4សញ្ញាគ្រោះថ្នាក់នៃអាការ “បេះដូងគាំងភ្លាមៗ”

ទោះជាជំងឺមហារីក ជំងឺទឹកនោមផ្អែម ជំងឺថ្លើម ឬជំងឺក្រលៀន គឺជាជំងឺដ៏គួរឱ្យភ័យខ្លាចមែនក៏ដោយ តែមិនអាចប្រៀបធៀបជាមួយនឹងអាការ “បេះដូងគាំងភ្លាមៗ” បានឡើយ… ដែលមិនអាចប្រៀបបាននោះគឺ រយៈពេលដែលបង្ហាញអាការព្រោះភាគច្រើនមនុស្សទាំងឡាយច្រើនតែមិនបានដឹងខ្លួនមុនឡើយថា កំពុងតែកើតជំងឺបេះដូង ទើបមិនដឹងថា ខ្លួនកំពុងមានភាពប្រថុយប្រថានក្នុងការកើតអាការគាំងបេះដូងភ្លាមៗ ដូច្នេះទើបមិនមានការត្រៀមខ្លួនអ្វីទាំងអស់ ហើយមានពេលត្រឹមតែមិនប៉ុន្មាននាទីប៉ុណ្ណោះមុននឹងទៅដល់ដៃគ្រូពេទ្យ ធ្វើឱ្យឱកាសរស់រានមានជីវិតពីសភាវគាំងបេះដូងភ្លាមៗនេះមានតិចបំផុត។ ដូច្នេះថ្ងៃនេះទំព័រសុខភាពរបស់ទស្សនាវដ្ដី ឡារ៉ែន សូមនាំយកវិធីសង្កេតមើលបែបងាយៗថា តើខ្លួនអ្នក ឬអ្នកនៅជុំវិញខ្លួនអ្នកកំពុងស្ថិតក្នុងសភាវគាំងបេះដូងភ្លាមៗឬ​ទេ​? ព្រោះមិនថាខ្លួនអ្នក ឬអ្នកណាក៏ដោយសុទ្ធតែមានភាពប្រថុយប្រថានក្នុងការកើតអាការនេះទាំងអស់។

គោលការណ៍ងាយៗ ចូរនឹកដល់ពាក្យថា F A S T ជាប់ជានិច្ច
F = Face
ចង្វែកមាត់ម្ខាងនឹងធ្លាក់ចុះ(មើលទៅឃើញដូចរាងពេបមាត់ម្ខាង)ដោយមិនដឹងមូលហេតុ និងមិនអាចបញ្ជាឱ្យចង្វែកមាត់ត្រឡប់មកដូចដើមវិញបាន។

A = Arms
មិនអាចលើកដៃឡើងបានដំណាលគ្នាទាំងសងខាង ឬមិនអាចលើកដៃម្ខាងណាឡើងបាន។

S = Speech
វិធីការនិយាយ ការបញ្ចេញសំឡេងប្រែ-ប្រួល។ សុខៗ ក៏ចាប់ផ្ដើមនិយាយលែងច្បាស់ និយាយយឺតៗ ខុសទម្លាប់ ស្ដាប់មិនយល់។

T = Tongue
អណ្ដាតឡើងរឹង ឬអណ្ដាតអាចនឹងឡើងរមួល ដោយរាងកាយមិនអាចបញ្ជាទិសដៅរបស់អណ្ដាតបានឡើយ។

8 អាការដែលប្រថុយនឹងការ “គាំងបេះដូងភ្លាមៗ”
1. ញ័រដើមទ្រូង: បេះដូងលោតញាប់ មិនទៀងទាត់ ពេលខ្លះអាចមានអាការហត់ដង្ហក់រកកល់ខ្យល់គ។

2. ឆាប់ហត់: នៅក្នុងសភាពពិតវិញ អាការឆាប់ហត់ក៏មានច្រើនមូលហេតុដែរ តែក៏ជាអាការមួយក្នុងចំណោមអាការរបស់ជំងឺបេះដូងដូចគ្នា។ ជាអាការហត់ក្នុងលក្ខណៈឆាប់រហ័ស ដកដង្ហើមលឿន ពេលខ្លះដង្ហក់ស្ទើរតែនិយាយមិនកើត។ ត្រូវសង្កេតមើលផងថា តើមានសំឡេងខណៈពេលដកដង្ហើមដែរឬទេ?។ បើមានអាការឆាប់ហត់ជាប់ជាប្រចាំ គឺចូលក្នុងសញ្ញាប្រថុយនឹងជំងឺបេះដូងហើយ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យដើម្បីធ្វើការពិនិត្យវិនិច្ឆ័យ និងរកវិធីព្យាបាលតទៅ។

3. ហើមជើង: នៅពេលការបឺតបាញ់ឈាមរបស់បេះដូងដំណើរការមិនល្អ ក៏អាចធ្វើឱ្យកើតអាការហើមជើងខុសប្រក្រតី ដែលពេលខ្លះក៏មិនដឹងពីមូលហេតុដែរ។

4. ចុកណែនក្នុងដើមទ្រូង: អាការចុកដើមទ្រូង ឬណែនដើមទ្រូងនេះ មនុស្សជាច្រើនអាចច្រឡំនឹងជំងឺទឹកអាស៊ីតក្នុងក្រពះហូរបញ្រ្ចាស់ ដោយសារតែពេលខ្លះក៏អាចមានអារម្មណ៍ថាឈឺចុក ឬចុករាលទៅដល់ដើមដៃបានដូចគ្នា។ លក្ខណៈរបស់ការចុកនឹងប្រៀបដូចមានអ្វីមកសង្កត់ពីលើដើមទ្រូង ដូច្នេះត្រូវចេះសង្កេត និងញែកអាការឱ្យបានត្រឹមត្រូវ។

