចាក់​សាក់​ស្បែក បាន​ហុច​ផល​អាក្រក់​ដូចជា ការឆ្លង​មេរោគ​រលាក​ថ្លើម​ប្រភេទ​B រោគរបេង រោគ​ឃ្លង់ និង​ឆ្លង​ជំងឺអេដស៍​ជាដើម ដោយសារតែ​ការប្រើ​ម្ជុល​សាក់​ដែល​មិនមាន​អនាម័យ មិនបាន​ឆ្លងកាត់​ការសម្លាប់​មេរោគ​ត្រឹមត្រូវ ឬ​ការប្រើប្រាស់​ម្ជុល​សាក់​រួមគ្នា​ជាដើម។

លោកគ្រូ​ពេទ្យ​ជំនាញ​ខាង​សុខភាព​ស្បែក​ក៏បាន​បញ្ជាក់​បន្ថែមទៀត​ថា មុនពេល​សម្រេចចិត្ត​ចាក់​សាក់​នៅលើ​ស្បែក អ្នក​គួរតែ​ពិចារណា​ចំពោះ​ផល​ល្អ និង​ផល​អាក្រក់ ដែល​អាច​កើតឡើង​ពី​ការចាក់​សាក់​ដូច​ពោល​ខាងលើ​ជាមុនសិន ហើយ​ត្រូវ​ស្វែងរក​ព័ត៌មាន​លម្អិត​ពី​កន្លែង​ចាក់​សាក់​ដែលមាន​អនាម័យ​ត្រឹមត្រូវ និង​មាន​ជំនាញ​ច្បាស់លាស់ រួមមាន​បច្ចេកទេស​ច្បាស់លាស់​ដែល​អាច​ទុកចិត្តបាន​មុនពេល​ធ្វើការ​សាក់ព្រោះថា នៅពេលដែល​អ្នក​សាក់​នៅ​លើ​ស្បែក​ហើយ​នោះ ហើយ​បើ​អ្នកមាន​អារម្មណ៍​ចង់​លុប​សាក់ ឬ​មិន​ចូលចិត្ត​រូបសាក់​ដែល​បាន​សាក់​រួច​នោះ គឺ​នាំឱ្យមាន​បញ្ហា ឬ​ពិបាក​សាក់​ម្តង​ហើយ​សាក់​ម្តងទៀត នាំឱ្យ​ឈឺ​សាច់​ច្រើនដង ឬ​អាចមាន​បញ្ហា​ដល់​សុខភាព​ស្បែក និង​សុខភាព​រាងកាយ​ទៀត​ក៏​អាច​ថា​បានដែរ។ ស្បែក​ដែល​បាន​សាក់​រួច​ហើយ មិនអាច​ត្រឡប់មក​មាន​សភាព​ដើម​វិញ​បានទេ ដូច្នេះ​អ្នក​គួរតែ​ថែរក្សា​ស្បែក​ឱ្យបាន​ល្អ​ទើប​ជា​រឿង​ត្រឹមត្រូវ។ អ្នក​គប្បី​ទៅ​ពិនិត្យ​សុខភាព​ស្បែក​ឱ្យបាន​ច្រើនដង​ទើប​ល្អ ព្រោះ​ការ​លុប​ស្នាម​សាក់​នៅលើ​ស្បែក​ដោយ​កាំរស្មីឡាស៊ែរ ក៏​អាច​បង្កឱ្យមាន​ផ្លែ​សាច់ ដែល​ត្រូវបាន​ហៅថា“Keloid” ជា​ផ្លែ​សាច់​ដែលមាន​ដំបៅ ហើយ​ត្រូវ​ចំណាយពេល​ព្យាបាល និង​ចំណាយ​អស់​ថវិកា​កាន់​តែច្រើន​ថែមទៀត​ផងដែរ ឬអាចមានបញ្ហារហូតឈានដល់ការកើតមានជំងឺមហារីកស្បែកថែមទៀតផង៕

Advertisement