5. ងងឹតមុខ វិល និងខ្យល់គរញឹកញាប់: ដោយសារតែបេះដូងមានការឈប់ដំណើរការ ទើបធ្វើឱ្យបាត់ស្មារតីមួយខណៈពេល។ បើកើតអាការបែបនេះញឹកញាប់ មិនគួរបណ្ដោយឡើយ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យភ្លាមៗ។

6. ភ្ញាក់នៅពេលអធ្រាត្រ ព្រោះពិបាកដកដង្ហើម: ជួនកាលយើងក៏ត្រូវការខ្យល់ដកដង្ហើមច្រើនជាងប្រក្រតីដែរ ទើបធ្វើឱ្យគេងមិនបាន ជាហេតុធ្វើឱ្យត្រូវភ្ញាក់ឡើងនៅពេលយប់ជ្រៅដើម្បីដកដង្ហើម ឬក្អកឱ្យមានអារម្មណ៍ថាធូរស្រាលឡើង។

7. ពេលគេងផ្ងារហើយពិបាកដកដង្ហើម: ​គ្រប់ពេលដែលទម្លាក់ខ្លួនគេងរាបស្មើ ឬគេងផ្ងារ ច្រើនតែពិបាកដកដង្ហើម ឬមានអារម្មណ៍ណែនថប់រហូតដកដង្ហើមមិនប្រក្រតី។

8. ចូលចិត្តចូលបន្ទប់ទឹកកណ្ដាលយប់: បើភ្ញាក់ឡើងចូលបន្ទប់ទឹកនៅពេលយប់ជ្រៅដែលមិនមែនត្រឹមតែបត់ជើងតូច តែនៅមានអាការផ្សេងរួមជាមួយផងនោះ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យដើម្បីពិនិត្យពីមូលហេតុនេះហើយ។

វិធីជួយសង្រ្គោះអ្នកដែលអាចធ្លាក់ក្នុងសភាវគាំងបេះដូងភ្លាមៗ
នៅពេលជារឿងដែលពាក់ព័ន្ធជាមួយបេះដូង“ភាពលឿនរហ័ស” គឺជារឿងសំខាន់។ ដំបូងគេអ្នកគួរប្រញាប់ប្រាប់ទៅបុគ្គលិកមន្ទីរពេទ្យ ឬអង្គភាពសង្រ្គោះបន្ទាន់ ឬហៅរថយន្តសង្គ្រោះដែលនៅជិតបំផុត ដើម្បីដឹកជនរងគ្រោះទៅមន្ទីរពេទ្យឱ្យបានលឿន​បំផុត។ ក្នុងអំឡុងរង់ចាំការជួយសង្គ្រោះ គួរឱ្យជនរងគ្រោះគេងផ្ងារ បែរមុខទៅម្ខាង(ខាងណាក៏បាន) និងសង្កេតមើលអាការជាដំណាក់ៗ បើចាប់ផ្ដើមមានអាការបេះដូងលែងដើរហើយ ត្រូវប្រញាប់ធ្វើការជួយសង្គ្រោះដោយចលនា CPR ជាបន្ទាន់។

វិធីការពារសភាវគាំងបេះដូងភ្លាមៗ
មនុស្សជាច្រើនមានក្ដីប្រហែសក្នុងជីវិត មិនចូលទៅទទួលការពិនិត្យរាងកាយប្រចាំឆ្នាំឡើយព្រោះយល់ថា រាងកាយនៅមាំទាំល្អ គ្មានជំងឺដង្កាត់អ្វីឡើយ ហើយថែមទាំងហាត់ប្រាណជាប្រចាំទៀតផង តែជំងឺនេះក៏មិនមែនថាមិនដែលបង្ហាញសញ្ញាដាស់តឿនមុននោះឡើយ ព្រោះបើអ្នកមានអារម្មណ៍ថាឈឺចុក ឬណែនដើមទ្រូងខណៈពេលហាត់ប្រាណ ដើរ ឬរត់ឡើងជណ្ដើរច្រើនជាន់ រាំរែក ឬចាប់ផ្ដើមធ្វើកិច្ចការណាធ្ងន់ៗនោះគឺមានន័យថា អ្នកចាប់ផ្ដើមមានសុខភាពបេះដូងលែងមាំទាំហើយ ដូច្នេះគួរប្រញាប់ចូលទៅទទួលយកការត្រួតពិនិត្យបេះដូងជាបន្ទាន់។ ក្រៅពីនេះ រឿងអាហារការហូបចុកក៏សំខាន់ដែរ ព្រោះបើទទួលទានអាហារដែលបង្កឱ្យកើតមានខ្លាញ់ញ៉ុកណែនក្នុងសរសៃឈាមច្រើនជ្រុលពេក ដូចជា សាច់ជាប់ខ្លាញ់ អាហារដុតអាំងរួមទាំងនំបង្អែមដែលផ្អែមខ្លាំងផ្សេងៗនោះ វាក៏ជាមូលហេតុដែលបង្កើនភាពប្រថុយប្រថានក្នុងការកើតអាការគាំងបេះដូងទាន់ហន់បានដូចគ្នា៕

Advertisement